កីឡាជាតិ
ជាតិ
គ្រូបង្វឹកក្រុមព្រៃវែង ថា ខ្លួនដឹងពីទម្រង់លេងរបស់ អាស៊ីអឺរ៉ុបយូណាយធីត ទើបអាចយកឈ្នះ ៦-១
22, Aug 2022 , 3:50 pm        
រូបភាព
ការប្រកួតរវាងព្រៃវែង អេហ្វស៊ី និងអាស៊ីអឺរ៉ុបយូណាយធីត នៅទីលានខេត្តព្រៃវែង។ រូបពីក្លិបអាស៊ីអឺរ៉ុបយូណាយធីត
ការប្រកួតរវាងព្រៃវែង អេហ្វស៊ី និងអាស៊ីអឺរ៉ុបយូណាយធីត នៅទីលានខេត្តព្រៃវែង។ រូបពីក្លិបអាស៊ីអឺរ៉ុបយូណាយធីត
ព្រៃវែងអេហ្វស៊ី ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៦-១ នៅទីលានបាល់ទាត់ខេត្ដព្រៃវែង កាលពីថ្ងៃទី២១ ខែសីហា នៃការប្រកួតក្របខ័ណ្ឌលីគ២ របស់កម្ពុជា។ ក្រោយយកឈ្នះលើក្រុមភ្ញៀវហើយនោះ លោក ឡុង ឬទ្ធា គ្រូបង្វឹកព្រៃវែង បាននិយាយថា ខ្លួនដឹងពីទម្រង់លេងរបស់ អាស៊ីអឺរ៉ុបយូណាយធីត ទើបអាចរៀបចំក្បួន មិនឲ្យគូប្រកួតមានឱកាសវាយបកវិញ។



លោក ឡុង ឬទ្ធា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រុមបានប្រើទម្រង់លេងធម្មតា ស្របតាមក្បួនហ្វឹកហាត់។ ប៉ុន្ដែមូលហេតុដែលក្រុមម្ចាស់ផ្ទះ ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផលដ៏ច្រើននេះ ដោយសារតែកីឡាករ បានយកចិត្តទុកដាក់ការពារមិនឲ្យកីឡាករ សំខាន់ៗរបស់ក្រុមភ្ញៀវ មានឱកាសវាយបកដោយស្រួល។ 
 
«យើង អាចមានគ្រាប់បាល់ច្រើនជាងនេះ ប៉ុន្ដែយើងរបូតគ្រាប់បាល់ ៤ទៅ៥គ្រាប់នៅតង់ទី១ ដោយការបញ្ចប់ទីខុសគោលដៅ។»។ គ្រូបង្វឹករូបនេះ បានប្រាប់ដូច្នេះ។
 
ដោយឡែក សារព័ត៌មានថ្មីៗ មិនអាចទទួលការពន្យល់ពីលោក សុក វាសនា គ្រូបង្វឹកអាស៊ីអឺរ៉ុបយូណាយធីត បានទេ ។
 
ពេលទន្ទឹមគ្នានេះ មានការប្រកួត ៥គូផ្សេងទៀតដែរ។ ក្នុងនោះ សូលទីឡូអង្គរ ចាញ់ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល១-០ នៅកីឡដ្ឋានហនុមាន ខណៈក្រុមសាលកីឡាបាល់ទាត់ជាតិ ចាញ់ ក្រុមបាល់ទាត់សៀមរាបអេហ្វស៊ី ១-០ នៅទីលានខេត្តសៀមរាប ។ រីឯ អាយ អេស អាយ ដង្កោសែនជ័យ ស្មើគ្នាជាមួយ កោះកុង អេហ្វស៊ី ក្នុងលទ្ធផល០-០ នៅកីឡដ្ឋានស្ដាតចាស់ ដូចគ្នានិងជំនួប បន្ទាយមានជ័យ អេហ្វស៊ី និង ខេត្តត្បូងឃ្មុំ បញ្ចប់ដោយគ្មានគ្រាប់បាល់ នៅទីលានវិទ្យាល័យហ៊ុន សែនខ្លាកូន។ ចំណែកឯ នគរបាលជាតិ យកឈ្នះ ក្រុមណិចស្តិប លទ្ធផល៣-១ នៅទីលានបាល់ទាត់ 7NG។ 
 
គិតត្រឹមសប្ដាហ៍ទី១៦នេះ អគ្គិសនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ មាន៣៨ពិន្ទុ តាមពីក្រោយដោយ កោះកុងអេហ្វស៊ី មាន៣៣ពិន្ទុ និង អាយ អេស អាយ ដង្កោសែនជ័យ មាន៣៣ ដូចគ្នាទៅនិងលេខ៤ នគរបាលជាតិ។ ចំណែកឯ ព្រៃវែងមាន៣២ពិន្ទុ ឈរលេខ៥។ ដោយឡែក បន្ទាយមានជ័យ និងណិចស្ដិប បន្ដនៅបាតតារាង នៃលីគ២កម្ពុជា៕
 

Tag:
 បាល់ទាត់
  League 2
© រក្សាសិទ្ធិដោយ thmeythmey.com