កីឡាជាតិ
ជាតិ
កីឡាករប្រដាល់សកលកម្ពុជា ២រូបចេញទៅប្រកួតនៅសិង្ហបុរី
20, Aug 2022 , 4:39 pm        
រូបភាព
កីឡាករកម្ពុជា ហ៊ុន គឹមហ៊ាង(ក្រហម) ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Ye Win Naing(ខៀវ)។ រូបពី CAMSOC
កីឡាករកម្ពុជា ហ៊ុន គឹមហ៊ាង(ក្រហម) ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Ye Win Naing(ខៀវ)។ រូបពី CAMSOC
ដោយ:
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក១រូប ទៅចូលរួមការប្រកួតពានរង្វាន់ Syed Kadir Boxing Championship 2022 នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់១១ ខែកញ្ញា ហើយសហព័ន្ធក៏ត្រៀមបញ្ជូនទៅប្រកួតនៅប្រទេស ហ្សកដានី នាខែតុលា ខាងមុខនេះផងដែរ។

 
មុននឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមមកដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកំពុងស្វះស្វែងរកគ្រូវបង្វឹកថ្មីដើម្បីផ្តល់នូវបទពិសោធ ក៏ដូចជាបច្ចេកទេសបែបស្តង់ដារអន្តរជាតិ។ ថ្មីៗនេះសហព័ន្ធបានចុះកិច្ចសន្យាជាមួយលោក KASSYMKHANOV BERIKBOL AMANTAYEVICH ជនជាតិកាហ្សាក់ស្ថាន ដែលនឹងត្រូវបង្វឹកក្រុមជម្រើសជាតិកម្ពុជារហូតដល់បញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
បន្ទាប់ពីទទួលបានការហ្វឹកហាត់អស់រយៈពេល១ខែ សហព័ន្ធបានត្រៀមកីឡាករប្រដាល់សកល ២រូប ចេញទៅប្រកួតនៅសិង្ហបុរី ក្នុងកម្មវិធី Syed Kadir Boxing Championship 2022។ កីឡាករ២ រូបរួមមាន ម្ចាស់មេដាយសំរឹទ្ធពីស៊ីហ្គេមលើកទី៣១ សៅ រង្សី ត្រូវប្រកួតលើប្រភេទទម្ងន់ ៤៥គីឡូក្រាម និងហ៊ុន គឹមហ៊ាង ប្រកួតលើប្រភេទទម្ងន់ ៧១គីឡូក្រាម។
 
ការចេញទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិជាមួយប្រទេសក្នុងតំបន់អាស៊ាននេះដែរ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រាប់សារព័ត៌មានថ្មីៗថា៖«យើងរំពឹងទុកថាពួកគាត់នឹងធ្វើបានល្អ ដោយសារពួកគាត់បានហ្វឹកហាត់ពេញលេញជាមួយគ្រូបង្វឹកថ្មីជនជាតិកាហ្សាក់ស្ថាន ហើយកីឡាករដែលចូលរួមប្រកួតមានកម្រិតប្រហាក់ប្រហែលកីឡាករកម្ពុជា»។ លោកអគ្គលេខាធិការនិយាយដូច្នេះ។
 
គួបញ្ជាក់បន្ថែមថា កីឡាករទាំង ២រូបទើបទទួលបានមេដាយសំរឹទ្ធម្នាក់១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅដោយ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងហ៊ុន គឹមហ៊ាង ឈ្នះកីឡាករមីយ៉ាន់ម៉ា ដោយវាយឲ្យសន្លប់ក្នុងទឹក១។ សហព័ន្ធក៏នឹងត្រៀមបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសហ្សកដានី ផងដែរនាខែតុលា ខាងមុខនេះ៕
 

Tag:
 ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com