អន្តរជាតិ
លោកលី សៀនឡុង៖ ជោគជ័យរបស់សិង្ហបុរី អាស្រ័យលើមេដឹកនាំត្រឹមត្រូវ
22, Aug 2022 , 10:36 am        
រូបភាព
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព៖ AFP
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព៖ AFP
ប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី២១ ខែសីហា បានលើកឡើងថា សិង្ហបុរី មិនត្រូវមានបញ្ហានៅក្នុងក្បាលម៉ាស៊ីនដឹកនាំទេ។ ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី បានយល់ឃើញថា ភាពជោគជ័យ និងអត្ថិភាពរបស់សិង្ហបុរី គឺអាស្រ័យលើមេដឹកនាំត្រឹមត្រូវ។

 
តាមរយៈសុន្ទរកថាក្នុងទិវាជួបប្រជុំថ្នាក់ជាតិនៅថ្ងៃទី២១ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងពីបញ្ហាជាច្រើន ដូចជាការទប់ស្កាត់ជំងឺកូវីដ-១៩ បញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហានៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ។ 
 
«ប្រទេសតូចដូចសិង្ហបុរី មិនត្រូវមានបញ្ហានៅក្នុងការដឹកនាំទេ។ មិនត្រឹមតែភាពជោគជ័យរបស់សិង្ហបុរីឡើយ ប៉ុន្តែភាពរស់រានរបស់យើង គឺអាស្រ័យលើយើងមានមេដឹកនាំត្រឹមត្រូវ»។ ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា មេដឹកនាំសិង្ហបុរីត្រូវតែប្រកបដោយសុចរិត ការលះបង់ ការប្រកួតប្រជែង ដើម្បីធ្វើរឿងត្រឹមត្រូវ បើទោះត្រូវបាត់បង់សន្លឹកឆ្នោតមួយចំនួនក៏ដោយ។ 
 
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនរបស់ខ្លួន លោកលី បានបន្ថែមថា ភាពជាអ្នកដឹកនាំល្អ មិនអាចចរចាបានឡើយ។ ត្រង់ចំណុចនេះ មេដឹកនាំសិង្ហបុរី បានលើកឡើងពីប្រទេសមួយចំនួន ដែលកំពុងមានវិបត្តិនយោបាយ និងអស្ថិរភាព និងមានការបោះឆ្នោតពីមួយទៅមួយ។ បើតាមលោកលី បើទោះមានការលាលែងពីតំណែង ឬបង្ខំឱ្យមេដឹកនាំចុះចេញ រដ្ឋាភិបាលថ្មីនៅតែមិនអាចដោះស្រាយបញ្ហា ដែលមាននៅក្នុងប្រទេសដដែល។ 
 
ទន្ទឹមនេះ មេដឹកនាំសិង្ហបុរី បានទទូចឱ្យថ្នាក់ដឹកនាំនៅក្នុងប្រទេសបន្តខិតខំធ្វើការ ដើម្បីស្វែងរកមនុស្សពូកែ និងឱ្យអ្នកទាំងនោះធ្វើការត្រូវវិស័យ ដើម្បីបម្រើប្រយោជន៍ជាតិ។ លោកលី បានចាត់ទុកកិច្ចការនេះជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំសិង្ហបុរី សម្រាប់រូបមន្តនៃភាពជោគជ័យនៅជំនាន់ក្រោយៗទៀត។ 
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានអរគុណដល់ថ្នាក់ដឹកនាំសិង្ហបុរី ៣ជំនាន់ ដែលបានដឹកនាំប្រទេស ៥៧ឆ្នាំ ដោយបានបន្តរក្សាទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជន។ 
 
ក្នុងវេទិកាដដែល លោកលី បានបន្តលើកឡើងពីអ្នកបន្តវេនរបស់លោកផង។ មេដឹកនាំរូបនេះ បានបញ្ជាក់ថា ការស្នងតំណែងមេដឹកនាំ បានដើរលើផ្លូវត្រូវវិញហើយ បន្ទាប់ពីលោក Lawrence Wong ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី ត្រូវបានជ្រើសរើសជាមេដឹកនាំក្រុមជំនាន់ទី៤ នៃបក្សសកម្មភាពប្រជាជនសិង្ហបុរី។ បានន័យថា លោក Lawrence នឹងស្នងតំណែងជានាយករដ្ឋមន្រ្តីជំនួស លោក លី នាពេលអនាគត។ 
 
កន្លងមក លោកលី ធ្លាប់បានលើកឡើងថា លោក Lawrence អាចជំនួសតំណែងរបស់លោក នៅមុន ឬក្រោយការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានលើកឡើងពីភាពតានតឹងរវាងចិន ជាមួយអាម៉េរិក រួមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផង។ បើតាមលោកលី ទំនាក់ទំនងក្រុងវ៉ាស៊ីនតោន-ប៉េកាំង កំពុងតែអាក្រក់ទៅៗ ហើយប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។ 
 
បើទោះមានជម្លោះជាមួយគ្នាក៏ដោយ លោកលី បានជំរុញឱ្យមហាអំណាចសេដ្ឋកិច្ចទាំងពីរបន្តធ្វើការរួមគ្នាជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ ជំងឺឆ្លង និងការរីកសាយនៃអាវុធនុយក្លេអ៊ែរជាដើម។​ ចំណែកបញ្ហាអ៊ុយក្រែនវិញ មេដឹកនាំសិង្ហបុរីវ័យ៧០ឆ្នាំរូបនេះ បានអះអាងថាប្រតិបត្តិការយោធាពិសេស ជាសេចក្តីសម្រេចមិនត្រឹមត្រូវ និងជាសកម្មភាពខុសឆ្គង៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com