កីឡាជាតិ
ជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតប្រជែងកីឡារ៉ូបូតជាអន្តរជាតិABU Robocon ឆ្នាំ២០២៣
23, Aug 2022 , 7:59 pm        
រូបភាព
លោក ឃឹន វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទទក) ទទួលទង់ពីប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២១សីហា ។
លោក ឃឹន វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទទក) ទទួលទង់ពីប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២១សីហា ។
ដោយ៖ ចៀន និតា
 
កម្ពុជា បានទទួលទង់ពីប្រទេសឥណ្ឌាដើម្បីជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិ ABU Robocon ឆ្នាំ២០២៣ ។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពី លោក ឃឹន វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​(ទទក)​ ទទួលទង់ពីប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២១សីហា ។

 
បើតាមទូរទស្សន៍ជាតិកម្ពុជា កម្មវិធីABU Robocon ឆ្នាំ២០២៣ គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។  ទូរទស្សន៍ជាតិកម្ពុជា ដែលអ្នករៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតនេះ បានបញ្ជាក់ថា៖ «ឆ្នាំ២០២៣ កម្ពុជា នឹងជ្រើសរើសវិញ្ញាសារ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោលដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ និងល្បែងបោះឡូ»។
 
ដោយឡែក និស្សិតនៃបណ្តាប្រទេសនានា នឹងត្រូវប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិ នៃប្រទេសរៀងៗខ្លួន ទើបបញ្ជូនក្រុមជើងឯក មកប្រកួតកម្រិតអន្តរជាតិ នៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជារំពឹងថា នឹងមានក្រុមរ៉ូបូតមកពីប្រទេសជិត២០ មកប្រកួតប្រជែងនៅរាជធានីភ្នំពេញ នាចុងខែសីហា ឆ្នាំ២០២៣។ 
 
កាលពីថ្ងៃទី២១សីហា កម្ពុជាដែលមាននិស្សិតឆ្នើមមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​ (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាក្រុមតំណាងបានចូលរួមការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ឆ្នាំ២០២២ ជាមួយនិស្សិតមកពីប្រទេសចំនួន១២ផ្សេងទៀត នៅប្រទេសឥណ្ឌា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com