អន្តរជាតិ
នយោបាយអន្តរជាតិ
WHO អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ក្រោយមានការចម្លងជំងឺអុតស្វាលើសត្វឆ្កែ គ្រូពេទ្យពិនិត្យអ្នកជំងឺអុតស្វាម្នាក់នៅទីក្រុងលីម៉ា។ រូបថត AFP
×
ដោយ៖ ហ៊ួយ ស៊ីវលី
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៧ ខែសីហា អំពាវនាវឱ្យអ្នកដែលកើតជំងឺអុតស្វាជៀសវាងមានទំនាក់ទំនងជាមួយសត្វចិញ្ចឹម។ ការអំពាវនាវនេះ ធ្វើឡើងក្រោយមានការរាយការណ៍ពីករណីឆ្លងជំងឺនេះលើសត្វឆ្កែមួយក្បាល ដែលនេះជាករណីលើកដំបូងនៃការចម្លងជំងឺអុតស្វាពីមនុស្សទៅសត្វ។
ករណីចម្លងជំងឺអុតស្វាពីមនុស្សទៅសត្វ ត្រូវបានចុះក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃទី១០ ខែសីហា។ នេះជាករណីចម្លងជំងឺអុតស្វាពីមនុស្សទៅឆ្កែជាលើកដំបូង ដែលកើតនៅទីក្រុងប៉ារីស។ បុរសពីរនាក់នៅទីក្រុងប៉ារីសដែលរស់នៅជាមួយគ្នា ឆ្លងជំងឺអុតស្វានៅដើមខែមិថុនា។ ដប់ពីរថ្ងៃបន្ទាប់ពីពួកគេមានរោគសញ្ញា ឆ្កែរបស់ពួកគេដែលមានអាយុ៤ឆ្នាំ ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាផងដែរ។
ទាក់ទងនឹងករណីនេះ អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់ជំងឺអុតស្វា លោកស្រី Rosamund Lewis បានប្រាប់អ្នកយកព័ត៌មានថា កាលពីមុនមានតែការឆ្លងមេរោគពីសត្វទៅមនុស្សប៉ុណ្ណោះដែលត្រូវបានរាយការណ៍។ ប៉ុន្តែនេះគឺជាករណីដំបូងហើយ ដែលអ្នកជំនាញកំពុងសិក្សាអំពីការចម្លងពីមនុស្សទៅសត្វ។
យ៉ាងណាមិញ លោកស្រីសង្កត់ធ្ងន់ថា នេះជាព័ត៌មានថ្មី បុន្តែវាមិនមែនជាព័ត៌មានដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ហើយវាក៏ជាអ្វីដែលត្រូវប្រុងប្រយ័ត្នផងដែរ។ លោកស្រីក៏បានអំពាវនាវឱ្យម្ចាស់សត្វចិញ្ចឹម គួរតែនៅដាច់ដោយឡែកពីសមាជិកគ្រួសារដែលឆ្លង។ លោកស្រីបន្ថែមថា ការគ្រប់គ្រងកាកសំណល់របស់អ្នកជំងឺគឺមានសារសំខាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងមេរោគទៅសត្វដទៃទៀតនៅខាងក្រៅផ្ទះផងដែរ។
សូមបញ្ជាក់ថា ជំងឺអុតស្វា ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅក្នុងសត្វស្វា ហើយត្រូវបានរក្សាទុកសម្រាប់ស្រាវជ្រាវនៅដាណឺម៉ាកក្នុងឆ្នាំ១៩៥៨។ ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ និងមានការរីករាលដាលចាប់តាំងពីពេលនោះមក ដែលភាគច្រើនត្រូវបានរកឃើញនៅបណ្តាប្រទេសមួយចំនួនដូចជានៅអាហ្វ្រិកខាងលិច និងកណ្តាលជាដើម។
មកទល់ពេលនេះ នៅទូទាំងពិភពលោកមានករណីឆ្លងជំងឺអុតស្វាជាង៣៥,០០០ករណី ត្រូវបានបញ្ជាក់ចាប់តាំងពីដើមឆ្នាំ២០២២មក នៅក្នុងប្រទេសចំនួន៩២ ហើយមនុស្ស១២នាក់បានស្លាប់។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com