កីឡាជាតិ
ជាតិ
អគ្គិសនីស្វាគមន៍ព្រះខ័នរាជ កោះកុងទទួលបឹងកេត ក្រោនប៉ះណាហ្គា វិសាខាទៅជួបទ័ព
24, Aug 2022 , 7:59 am        
រូបភាព
លោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង រូបពីពានសម្ដេច ហ៊ុន សែន
លោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង រូបពីពានសម្ដេច ហ៊ុន សែន
ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២២ ឈាន​ដល់​ជំនួប​ជើងទីមួយ​នៃ​វគ្គ​៨ក្រុម​ចុងក្រោយ ដោយនៅវេលាម៉ោង​៣ និង​៣០នាទី អគ្គិសនី​កម្ពុជាដែលជាក្រុម​លេខ១ក្នុងខេមបូឌានលីគ២ ត្រូវស្វាគមន៍ក្រុម​លេខមួយ​ក្របខណ្ឌកំពូលខេមបូឌានលីគ ព្រះខ័នរាជស្វាយ​រៀង ខណៈកោះកុងដែលជាក្រុម​ពីក្របខណ្ឌទី២មួយទៀត ទទួល​បឹងកេត។ ឈាន​ដល់ម៉ោង​៦ និង​៣០នាទី ភ្នំពេញក្រោន​ប៉ះភ្ញៀវ​ណាហ្គាវើលដ៍ ស្របពេលដែល​វិសាខា ប្រកួតនៅលើទឹក​ដី​របស់​កងយោធពល​ខេមរភូមិន្ទ។

 
លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គីសនីកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មួយរយៈមកនេះ ក្រុមពិបាកក្នុងការត្រៀមខ្លួនបន្ដិច ដោយត្រូវការរៀបចំខ្លួនផង ធ្វើដំណើរទៅប្រកួតផង និងបញ្ហារបួសកីឡាករ ប៉ុន្ដែកីឡាកររបស់ក្រុម នៅតែអាចប្រកួតបាន។ គ្រូបង្វឹករូបនេះ ចាត់ទុកថាការលើកទឹកចិត្តកីឡាករ គឺមានសារសំខាន់ បើទោះជួបការលំបាក តែពួកគេនៅតែអាច មានចិត្តសាមគ្គីជាក្រុម។ 
 
លោក សារ៉ាយ បាន​វាយតម្លៃថា៖ «ខាងគេ ក៏មើលឃើញខាងយើង ហើយខាងយើង ក៏មើលឃើញចំណុចខ្លាំងឬខ្សោយរបស់គេដូចគ្នា។ យើង នឹងរៀបចំទម្រង់លេងឲ្យបានល្អ ទាំងការវាយបកដោយមានប្រសិទ្ធភាព។យើងនឹងសម្រេចទីឲ្យបាន ប្រសិនជាមាន​ឱកាស មិនឲ្យរបូតគ្រាប់បាល់ដូចកាលប្រកួតជាមួយគិរីវង់សុខសែនជ័យឡើយ។»។
 
ជាមួយគ្នានេះដែរ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជ ស្វយរៀង បានបញ្ជាក់​តាមតេឡេក្រាមថាការត្រៀមខ្លួនប្រកួតជាមួយ ក្រុមម្ចាស់ផ្ទះ ពិតជាមានការលំបាកព្រោះក្រុមព្រះខ័នរាជស្វាយរៀង ទើបតែប្រកួតជាមួយ ភ្នំពេញក្រោន កាលពីថ្ងៃសៅរ៍។ «ការត្រៀមខ្លួន មានការលំបាក ព្រោះយើងទើបជួបការប្រកួតដ៏តានតឹងកាលពីថ្ងៃសៅរ៍ប៉ុន្ដែយើងបានត្រៀមខ្លួនរួចហើយ ដើម្បីភ្លក្សរសជាតិលំបាកនេះ។»។


លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គីសនីកម្ពុជា រូបពីពានសម្ដេច ហ៊ុន សែន

គ្រូបង្វឹករូបនេះ បន្ថែមថា ឆ្នាំ២០១៧ នៅជើងទី១ ក្រុមអគ្គីសនីកម្ពុជាប្រកួតបានយ៉ាងល្អ ដោយបញ្ចប់ទៅ ស្មើក្នុងលទ្ធផល២-២ បន្ដែជើងទី២បានចាញ់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល២-៤។ អគ្គីសនីកម្ពុជា​ជាក្រុមដែលមានទម្រង់វាយបក ដ៏មានប្រសិទ្ធភាពមួយ។
 
ទន្ទឹមពេលគ្នានេះ នៅទីលានបាល់ទាត់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសតេជោសែនកោះកុងក្រុមម្ចាស់ផ្ទះ ស្វាគមន៍ បឹងកេត។ លុះចូលដល់វេលាម៉ោង ៦:៣០ល្ងាច ភ្នំពេញក្រោនប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន Smart RSN ស្របពេល ជំនួបរវាងក្រុមទ័ព និង វិសាខានៅកីឡដ្ឋានស្តាតចាស់។
 
ព្រះខ័នរាជ ស្វាយរៀង បានគ្រងជើងឯង៤សម័យ, កងយោធពលខេមរភូមិន្ទ ៣សម័យ, ភ្នំពេញក្រោន ២សម័យ, វិសាខា ២សម័យ ចំណែក ណាហ្គាវើលដ៍ ១សម័យ ដូចគ្នាទៅនឹងបឹងកេត។ វិសាខា គឺជាក្រុមការពារតំណែងជើងឯក ២សម័យកាលជាប់គ្នា៕
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com