ជាតិ
យុវជនខ្មែរ៤រូប ចែកពិសោធក្រោយចូលរួមវេទិកានៃ«កិច្ចសន្ទនាយុវជនអាស៊ានលើកទីមួយ»
24, Aug 2022 , 8:59 am        
រូបភាព
ពីឆ្វេង កញ្ញា តូវ ជីងស័ង កញ្ញា ប៉ែន ស្រីកែវ លោក តេង ច័ន្ទគរុរដ្ឋា និងលោក ឈួន វណ្ណដាសម្បត្តិ។
ពីឆ្វេង កញ្ញា តូវ ជីងស័ង កញ្ញា ប៉ែន ស្រីកែវ លោក តេង ច័ន្ទគរុរដ្ឋា និងលោក ឈួន វណ្ណដាសម្បត្តិ។
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ យុវជនខ្មែរ៥រូប បានចូលរួមវេទិកានៃកិច្ចសន្ទនាយុវជនអាស៊ានលើកទីមួយនៃដំណើរវិវឌ្ឍនៃឧស្សាហកម្ម៤.០ ក្នុងរយៈពេល២ថ្ងៃ នៅខេត្តសៀមរាប។ ក្នុងចំណោមយុវជនទាំង៥នាក់នេះ​ គឺមាន៤នាក់ បានចែករំលែកបទពិសោធន៍ទៅកាន់យុវជនខ្មែរ ទៅតាមជំនាញនិងភាពក្លាហាននានរបស់ខ្លួន។

 
កិច្ចសន្ទនាយុវជនអាស៊ានលើកទីមួយ បានធ្វើឡើងកាលពីថ្ងៃទី២៥និង២៦កក្កដា ឆ្នាំ២០២២ ដើម្បីឱ្យយុវជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ ចូលរួមពិភាក្សាគ្នាក្នុងដំណើរវិវឌ្ឍនៃឧស្សាហកម្ម៤.០។ វេទិកានេះ បានផ្តល់ឱកាសឱ្យយុវជនកម្ពុជាចំនួន៥នាក់ និងយុវជនមកពីបណ្តាប្រទេសជុំវិញអាស៊ានជួបជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា។​ 
 
កិច្ចសន្ទានក្នុងរយៈពេល២ថ្ងៃមកនេះរបស់យុវជនអាស៊ាននេះ គឺផ្តោតលើប្រធានបទផ្នែកអភិបាលកិច្ច, វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងវានានុវត្តន៍, ការបង្កើតការងារសម្រាប់អនាគត, ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។ រួមទាំង ប្រធាននិយាយពីកំណើនប្រកបដោយបរិយាប័ន្ន, ការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ប្រទេសអាស៊ាន ​និងការផ្លាស់ប្ដូររវាងប្រទេសនិងប្រទេស។ 
 
លោក តេង ចន្ទគរុរដ្ឋា ជាប្រធានក្រុមប្រតិភូយុវជនកម្ពុជា បានពិភាក្សារកដំណោះស្រាយនផ្សេងៗជុំវិញ ប្រធានបទ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយយុវជនមកពីប្រទេសនានាក្នុងតំបន់អាស៊ាន។​ការពិភាក្សានេះ បានលើកពីចំណុចសំខាន់ៗជាច្រើន ដោយផ្សារភ្ជាប់នឹងយុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។  ជាលើកទីមួយសម្រាប់ ចន្ទគរុរដ្ឋា និងយុវជនដទៃទៀត ដែលបានចូលរួមកិច្ចសន្ទនាថ្នាក់តំបន់បែបនេះ។ 
 

លោក តេង ច័ន្ទគរុរដ្ឋា ប្រធានក្រុមយុវជនកម្ពុជា ក្នុងកិច្ចសន្ទនាយុវជនអាស៊ានលើកទី១។

សម្រាប់ឆ្នាំ២០២២នេះជាឆ្នាំនៃយុវជន ជាពិសេសកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៥៤។ បើតាម ចន្ទគរុរដ្ឋា នេះគឺជាឱកាសមួយសម្រាប់ឱ្យយុវជនខ្មែរបានចូលរួមចែករំលែក និងស្វែងយល់ពីបញ្ហដែលកំពុងជួបប្រទះ ក៏ដូចជាផ្តល់នូវដំណោះស្រាយជាច្រើន ទៅតាមប្រធានបទនីមួយៗ។ យុវជនខ្មែររូបនេះបន្តនិយាយដូច្នេះ៖ « យើងបានលើកពីគោលដៅសំខាន់ៗជាច្រើន បន្ទាប់ពីសមាជិកក្រុមពិភាក្សាឱ្យស៊ីជម្រៅ តាមរយៈលើកកម្ពស់បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងពង្រឹងការអនុវត្តឡើងវិញ។ ចំណែកគោលដៅសំខាន់ៗទាំងនោះ ​យើងនឹងដាក់ស្នើទៅកាន់រដ្ឋាភិបាល ក្នុងការសម្រេចសេចក្តីរួមណាមួយ ដើម្បីយកមកអនុវត្ត»។
 
លើសពីការទទួលបានបទពិសោធថ្មីៗ ចន្ទគរុរដ្ឋា  ក៏បានស្វែងយល់ច្រើនពីយុវជនពីប្រទេសនានានៃតំបន់អាស៊ាន តាមរយៈការទំនាក់ទំនង ការផ្តល់គំនិត និងការសិក្សាពីគ្នាទៅវិញទៅមក។  យុវជនរូបនេះ បានបញ្ជាក់ថា៖ «វាជាព្រឹត្តការណ៍ សម្រាប់ចែករំលែកវប្បធម៌ចំណេះដឹង ពីព្រោះវប្បធម៌ជាផ្នែកមួយនៃសសរស្តម្ភនៃអាស៊ាន ហើយ ខ្ញុំក៏ចង់ឱ្យយុវជនដទៃទៀត មានភាពក្លាហាន ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រសើរផងដែរ»។
 
ស្ថិតក្នុងវេទិកាដដែល កញ្ញា ប៉ែន ស្រីកែវ មកពីសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀ ខេត្តសៀមរាប បានចូលរួមពិភាក្សាជាមួយយុវជនមកពីប្រទេសសិង្ហបុរី ឥណ្ឌូណេសុី មីយ៉ាន់ម៉ា និងប្រទេសកូរ៉េខាងត្បូង ដើម្បីរកដំណោះស្រាយរួមគ្នាលើប្រធានបទនិយាយពីការប្រែប្រួលអាកាសធាតុ។ បើតាម ស្រីកែវ ការពិភាក្សាគ្នានេះត្រូវបានផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក ដោយលើកពីបញ្ហារួមដែលផ្អែកលើផលវិបាក និងការជះឥទ្ធិពលជាសកល។ 
 

កញ្ញា ប៉ែន ស្រីកែវ មានអាយុ២៣ឆ្នាំ។ កញ្ញា ជានិស្សិតឆ្នាំទី៤ លើជំនាញអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀ ខេត្តសៀមរាប។

«ពួកយើងបានលើកពីសំណើរជាច្រើន ដោយចង់ឱ្យរដ្ឋាភិបាលយកចិត្តទុក និងគាំទ្របន្ថែមទៅលើការដាំកូនឈើ និងបណ្តុះកូនឈើឱ្យបានច្រើន។ ការបង្កើតសមាគម ដើម្បីចុះសិក្សានៅតាមរោងចក្រ សហគ្រាសណាដែលដំណើរការខុសគោលការណ៍ ដូចជាការបំពុលបរិស្ថានហួសហេតុ ជាដើម»។ នេះជាអ្វីដែលស្រីកែវ បានលើកឡើងរួមគ្នាជាមួយយុវជនអាស៊ាន ដោយបានបន្តប្រាប់សារព័ត៌មានថ្មីៗ ថា៖ «ក្រុមរបស់ខ្ញុំបានស្នើឱ្យរដ្ឋាភិបាល បញ្ចូលមុខវិជ្ជាអាកាសធាតុទៅក្នុងកម្មវិធីសិក្សាបន្ថែមទៀត បើទោះជាបច្ចុប្បន្នយើងមានមុខវិជ្ជាផែនដីយ៉ាងណាក្តី។ សិស្សានុសិស្សជំនាន់ក្រោមគួរតែសិក្សា និងយល់ដឹងឱ្យបានច្រើន លើសពីការផ្សព្វផ្សាយ។ ចំណែក ការសាងសង់រោងចក្រ ត្រូវគោលតាមគោលការណ៍ត្រឹមត្រូវ ហើយរោងចក្រទាំងនោះគួរតែឆ្លងកាត់ការវាយតម្លៃនៃគុណភាព ដើម្បីចៀសពីផលប៉ះពាល់នានាដល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ»។
 
កិច្ចសន្ទនាថ្នាក់តំបន់ដ៏មានន័យនេះ​ បានឆ្លើយនឹងការចង់ដឹងរបស់ស្រីកែវ ក្នុងការស្វែងយល់ពីផ្នត់គំនិតនៃវេទិកាអាស៊ាន ស្វែងរកដំណោះស្រាយនៃបញ្ហា និងការទទួលបានបទពិសោធថ្មីៗសម្រាប់ការសិក្សារៀនសូត្រជាបន្តបន្ទាប់។  សម្រាប់កិច្ចសន្ទនាយុវជនអាស៊ាននេះ កញ្ញា ប៉ែន ស្រីកែវ បានហៅវាថា៖ «គឺ ជាការផ្សារភ្ជាប់ដ៏រឹងមាំនៃជាតិសាសន៍ផងដែរ»។
 
សម្រាប់ លោក ឈួន វណ្ណដាសម្បត្តិ ក៏ជាយុវជនមួយរូបក្នុងចំណោមប្រតិភូយុវជនកម្ពុជា ដែលទទួល ចូលរួមកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាន ផងដែរ។ វណ្ណដាសម្បត្តិ បានបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្រ្តនយោបាយនិងទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំ២០២១។ 
 
«អ្វីដែលខ្ញុំចាប់អារម្មណ៍កម្មវិធីនេះ គឺដោយសារឆ្នាំនេះជាឆ្នាំនៃយុវជនអាស៊ាន។ តើខ្ញុំអាចធ្វើអ្វីបានខ្លះ ដើម្បីក្លាយទៅជាធនធាន និងយុវជនមួយរូបសម្រាប់កម្ពុជា?»។ នេះជាការលើកឡើងរបស់ វណ្ណដាសម្បត្តិ ដោយបន្តថា​កម្មវិធីនេះ បានផ្តល់ឱកាសដល់លោក និងយុវជនជុំវិញអាស៊ាន បានពិភាក្សាគ្នា ក៏ដូចជា ស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា។ 


 លោក ឈួន វណ្ណដាសម្បត្តិ មានអាយុ២៣ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាជំនាញវិទ្យានយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យផារ៉ាហ្គន។

វណ្ណដាសម្បត្តិ និងសមាជិកក្រុម បានដោះស្រាយបញ្ហាជារួមមួយលើប្រធានបទ ផ្នែកអភិបាលកិច្ច។ បើតាមយុវជនវ័យ២៣ឆ្នាំរូបនេះ ក្រុមរបស់លោកបានលើកពីកម្សោយនៃអភិបាលកិច្ច ក្នុងតំបន់អាស៊ាន និងត្រូវរកវិធីសាស្រ្តបែបណាដើម្បីឱ្យសង្គមអាស៊ានមានអភិបាលកិច្ចល្អ ប្រកបដោយការអភិវឌ្ឍទៅតាម ដំណើរវិវឌ្ឍនៃឧស្សាហកម្ម៤.០។ លោកបញ្ជាក់ដូច្នេះ៖ «ការធ្វើអភិបាលកិច្ចល្អតាមប្រព័ន្ធឌីជីថល ការបង្កើនឱកាសយុវជនឱ្យបានច្រើនក្នុងការសម្រេចចិត្ត ក៏ដូចជាបង្កើនគោលនយោបាយតាមរយៈប្រព័ន្ធឌីជីថល គឺសុទ្ធតែជួយពន្លឿនសមត្ថភាព និងឱកាសពីសំណាក់យុវជនឱ្យបានច្រើន។ ក្នុងន័យដើម្បីបង្កើតសង្គមមួយប្រកបទៅដោយការវិវត្តតាមសម័យកាល»។
 
លើសពីប្រធានបទដែលនិយាយពីអភិបាលកិច្ច លោក ឈួន វណ្ណដាសម្បត្តិ បានបង្កើនភាពស្និទ្ធស្នាល ព្រមទំាងសាងទំនាក់ទំនងយ៉ាងល្អជាមួយយុវជននៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ វណ្ណដាសម្បត្តិ ដែលបច្ចុប្បន្ន​ កំពុងបម្រើការងារផ្នែកអ្នកស្រាវជ្រាវនៅវិទ្យាស្ថានដើម្បីសន្តិភាព ក៏ជំរុញដល់យុវជនខ្មែរត្រូវចេះបើកឱកាសខ្លួនឯងឱ្យបានច្រើន ជាពិសេសយុវជនដែលកំពុងធ្វើដំណើរវែងឆ្ងាយ ដើម្បីវិវត្តខ្លួនក្នុងបរិបទ យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។
 
យុវតីខ្មែរមួយទៀត  តូវ ជីងស័ង ដែលបានចូលរួមពិភាក្សា​ដើម្បីដោះស្រាយបញ្ហារួមគ្នាជាមួយយុវជននៅ លើប្រធានបទ ការបង្កើតឱកាសការងារសម្រាប់អនាគត បានលើកឡើងថា ក្រុមរបស់នាងបានសម្រេចនូវគោលនយោបាយមួយចំនួន ដើម្បីផ្តល់ជាយោបល់ទៅកាន់រដ្ឋាភិបាល អំពីដំណើរការនៃការងារទៅថ្ងៃមុខ មានការអភិវឌ្ឍកាន់តែល្អ។ ក្នុងនោះក្រុមរបស់នាងបានលើកឡើងថា គ្រឹះស្ថានអប់រំគួរតែដាក់បញ្ចូលនូវចំណេះនានាដែលទាក់ទងនឹងដំណើរវិវត្តក្នុងសម័យឌីជីថល និងផ្តល់ជាឧបករណ៍អេឡិចត្រូនិកគ្រប់គ្រាន់សម្រាប់ជូនសិស្សានុសិស្សក្នុងការអនុវត្ត។ ជីងស័ង  បានបញ្ជាក់ថា  ការធ្វើបែបនេះ គឺដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ ទទួលបានបរិបទនិងអ្វីដែលថ្មីសម្រាប់ត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលខ្លួនក្នុងការធ្វើការងារ​នាសម័យឧស្សាកម្ម៤.០។  


 កញ្ញា តូវ ជីងស័ង មានអាយុ២២ឆ្នាំ និងបានបញ្ចប់ការសិក្សាលើជំនាញភាសាចិន នៅវីទ្យាស្ថានភាសាបរទេស។ បច្ចុប្បន្នកញ្ញា កំពុងបន្តការសិក្សាលើជំនាញួទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។

យុវតីវ័យ២២ឆ្នាំ ដែលបញ្ចាប់ថ្នាក់បរិញ្ញាបត្រលើជំនាញភាសាចិនពីវិទ្យាស្ថានភាសាបរទេស(IFL)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បាននិយាយថា៖ «អ្វីដែលខ្ញុំទទួលបានពីការងារចូលរួមនេះ គឺវាលើសពីអ្វីដែលខ្ញុំរំពឹងទុក។ បើទោះជាត្រឹមរយៈពេល៣ថ្ងៃនៃការជួបជុំក៏ដោយ តែខ្ញុំគិតថាវាជាពេលវេលាមួយដែលខ្ញុំមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ល្អមួយនេះ។ ការចូលរួមដោះស្រាយបញ្ហាជាសកល វាជាមោទកភាពណាស់ទៅហើយសម្រាប់ខ្ញុំ ហើយខ្ញុំអាចមានមិត្តជាអាស៊ានទៀត»។
 
បើតាម ជីងស័ង  ការយកចំណេះដឹងរបស់ខ្លួនមកចូលរួមដោះស្រាយនូវលើវេទិកានៃកិច្ចសន្ទនាយុវជនអាស៊ាននេះ គឺអាចអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរីកចម្រើន ក៏ដូចជាលើកកម្ពស់សង្គមជាតិខ្លួនឯងឱ្យកាន់តែល្អប្រសើរឡើង។ « លើសពីនេះទៅទៀត ការលើកពីបញ្ហាយកមកដោះស្រាយរួមគ្នានេះ​ គឺជាផែនការនៃការដឹកនាំយើង ឱ្យដើរទៅមុខ វឌ្ឍនភាព និងភាពជាអ្នកដឹកនាំក្នុងនាមជាយុវជន និងសមាជិកអាស៊ាន»។
 
សូមជម្រាបថា ​ប្រតិភូយុវជនកម្ពុជាដែលជាប់ឈ្មោះចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទីមួយនេះ គឺមានចំនួន៥នាក់។ ក្រៅពីយុវជនទាំង៤រូបខាងលើ ក៏មានកញ្ញា ម៉ៅ ប៊ីលីតា និស្សិតពីសាកលវិទ្យាល័យផារ៉ាហ្គន ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ។ 
 
ការបានចូលរួមកិច្ចសន្ទនាយុវជនអាស៊ានលើកទីមួយនេះ យុវជនខ្មែរទាំង៥រូបបបានដាក់ពាក្យតាមប្រព័ន្ធអនឡាញ និងឆ្លើយតាមទម្រង់សំណួរដើម្បីផ្តល់ទៅកាន់គណៈកម្មការក្នុងកម្មវិធី។  បន្ទាប់មកយុវជនទាំង៥នាក់នេះ ក៏បានឆ្លងការសម្ភាសបេក្ខជនតាមប្រព័ន្ធអនឡាញ ផងដែរ។ បេក្ខជនទាំងនេះ មានការយល់ដឹងពីអាស៊ានបានទូលំទូលាយ  យល់ពីបញ្ហា និងដំណោះស្រាយ៕  
 

Tag:
 ThmeyThmey
  យុវជន
  អាស៊ាន
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com