ជាតិ
ឯកអគ្គរាជទូតអង់គ្លេស៖ យុវតីវ័យក្មេងចង់បានកន្លែងធ្វើការមួយ​ដែលគ្មានការបៀតបៀន
23, Aug 2022 , 6:59 pm        
រូបភាព
លោកស្រីឯកអគ្គរាជទូតអង់គ្លេស Tina Redshaw នាពេលផ្តល់បទសម្ភាសជាមួយកញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី នៃសារព័ត៌មាន Cambodianess
លោកស្រីឯកអគ្គរាជទូតអង់គ្លេស Tina Redshaw នាពេលផ្តល់បទសម្ភាសជាមួយកញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី នៃសារព័ត៌មាន Cambodianess
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី 
 
ភ្នំពេញ៖ លោកស្រី Tina Redshaw ឯកអគ្គរាជ​ទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា យុវតីវ័យក្មេងចង់បានកន្លែងការងារមួយ​ ដែលមិនមានការបៀតបៀន និងមានភាពស្មើគ្នាទៅនឹងបុរស។ លោកស្រីនឹងអំពាវនាវដល់ឯកអគ្គរាជទូត ដែលនឹងត្រូវមកបន្តតំណែងលោកស្រី ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។

 
លោកស្រី Tina Redshaw គឺជាឯកអគ្គរាជ​ទូតស្ត្រីដំបូងគេរបស់អង់គ្លេសប្រចាំនៅកម្ពុជា ហើយបានចាប់ផ្តើមកាន់តំណែងក្នុងឆ្នាំ ២០១៨ និងបញ្ចប់អាណត្តិក្នុងឆ្នាំ ២០២២ នេះ។ អំឡុងពេលបំពេញការងារ លោកស្រីបានផ្តោតសំខាន់លើការពង្រឹងសិទ្ធិអំណាចស្ត្រី និងសមភាពយេនឌ័រ ដោយបានជួប និងធ្វើការជាមួយនារីកម្ពុជាវ័យក្មេងជាច្រើននាក់ រួម​មានដូចជា សហគ្រិនស្ត្រីវ័យក្មេង ដែលទើបតែចាប់ផ្តើមអាជីពរបស់ពួកគេ និងនិស្សិតជាដើម។
 
«ខ្ញុំគិតថា យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ហើយនោះមានសារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំផ្ទាល់ ក្នុងនាមឯកអគ្គរដ្ឋទូតស្ត្រីអង់គ្លេសដំបូងគេនៅទីនេះ»។ លោកស្រីបានប្រាប់សារព័ត៍មាន Cambodianess ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ១៧ ខែសីហា កន្លងទៅនេះ។
 
ក្នុងកិច្ច​ការងារនៃការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ឯកអគ្គរាជទូតរូបនេះ បានមើលឃើញថា ស្ត្រីវ័យក្មេងជាច្រើនមិនចង់ធ្វើការនៅកន្លែងធ្វើការណាមួយដែលពួកគេមានអារម្មណ៍ថា ត្រូវបានបៀតបៀន ឬមិនស្មើភាពជាមួយបុរសនោះទេ។ 
 
«វាច្បាស់ណាស់សម្រាប់ខ្ញុំថា ស្ត្រីវ័យក្មេងនៅកម្ពុជាមានការយល់ដឹងអំពីការរើសអើង និងការលំបាកដែលពួកគេប្រឈមមុខ ហើយចង់រកវិធីដើម្បីយកឈ្នះលើបញ្ហានេះ»។ លោកស្រីបា​នលើកឡើងដូច្នេះ។
 
អ្នកស្រី សេង រាសី ​នាយិកា​ប្រតិបត្តិនៃអង្គការ​សីល​ការ ដែលជាអង្គការក្នុងស្រុកធ្វើការលើកកម្ពស់សមភាពយេនឌ័រ បានលើកឡើងថា ការបៀតបៀននៅកន្លែងការងារ ជាបញ្ហាមួយសំខាន់ និងគួរតែត្រូវបានពិភាក្សាឱ្យបានទូលំទូលាយ។ ប៉ុន្តែ មនុស្សមួយចំនួនចាត់ទុកបញ្ហានេះជារឿងធម្មតា ដោយគិតថាពាក្យសំដីចំអេះចំអាសនិយាយទៅកាន់មនុស្សស្រី គ្រាន់តែជាការលេងសើចធម្មតា​ ដើម្បីបង្កើតបរិយាកាសរីករាយ។ ពាក្យសំដីទាំងនោះ ជា​ការបៀតបៀន ​ប្រសិន​បើ​វា​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​បុគ្គលណា​ម្នាក់ និង​បង្ក​ឱ្យ​មាន​ភាព​មិន​សប្បាយ​ចិត្ត។
 
«តាមរយៈការងារទំនាក់ទំនងជាមួយស្រ្តី ហើយរួមទាំងអ្នកដែលធ្វើការនៅក្នុងរោងចក្រ យើងមើលឃើញថា ពួកគាត់ភាគច្រើនរងគ្រោះដោយសារតែការបៀតបៀននៅកន្លែងធ្វើការ»។ នេះជាការលើកឡើងរបស់អ្នកស្រី សេង រាសី។
 
នាយិកា​នៃអង្គការរូបនេះបានបន្តទៀតថា ទម្រង់នៃការបៀតបៀនមិនមែនគ្រាន់តែការប្រើពាក្យសំដីមិនសមរម្យ ឬបង្កប់ន័យផ្លូវភេទប៉ុណ្ណោះទេ តែទឹកមុខ ឬកាយវិការមិនសមរម្យ ការសើចចំអកលើរូបរាងកាយ ចេតនាធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងការផ្ញើវីដេអូ ឬរូបភាពអាសអាភាស ក៏រាប់ជាការបៀតបៀនផងដែរ។ ​
 
«ការដោះដូរជាមួយឋានៈ តួនាទី ឧទាហរណ៍ថា បើសិនជាព្រមរួមភេទ នឹងបានឡើងឋានៈ ឬប្រាក់ខែជាដើម ក៏ជាទម្រង់នៃការបៀតបៀនដែរ។ ការធ្វើការហួចហៅ ឬធ្វើការប្រៀបធៀបរូបរាងកាយដោយមានចេតនាណាមួយ ក៏ជាទម្រង់នៃការបៀតបៀន។» អ្នកស្រី សេង រាសី បានលើកឡើងដូច្នេះ ដោយបន្ថែមថា បុរសក៏ប្រឈមមុខនឹងការបៀតបៀនដែរ ប៉ុន្តែកម្រិតនៃបញ្ហាប្រឈមគឺមានតិចជាងស្ត្រី។
 
ដើម្បីដោះស្រាយបញ្ហានោះ ជាដំបូង ការបៀតបៀនត្រូវតែចាត់ទុកជាបញ្ហា ដើម្បីឲ្យសាធារណជនយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះដែរ សាធារណជនត្រូវតែស្វែងយល់ពីទម្រង់នៃការបៀតបៀននៅកន្លែងធ្វើការ ដើម្បីជៀសវាងការប្រព្រឹត្តដោយអចេតនាណាមួយ។
 
ការមានគោលនយោបាយជាក់លាក់មួយ គឺជាកត្តាចាំបាច់។ អ្នកស្រីបាននិយាយថា គោលនយោបាយគួរតែរួមបញ្ចូលការស៊ើបអង្កេត ការដោះស្រាយតាមផ្លូវច្បាប់ ការធានាភាពឯកជនរបស់ជនរងគ្រោះ ឬនីតិវិធីដើម្បីដោះស្រាយបញ្ហា។ ប្រសិនបើករណីនៃការបៀតបៀនមិនអាចដោះស្រាយបានក្នុងក្របខ័ណ្ឌគោលនយោបាយនៃកន្លែងធ្វើការមួយចំនួននោះ សំណុំរឿងត្រូវតែបញ្ជូនទៅតុលាការ។
 
«ខ្ញុំគិតថា ករណីទាំងអស់នេះគួរតែបានគ្រប់គ្រងក្នុងកម្រិតគោលនយោបាយស្ថាប័ន តែស្របជាមួយគ្នានោះ ត្រូវមានច្បាប់ និងគោលនយោបាយក្នុងការពារបន្ថែមទៀត ដើម្បីធានបានថា​ ពេលមានបញ្ហាអីកើតឡើង ជនរងគ្រោះមានអារម្មណ៍ថា គាត់កក់ក្ដៅ ដោយសារគាត់មានច្បាប់ និងគោលនយោបាយការពារ។» អ្នកស្រីបានលើកឡើង ដោយសង្កត់ធ្ងន់ថា ក្រៅពីមានច្បាប់ការពារហើយ ការបញ្ឈប់វប្បធម៌ស្តីបន្ទោសជនរងគ្រោះ ក៏ជារឿងសំខាន់ផងដែរ។
 
ការបៀតបៀនផ្លូវភេទ គឺជាបទឧក្រិដ្ឋ ក្នុងក្រមព្រហ្មទណ្ឌ ដែលជនប្រព្រឹត្តិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យជាប្រាក់ពី ១០ម៉ឺន​ទៅ ៥០ម៉ឺនរៀល។ «ខ្ញុំជឿលើច្បាប់ និងភាពយុត្តិធម៌ ខ្ញុំជឿជាក់ថា នៅពេលដែលយើងធ្វើវាប្រកបដោយសច្ចភាព ភាពត្រឹមត្រូវ ជនរងគ្រោះ ក៏ដូចជាអ្នកប្រព្រឹត្តនឹងទទួលបានការកាត់ក្ដីមួយដែលត្រឹមត្រូវ។»​ នាយិកា​នៃអង្គការបានលើកឡើង។
 
ឯកអគ្គរាជ​ទូតអង់គ្លេស លោកស្រី Tina Redshaw បានបន្ថែមថា ដើម្បីធានាថាស្ត្រីទទួលបានភាពស្មើគ្នារវាងបុរស និងត្រូវបានធានាថា មិនជួបប្រទះការលំបាកបន្ថែម ឬរងបន្ទុក និងសម្ពាធនៅកន្លែងធ្វើការ ការអប់រំយុវជន និងយុវតីអំពីសិទ្ធិរបស់ពួកគេគឺជាភាពចាំបាច់មួយ។
 
ចំណាយពេលបួនឆ្នាំក្នុងប្រទេសកម្ពុជា លោកស្រីមើលឃើញថាស្ថានភាពសមភាពយេនឌ័រនៅក្នុងប្រទេសកំពុងមានភាពប្រសើរឡើង ដោយបុរសចាប់ផ្តើមគោរព និងទទួលស្គាល់សមត្ថភាពរបស់ស្ត្រីនៅកន្លែងធ្វើការ។ តែយ៉ាណាក៏ដោយ ឯកអគ្គរាជទូតអង់គ្លេស​ សង្ឃឹមថា យុវតីកម្ពុជានឹងត្រូវបានបន្តផ្ដល់ឱកាសជាបន្តបន្ទាប់ និងសមភាពយេនឌ័រត្រូវបានដោះស្រាយ។​ លោកស្រីនឹងជួបពិភាក្សាជាមួយឯកអគ្គរាជ​ទូតអង់គ្លេសបន្តអាណត្តិ គឺលោក Dominic Williams ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ សមភាព និងការរួមបញ្ចូលក្នុងការអប់រំ នៅកន្លែងធ្វើការ ឬក្នុងទិដ្ឋភាពណាមួយនៃសង្គម។
 
នៅក្នុងការសិក្សាមួយដែលធ្វើឡើងក្នុងឆ្នាំ ២០១៧ ដោយ Care International នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ត្រីចំនួន ២៨,៦ ភាគរយដែលបានសម្ភាស បានរាយការណ៍ថា បានជួបប្រទះការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ហើយ ១៦,៥ ភាគរយបានប្រាប់ ពួកគេថាពួកគេធ្លាប់ជួបប្រទះការបៀតបៀននៅខាងក្រៅកន្លែងធ្វើការ។​ លើសពីនេះទៀត ៦៧ ភាគរយនៃស្ត្រី បាននិយាយថាការគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេរារាំងពួកគេពីការចូលរួមក្នុងសកម្មភាពសង្គមឬកម្សាន្ត៕
 
 

Tag:
 សមភាពយនឌ័រ
  ទូតអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com