អន្តរជាតិ
អាម៉េរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធា៧៧៥លានដុល្លារទៀតឱ្យអ៊ុយក្រែន ដ្រូន Scan Eagle របស់កងទ័ពអាម៉េរិក។ រូបថត AFP
× អាម៉េរិក បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាទំហំ៧៧៥លានដុល្លារទៀតដល់អ៊ុយក្រែន ដែលជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ក្នុងការជួយទីក្រុងកៀវទប់ទល់ប្រតិបត្តិការសឹករបស់កងទ័ពរុស្ស៊ីដល់ទីបញ្ចប់។
ក្នុងសេចក្ដីប្រកាសថ្ងៃទី១៩ ខែសីហា រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បញ្ជាក់ថា ជំនួយយោធាដែលត្រូវដកចេញពីឃ្លាំងមន្ទីរបញ្ចកោណរួមមានគ្រាប់កាំភ្លើង អាវុធ និងគ្រឿងបរិក្ខារជាច្រើនមុខ។
«ប្រធានាធិបតី ចូ បៃឌិន បញ្ជាក់ច្បាស់ហើយថា យើងនឹងបន្តគាំទ្រប្រជាជនអ៊ុយក្រែនក្នុងការការពារប្រទេសរបស់ពួកគេពីការឈ្លានពានរបស់រុស្ស៊ីមិនថាយូរប៉ុនណាឡើយ។» ប្រមុខការទូតអាម៉េរិកលើកឡើងបែបនេះ មុនបន្តថា បូកទាំងលើកនេះទៀត ជំនួយសន្តិសុខដែលអាម៉េរិកឱ្យអ៊ុយក្រែនមានដល់១០,៦ពាន់លានដុល្លារហើយ។
បើតាមលោក ប្លីងខិន ជំនួយរបស់អាម៉េរិក ត្រូវបានរៀបចំយ៉ាងគត់មត់សំដៅពង្រឹងសមត្ថភាពកងទ័ពអ៊ុយក្រែនក្នុងការប្រយុទ្ធ និងសមត្ថភាពលើតុចរចាផងដែរ។
ទាក់ទងប្រភេទអាវុធដែលត្រូវបញ្ជូនទៅសមរភូមិអ៊ុយក្រែន មន្រ្តីមន្ទីរបញ្ចកោណអះអាងថា អាម៉េរិកនឹងបញ្ជូនរថយន្តដែលអាចទប់ទល់មីនបានជាលើកដំបូងផងដែរ។ ក្រៅពីនោះ អាម៉េរិកក៏បញ្ជូនដូនស៊ើបការណ៍ Scan Eagle ១៥គ្រឿង មីស៊ីល Javelin ១០០០គ្រាប់ និងរថយន្តការពារ៤០គ្រឿង។ ដ្រូន Scan Eagle មានទំហំតូច ដែលអាចហោះក្នុងសមរភូមិបានស្រួល និងផ្ដល់ទីតាំងសត្រូវជាក់លាក់សម្រាប់ការវាយប្រហារទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com