អន្តរជាតិ
ទីភ្នាក់ងារជនភៀសខ្លួន UN អំពាវនាវរកជំនួយបន្ថែមឱ្យជនភាគតិចរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស
24, Aug 2022 , 9:41 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅថ្ងៃទី២៣ ខែសីហា បានអំពាវនាវបណ្ដាប្រទេសក្នុងពិភពលោកផ្ដល់ជំនួយបន្ថែមដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសដែលកំពុងខ្វះខាតក្នុងជីវភាពរស់នៅ។ បើតាម UNHCR ជំនួយដែលទទួលបាន មានតិចជាង​ពាក់​កណ្ដាល​នៃគម្រោងចំណាយសរុប។

 
ជនភាគតិចរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ដែលភៀសខ្លួនពីអំពើហិង្សានៅមីយ៉ាន់ម៉ា កំពុង​រស់​នៅ​ក្នុង​ជំរំ​រខេករខាកនៅភាគខាងត្បូងបង់ក្លាដែស។​ ពួកគេពឹងផ្អែកទាំងស្រុងលើ​ជំនួយ​របស់​សហគមន៍​អន្តរជាតិ។ 
 
បើតាមសេចក្តីថ្លែងការណ៍របស់ស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ដែលជាស្ថាប័នរកជំនួយឱ្យក្រុមជនភាគតិចនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លា​ដែសមាន​ចំនួន​ច្រើន​លើសលប់ ណែនណាន់ពេញជំរំនៅ Cox Bazar ទឹកដីបង់ក្លាដែស ហើយជួបបញ្ហាខ្វះខាតខ្លាំង។​
 
«តម្រូវការទូទៅដែលខ្វះខាតខ្លាំងរួមមានអាហារូបត្ថម្ភដែលត្រឹមត្រូវ ផ្ទះសម្បែង គ្រឿងបរិក្ខារ​ផ្នែក​អនាម័យ និងឱកាសការងារសម្រាប់ចិញ្ចឹមជីវិត»។ UNCHR បានលើកឡើងបែបនេះ​ក្នុង​សេចក្ដី​ថ្លែងការណ៍ថ្ងៃទី២៣ ខែសីហា។
 
ក្នុងឆ្នាំ២០២២ ទីភ្នាក់ងារ UNCHR មានផែនការស្វែងរកជំនួយសរុប៨៨១​លានដុល្លារ​សម្រាប់​មនុស្ស​ជាង១,៤លាននាក់រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅ​បង់ក្លាដែស និងប្រជាជនបង់ក្លាដែស​មួយ​ចំនួន​ដែលក្រីក្ររងទុក្ខលំបាកខ្លាំងដែរ។ មក​ដល់​ពេល​នេះ ជំនួយជាក់ស្ដែងមានត្រឹមតែ៤៩ភាគរយ​ប៉ុណ្ណោះ ដែលស្មើនឹង៤២៦,២លាន​ដុល្លារ។
 
ស្របគ្នានោះ ក្រុមជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាផ្ទាល់ បានស្នើឱ្យបណ្ដាប្រទេសក្នុង​ពិភពលោកគិ​តគូរ​ពី​ភាព​លំបាករបស់ពួកគេផង ព្រោះមិនទាន់អាចត្រឡប់ទៅមីយ៉ាន់ម៉ាវិញបាន ហើយការរស់នៅ​បង់ក្លាដែស ក៏មិនមានលទ្ធភាព​ធ្វើការថែមទៀត។
 
ជនភាគតិចរ៉ូហ៊ីងយ៉ាភាគច្រើនភៀសខ្លួនទៅបង់ក្លាដែសនៅពេលមាន​ការបង្ក្រាប​ដោយ​យោធា​មីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ ជុំវិញបញ្ហានេះ មីយ៉ាន់ម៉ាកំពុងប្រឈម​មុខនឹងការចោទប្រកាន់ពី​បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេផងដែរ៕
 

Tag:
 UN
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com