ជាតិ
អង្គការមួយនៅខេត្តសៀមរាប គ្រោងផ្តល់ទឹកស្អាតដល់សាលារៀនចំនួន៥៤ នៅតំបន់អង្គរ
21, Aug 2022 , 10:59 am        
រូបភាព
យុវជនម្នាក់កំពុងផឹកទឹកនៅទីតាំងអាចចម្រុះទឹកស្អាតនៅក្នុងអនុវិទ្យាល័យតាប៉ាង ដែលអង្គការជឿជាក់លើសិស្សជនបទទើបនឹងដំឡើងរួចនៅដើមខែ សីហា។
យុវជនម្នាក់កំពុងផឹកទឹកនៅទីតាំងអាចចម្រុះទឹកស្អាតនៅក្នុងអនុវិទ្យាល័យតាប៉ាង ដែលអង្គការជឿជាក់លើសិស្សជនបទទើបនឹងដំឡើងរួចនៅដើមខែ សីហា។
សៀមរាប៖ អង្គការជឿជាក់លើសិស្សជនបទនៅកម្ពុជា នឹងរៀបចំប្រព័ន្ធទឹកស្អាតតាមសាលារៀនជាង៥០ កន្លែងនៅក្នុងតំបន់រមណីយដ្ឋានអង្គ។ ការរៀបចំប្រព័ន្ធទឹកស្អាតដល់សាលារៀនទាំងនេះ នឹងអនុវត្តឡើងតាមរយៈគម្រោងទឹកស្អាត និងអនាម័យ។​

 
បញ្ហាទឹកស្អាតនៅតាមសាលារៀន ជារឿងមួយដ៏សំខាន់ ដែលសិស្សានុសិស្សគួរទទួលបាន ដើម្បីសុខភាពល្អ និងការរៀនសូត្រ។ ការមើលឃើញពីសារសំខាន់បែបនេះ ទើបអង្គការជឿជាក់លើសិស្សជនបទនៅកម្ពុជា សម្រេចនឹងរៀបចំប្រព័ន្ធទឹកស្អាតតាមសាលារៀនចំនួន៥៤កន្លែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
 
លោក ប៉ាច ពៅ ប្រធានគម្រោងទឹកស្អាត និងអនាម័យ ឬហៅថា Project W នៃអង្គការជឿជាក់លើសិស្សជនបទនៅកម្ពុជា បានលើកឡើងថា គម្រោងនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ តែត្រូវបានពន្យារពេលអនុវត្តន៍ ដោយសារបញ្ហាកូវីដ១៩។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២២ មក អង្គការបានសាងសង់ និងរៀបចំប្រព័ន្ធទឹកស្អាតដល់សាលារៀនចំនួន៥រួចហើយ រួមមាន អនុវិទ្យាល័យតាប៉ាង អនុវិទ្យាល័យខ្ចាស់ វិទ្យាល័យខ្នារសណ្ដាយ វិទ្យាល័យតេជោ ហ៊ុន សែន អង្គរធំ និងវិទ្យាល័យត្រពាំងប្រិយ៍។


 លោក នេត្រ ភក្រ្ដា រដ្ឋលេខាធិការក្រសួងបរិស្ថាន

លោកបន្តបន្តនិយាយដូច្នេះ៖« ក្រៅពីទឹកស្អាត យើងផ្តល់ជាឡដុតសំរាម គាត់គ្រប់គ្រងសំណល់ប្លាស្ទិកក្នុងសាលាគាត់។ ជាឡដុតសំរាមដែលមាន៣ម៉ែត្រ៤ជ្រុង កជាឥដ្ឋបំពង់ទៅលើ។ យើងដាក់តាមសាលារៀនអាទិភាព។ បច្ចុប្បន្នមាន៥ តែឡនេះទើបសង់បាន២ ហើយ៣ទៀតកំពុងដំណើរការ»។ 
 
ក្រុមការងារនៃក្រសួងបរិស្ថាន និងអង្គការជឿជាក់លើសិស្សជនបទនៅកម្ពុជា បានចុះទៅមើលដោយផ្ទាល់នូវការដំឡើងធុងចម្រោះទឹកស្អាតនៅអនុវិទ្យាល័យ តាប៉ាង ដែលស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង នៅដើមខែសីហា ឆ្នាំ២០២២។ 
 
បើតាមលោក នេត្រ ភក្រ្ដា រដ្ឋលេខាធិការក្រសួងបរិស្ថាន គម្រោងនេះដែលក្រសួងបរិស្ថានសហការជាមួយអង្គការនៅពេលនេះ នឹងធ្វើឱ្យសហគមន៍ក្នុងតំបន់ខេត្តសៀមរាប ជាសហគមន៍មួយដែលគ្មានប្លាស្ទិក។ ក្រៅពីទឹកស្អាត អង្គការក៏បានផ្តល់ដបទឹកដល់សិស្សដែលអាចប្រើប្រាស់ឡើងវិញ ចៀសវាងការប្រើដបប្លាស្ទិក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ 


 សិស្សានុសិស្សនៅសាលាអនុវិទ្យាល័យតាប៉ាង។

«កន្លងមក សិស្សយកទឹកពីផ្ទះ និងដបប្លាស្ទិក ខ្លះអត់យកមក ត្រូវចំណាយលុយយ៉ាងហោចណាស់១ពាន់ដែរ ដើម្បីទិញទឹកផឹកប្រចាំថ្ងៃ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រា្ត ដោយបញ្ជាក់ថា​៖ «ការផ្តល់ទឹក និងដបទឹកដល់សិស្ស ជាផ្នែកមួយជួយពង្រឹងការគ្រប់គ្រងបរិស្ថាន ធ្វើឱ្យសាលានេះមិនមានប្លាស្ទិក ,កាត់ចំណាយ និងហូបទឹកដែលមានគុណភាព និងប្រសិទ្ធភាពជួយដល់សុខភាព»។ 
 
ក្រៅពីរៀបចំប្រព័ន្ធចម្រុះទឹកស្អាតនេះ  លោក នេត្រ ភក្រ្ដា បានបន្ថែមថា​ អង្គការជឿជាក់លើសិស្សជនបទនៅកម្ពុជា ក៏នឹងផ្តល់ដបទឹកចំនួន៤ម៉ឺនដល់សិស្សានុសិស្សនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ ផងដែរ។ គោលដៅក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ធ្វើឱ្យបរិស្ថានក្នុងតំបន់ទេសចរណ៍មួយនេះ មានភាពស្អាត គ្មានប្លាស្ទិក សហគមន៍ពុំមានការបំពុលប្លាស្ទិក៕
 

 អាងចម្រុះទឹកស្អាតនៅក្នុងបរិវេណអនុវិទ្យាល័យតាប៉ាង។
 
 

Tag:
 ទឹកស្អាត
  អង្គការជឿជាក់លើសិស្សជនបទកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com