កីឡាជាតិ
ជាតិ
ទោះលទ្ធផល​មិនទាន់គាប់ ប៉ុន្តែបាល់ទាត់នារី បោះជំហានទៅមុខ ក្រោយ​មានឈ្មោះក្នុងតារាង FIFA
21, Aug 2022 , 9:39 am        
រូបភាព
អ្នក ស្រីពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារី  បានប្រាប់ពីអារម្មណ៍សប្បាយចិត្ត ក្រោយពីដឹងថាបាល់ទាត់នារីកម្ពុជា មានចំណាត់ថ្នាក់នៅក្នុង FIFA ជាលើកដំបូង។ អនុប្រធានរូបនេះ ចាត់ទុកថា នេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលពិភពលោកទទួលស្គាល់ពីសមត្ថភាពកីឡាការិនីកម្ពុជា ហើយក៏ជាការបង្ហាញនូវលទ្ធផលល្អ នៃការប្រឹងប្រែងរបស់ក្រុមនារី ផងដែរ។



ចំណាត់ថ្នាក់បាល់ទាត់នារីកម្ពុជា គឺល្អជាង សិង្ហបុរី ចំណាត់ថ្នាក់១៣៣ និងទីម័រខាងកើត ចំណាត់ថ្នាក់១៥២ ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់បាល់ទាត់នារី ទាំង១៨៥ប្រទេស។ ដោយឡែក បាល់ទាត់នារីឡាវ មានចំណាត់ថ្នាក់ ៨៥ខ្ពស់ជាង កម្ពុជា។ 
 
«គ្រាន់តែឃើញ ចំណាត់ថ្នាក់បាល់ទាត់នារីភ្លាម ខ្ញុំសប្បាយចិត្តណាស់។ ចំណាត់ថ្នាក់នេះ បង្ហាញពីភាពរីកចម្រើន​ នៃបាល់ទាត់នារី។ នៅពេល យើង មានចំណាត់ថ្នាក់ FIFA មានប្រទេសជាច្រើនស្គាល់យើង ហើយក៏ជាការលើកតំកើន បាល់ទាត់យើងផងដែរ។ បើទោះជា កម្ពុជាយើងតូចមែន ប៉ុន្ដែវិស័យកីឡាបាល់ទាត់យើងមានគ្រប់ផ្នែក។»។ អនុប្រធានរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម ដូច្នេះ។
 
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារី បាននិយាយថា ការបានចំណាត់ថ្នាក់របស់ក្រុមនារីនៅក្នុង FIFA គឺជាការសម្រេចគោលដៅ ដែលរំពឹកទុកពីមុន។ «អ្វីដែលរំពឹងទុកសម្រាប់ឆ្នាំ២០២២ គឺបានចំណាត់ថ្នាក់ ទទួលស្គាល់ដោយ Asean Football Federation (AFF) និង FIFA។»។


 អ្នកស្រី ពុធ ធីតា សំណេះសំណាលជាមួយកិឡាការិនី អំឡុងហ្វឹកហាត់ត្រៀមប្រកួត AFF Women_s Championship 2022 នៅប្រទេសហ្វីលីពីន រូប ហ្វេសប៊ុក អ្នកស្រីពុទ្ធ ធីតា

គ្រូបង្វឹករូបនេះ បន្ថែមថា ការមានចំណាត់ថ្នាក់ គឺជះឥទ្ធិពលវិជ្ជមានច្រើន ដូចជាការគាំទ្រ និងការចាប់អារម្មណ៍ ពីប្រជាជនក្នុង និងក្រៅប្រទេស។ លោក ប្រាក់ វុទ្ធី ក៏បានប្រាប់បន្ថែមពីផែនការបន្ទាប់ទៀត គឺការពង្រឹង ធ្វើយ៉ាងណាឲ្យបាល់ទាត់នារីប្រសើរឡើងជាងនេះ។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងពង្រឹងសមត្ថភាពកីឡាការិនីបន្ថែម ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះ។ 
 
«យើង មិនដែលមានចំណាត់ថ្នាក់ពីមុនមកទេ តែឆ្នាំនេះយើងមានចំណាត់ថ្នាក់។ ឆ្នាំបន្ដបន្ទាប់ទៀត យើងនឹងធ្វើឲ្យចំណាត់ថ្នាក់កាន់តែខ្ពស់ជាងនេះទៀត។»។ លោក ប្រាក់ វុទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ​តាមតេលេក្រាមដូច្នេះ។
 
គួរបញ្ជាក់ថា FIFA បានគិតពិន្ទុ សម្រាប់ក្រុមបាល់ទាត់នីមួយៗ ទៅតាមលក្ខណវិនិច្ឆ័យ ដូចជា លទ្ធផលនៃការប្រកួតរបស់ជម្រើសជាតិនារីឈុតធំ, លទ្ធផលប្រកួតក្នុងដី, ក្រៅដី និងទឹកដីកណ្ដាល, ភាពផ្សេងគ្នារបស់គ្រាប់បាល់ និងគ្រាប់បាល់ដែលរកបាន, លក្ខណៈពិសេសនៃការប្រកួត, និងភាពផ្សេងគ្នានៃក្រុមជាគូប្រកួត៕
 

Tag:
 បាល់ទាត់
  FIFA Ranking
© រក្សាសិទ្ធិដោយ thmeythmey.com