កីឡាជាតិ
ជាតិ
«កីឡារស់ក្នុងសន្តិភាព» ជាពាក្យស្លោកក្តោបរួមក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២
20, Aug 2022 , 7:39 pm        
រូបភាព
លោក តុប សុភ័ក (អាវសពាក់ម៉ាស់) ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការជាតិCAMSOC។ រូបពី Cambodia2023
លោក តុប សុភ័ក (អាវសពាក់ម៉ាស់) ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការជាតិCAMSOC។ រូបពី Cambodia2023
ដោយ:
«កីឡារស់ក្នុងសន្តិភាព» គឺជាពាក្យស្លោកមួយដែលក្តោបអត្ថន័យរួមក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះផងដែរ លោកថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ជំរុញឲ្យមានការផ្សព្វផ្សាយយុទ្ធនាការ ទាំង៥ផងដែរ។

 
សម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ CAMSOC បានសម្រេចក្នុងអង្គប្រជុំប្រចាំសប្តាហ៍ នៃគណៈអចិន្ត្រៃយ៍ CAMSOC ស្ដីពីការត្រួតពិនិត្យការងារ ព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា។
 

លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិCAMSOC ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការជាតិCAMSOC។ រូបពី Cambodia2023

លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានជំរុញឲ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអំរំកីឡា ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការទាំង៥ រួមមាន កីឡារស់ក្នុងសន្តិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។
 
ជាមួយនឹងយុទ្ធនាការ ៥ចំណុចនេះដែរលោក តុប សុភ័ក ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា នៃគណៈកម្មាធិការជាតិCAMSOC បានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំថា ការដឹកនាំប្រជុំនោះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា។ អ្វីដែលសំខាន់គឺផ្តោតទៅលើយុទ្ធនាការទាំង៥ ដើម្បីបញ្ជ្រាបព័ត៌មានឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០២៣។
 
លោកបានបញ្ជាក់បន្ថែមថា៖«លើសពីនេះឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញឲ្យគណៈកម្មការរបស់យើង យកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយអំពីបទចម្រៀង សម្រាប់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីធ្វើការផ្សព្វផ្សាយផងដែរ ព្រោះបទចម្រៀងអាចមានសក្ដានុពល និងជ្រួតជ្រាបទៅដល់មហាជនទាំងអស់ មានន័យថា ក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ គាត់មើលទូរទស្សន៍ គឺគាត់អាចយល់អំពីកីឡា ថាកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទាំងអស់នេះ គឺជាការរួមចំណែកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក្ដោបរួមនៅក្រោមពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្ដិភាព»៕
 
 

Tag:
 ស៊ីហ្គេម
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com