កីឡាជាតិ
ជាតិ
បាត់ដំបងលីគខាប់៖ ក្រុមបាល់ទាត់បុរស និងនារី​ របស់បាត់ដំបងយូណាយធីត គ្រងជើងឯកដូចគ្នា
22, Aug 2022 , 3:09 pm        
រូបភាព
ការរត់ដណ្តើមបាល់រវាងកីឡាករ បាត់ដំបងយូណាយធីត (បៃតង) និងកីឡាករ សូហ្វីយ៉ា អេហ្វស៊ី(ក្រហម)។ រូបពី ក្លឹបបាល់ទាត់បាត់ដំបងយូណាធីត
ការរត់ដណ្តើមបាល់រវាងកីឡាករ បាត់ដំបងយូណាយធីត (បៃតង) និងកីឡាករ សូហ្វីយ៉ា អេហ្វស៊ី(ក្រហម)។ រូបពី ក្លឹបបាល់ទាត់បាត់ដំបងយូណាធីត
ដោយ:
ក្រុមបាល់ទាត់បាត់ដំបងយូណាយធីត ទាំងបុរស និងនារី សុទ្ធតែគ្រងតំណែងជើងឯកពាន់រង្វាន់បាត់ដំបងលីគខាប់ ២០២២ ក្រោយកឈ្នះក្រុម សូហ្វីយ៉ា អេហ្វស៊ី ២-០ ដូចគ្នា នាកីឡដ្ឋានសាកលវិទ្យាល័យជាតិបាត់ដំបង(N.U.B.B) កាលពីថ្ងៃទី២១ ខែសីហា។


នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ បាត់ដំបងយូណាយធីត និងភ្ញៀវសូហ្វីយ៉ា អេហ្វស៊ី ពុំមានសំណាងក្នុងការស៊ុតទម្លាយសំណាញ់ទីគ្នាបានឡើយ។ ចូលដល់វគ្គទី២ ម្ចាស់ផ្ទះបើកការវាយសម្រុក រហូតដល់នាទី៥៦ ទើបខ្សែប្រយុទ្ធបាត់ដំបង យ៉ន តុលា ស៊ុតជើងស្តាំសម្រេចទីបាន១គ្រាប់នាំមុខ សូហ្វីយ៉ា ១-០។ ក្រុមម្ចាស់ផ្ទះបន្តបន្ថែមគ្រាប់ទី២ និងជាគ្រាប់ជ័យជម្នះសម្រាប់ក្រុមដោយខ្សែប្រយុទ្ធ យ៉ន តុលា ជាអ្នកបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ ស្រី ដាឡេ ស៊ុតទម្លាយសំណាញ់ទីនៅនាទី៧១។ បញ្ចប់ការប្រកួតបាត់ដំបងយូណាធីត២-០ សូហ្វីយ៉ា អេហ្វស៊ី។
 
ចំណែកក្រុមបាល់ទាត់បាត់ដំបងយូណាធីតផ្នែកនារី ក៏បានយកឈ្នះសូហ្វីយ៉ា អេហ្វស៊ី ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះដូចគ្នាដែរ។ ២គ្រាប់នេះ រកបានដោយខ្សែបម្រើកីឡាការិនី ចំរើន ស្រីរ័ត្ន ទាត់បាល់ពិន័យក្រៅតំបន់គ្រោះថ្នាក់(Freekick)នៅនាទី៥៩ និងគ្រាប់ទី២ ខ្សែប្រយុទ្ធ ឈិន សុភាវី ជាអ្នកសម្រេចទី នៅនាទី៦៧ ក្រោយពីបញ្ជូនបាលចេញពីខ្សែបម្រើ មាន យីសា ។
 
គួបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទាត់បាត់ដំបងលីគខាប់ ផ្នែកបុរស មានក្រុមបាល់ទាត់ចំនួន៩  ដែលបានចូលរួមប្រកួតប្រជែងគ្នាអស់រយៈពេល ២ខែ។ ចំណែកផ្នែកនារីមាន៤ ក្រុម ដែលបានចូលរួមប្រកួតប្រជែងគ្នា៕
  

ការរត់ប្រជែងបាល់ពីក្រុមកីឡាការិនី បាត់ដំបងយូណាធីត(បៃតង) និងសូហ្វីយ៉ា(លឿង)។ រូបពី ក្លឹបបាល់ទាត់បាត់ដំបងយូណាធីត
 

Tag:
 បាល់ទាត់
 បាត់ដំបងលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com