ជាតិ
កូនត្រីចម្រុះ៤ម៉ឺនក្បាល ត្រូវបានលែងក្នុងបឹងធម្មជាតិ ខេត្តក្រចេះ
21, Aug 2022 , 10:59 pm        
រូបភាព
ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានលែងកូនត្រីចម្រុះប្រមាណ ៤ម៉ឺនក្បាល និងពូជមេត្រី១៥គីឡូក្រាម ចូលទៅក្នុងបឹងរំអិល ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនត្រី និងពូជមេត្រី ទាំងនោះមាន កូនត្រីឆ្ពិន ឆ្កោក ឆ្លូញ កញ្រ្ជូក ប្រា ពោ កាហែ អន្ទង់ និងក្អែក ជាដើម។​

 
ការលែងកូនត្រី និងពូជមេត្រូទាំងនេះ​ គឺធ្វើឡើងនៅថ្ងៃទី១៨ សីហា ក្នុងគោលដៅធ្វើយ៉ាងណាឱ្យសម្បូរឡើងវិញនូវមច្ឆាជាតិចម្រុះរបស់កម្ពុជា។ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ  បានលើកឡើងថា បច្ចុប្បន្ន រដ្ឋាភិបាល បានកំណែទម្រង់ស៊ីជម្រៅលើវិស័យជលផល ដោយលុបបំបាត់ឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឱ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់វិញ។​ 
 
បើតាម លោក លីណាត ការធ្វើបែបនេះ មានគោលបំណងលើកកម្ពស់ការនេសាទលក្ខណៈគ្រួសារ កាត់បន្ថយភាពក្រីក្រ ដែលអាចផ្ដល់ការផ្គត់ផ្គង់ស្បៀងដល់ពលរដ្ឋគ្រប់គ្រាន់។ 
 

ពិធីលែងកូនត្រី និងមេពូជ ចូលក្នុងបឹងរំអិល នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៨ខែសីហា។ រូបពី មន្ទីរកសិកម្ម ខេត្តក្រចេះ

កាលពីថ្ងៃទី១កក្កដា ឆ្នាំ២០២២ ក្នុងកម្មវិធីអបអរសាទរទិវាមច្ឆាជាតិ សម្ដេច ហ៊ុន សែន បានលើកឡើងថា ការលែងកូនត្រី គឺជារឿងចាំបាច់ ដើម្បីធ្វើឱ្យបរិមាណត្រីកើនឡើងវិញ។ សម្តេចបាននិយាយដូច្នេះ៖ «ការលែងកូនត្រីនេះ មិនត្រូវធ្វើតែមួយថ្ងៃនោះទេ គឺត្រូវធ្វើសកម្មភាពរាល់ថ្ងៃ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីប្ដូរមកវិញនូវចំណីអាហារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។  
 
បច្ចុប្បន្ន បរិមាណត្រីបានថយចុះបន្តបន្ទាប់ ដោយសារទឹករាក់ ខណៈចំនួនប្រជាជនបានកើនឡើងពី៥លាននាក់ទៅ១៧លាននាក់ នារយៈពេល៤៣ឆ្នាំមកនេះ។ សម្ដេច ហ៊ុន សែន បន្តថ្លែងបែបនេះថា៖«ឥឡូវនេះ ទឹករាក់ ត្រីតិច ប្រជាជនច្រើន។ ជារៀងរាល់ឆ្នាំបឹង បួររបស់យើងតែងតែមានគោក និងរាក់ ដោយសារហូរច្រោះនូវដីល្បាប់ និងស្លឹកឈើ។ ដូច្នេះ ចំនួនត្រីរបស់យើង ក៏កាន់តែតិច»៕  
 
 
 

Tag:
 កសិកម្ម
  ពូជត្រី
  អន្លងផ្សោតកាំពី
© រក្សាសិទ្ធិដោយ thmeythmey.com