ជាតិ
ភ្លៀង នឹងធ្លាក់លាយឡំផ្គររន្ទះ មួយសប្ដាហ៍
24, Aug 2022 , 10:09 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖  រាជធានីភ្នំពេញ និងខេត្ត១៤ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិច ទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ ពីថ្ងៃទី២៤ ដល់៣០ ខែសីហា។ 

 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ សីហា រាជធានី-ខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ  ខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តតាកែវ នឹងមានភ្លៀងបង្គួរ ខ្យល់កន្រ្តាក់ និងរន្ទះ។ តំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ។ 
 
ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ នឹងអាចមានភ្លៀងជាបង្គួរផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ បង្កើតការប្រុងប្រយ័ត្ន ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ។
 
សូមជម្រាបថា ទិន្នន័យបឋមចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២២នេះ ខេត្តរងគ្រោះដោយសារទឹកជំនន់មាន ១៦ខេត្ត គឺខេត្តត្បូងឃ្មុំ, ព្រះសីហានុ, កំពត, កោះកុង,  កែប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប, ក្រចេះ, បន្ទាយមានជ័យ, ព្រះវិហារ, ឧត្ដមានជ័យ, មណ្ឌលគិរី និងរតនៈគិរី។ ចំពោះផ្ទះលិចទឹក មានចំនួន ១៥៩១ខ្នង, ផ្ទះខូចខាត ៤៥ខ្នង, វត្ដលិចទឹក ៤ទីតាំង, សាលារៀន ៤ទីតាំង និងស្លាប់ ៦នាក់។ ប្រជាពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ និងជម្លៀសប្រជាជនជិត ៣០០គ្រួសារ៕
 
 
 

Tag:
 ភ្លៀង នឹងធ្លាក់លាយឡំផ្គររន្ទះ មួយសប្ដាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com