ជាតិ
ពីនេះ ពីនោះ
ជំនួញនៅកណ្តាលភ្នំពេញស្ងាត់ភ្ញៀវនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មូលហេតុអ្វី?
24, Aug 2022 , 12:59 pm        
រូបភាព
កាលពីចុងសប្តាហ៍កន្លងមក សុធីរ និងសំណាង បានមកអង្គុយពិសាអាហារ និងក្រេបកាហ្វេដូចសព្វដងនៅឯហាងកាហ្វេលើចិញ្ចើមផ្លូវ។ ពេលនោះ គឺចំថ្ងៃអាទិត្យ។ ក្លើទាំងពីរនាក់បានសង្កេតឃើញជាយូរមកហើយថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជំនួញមួយចំនួនលក់មិនសូវដាច់ឡើយនៅចុងសប្តាហ៍ ជាពិសេស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើរឿងរ៉ាងនេះ បណ្តាលមកពីមូលហេតុអ្វី?


សុធីរ៖ អញលឺអ្នករកស៊ីលក់ដូរសើ្ទរគ្រប់មុខរអ៊ូគ្រប់គ្នាថា ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យលក់អត់ដាច់ទេ។ តើវាបណ្តាលមកពីមូលហេតុអ្វី? 
 
សំណាង៖ មែនទែនទៅ លក់នៅតែដាច់ខ្លះដដែលហ្នឹង។ តែគ្រាន់ថា ចំនួនភ្ញៀវអាចថយចុះជាងកាលពីពេលមុននៅថ្ងៃចុងសប្តាហ៍ហ្នឹង។ មូលហេតុ គឺអាចបណ្តាលមកពីអ្នកភ្នំពេញមួយចំនួនធំ ក្នុងរយៈពេលចុងក្រោយនេះ បានផ្លាស់លំនៅដ្ឋានទៅរស់នៅក្នុងបុរីនានានៅឯជាយក្រុង ឬទៅរស់នៅជាលក្ខណៈឯកជននៅជាយក្រុង។ 
 
សុធីរ៖ ពួកគេទៅរស់នៅជាយក្រុង តើពួកគេចូលក្រុងមិនកើតទៀតទេឬ? 
 
សំណាង៖ ស្តាប់អញសិន សុធីរ។ នៅពេលពួកគេនាំគ្នាទៅរស់នៅក្រៅក្រុងកាន់តែច្រើន ដូច្នេះ នៅចុងសប្តាហ៍ ពួកគេមិនចង់ធ្វើដំណើរចូលក្រុងវិញឡើយ។ ពួកគេស្រស់ស្រូបអាហារនៅជាយក្រុង ទិញរបស់របរនៅជាយក្រុង កម្សាន្តនៅជាយក្រុង។ល។ ហើយនៅជាយក្រុង អ្វីៗក៏មានដែរនៅពេលនេះ ដូច្នេះ នៅថ្ងៃសៅរ៍ និងអាទិត្យ ពួកគេមិនចង់ចូលក្រុងទៀតឡើយ។ 
សុធីរ៖ ចុះក្រៅពីថ្ងៃសៅរ៍ និងអាទិត្យ តើជំនួញដំណើរការយ៉ាងដូចម្តេចដែរនៅកណ្តាលក្រុងភ្នំពេញ? 
 
សំណាង៖ បើតាមអញស្តាប់លឺពីអ្នករកស៊ីទទួលទាន ក្នុងសប្តាហ៍ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រអ្វីៗដំណើរការធម្មតាទេ ព្រោះ មានមនុស្សច្រើន អតិថិជនច្រើន សកម្មភាពសេដ្ឋកិច្ចទូទៅអ៊ូអរដូចធម្មតា លើកលែងតែថ្ងៃសៅរ៍ និងអាទិត្យចេញតែប៉ុណ្ណោះ។ 
 
សុធីរ៖ ចុះកាលពីអតីតកាល ស្ថានភាពអ៊ីចឹងដែរឬទេ? 
 
សំណាង៖ ពីដើមឡើយ ស្ថានភាពមិនដូចបច្ចុប្បន្ននេះទេ។ ពីមុន មនុស្សរស់នៅក្នុងក្រុង កម្សាន្តក្នុងក្រុង ពិសាអាហារ ឬចំណាយលើរបស់របរផ្សេងៗនៅក្នុងក្រុង។ ពីដើមឡើយ ភ្នំពេញតូចណាស់។ ឥឡូវនេះ រាជធានីភ្នំពេញធំណាស់។ ជាយក្រុងឥឡូវនេះសឹងតែរីកចម្រើនជាងកណ្តាលក្រុងទៅទៀត។ ភោជនីយដ្ឋាន កន្លែងកម្សាន្ត សណ្ឋាគារ។ល។ មានវត្តមាននៅជាយក្រុងច្រើនណាស់ និងគ្រប់ទីកន្លែង។ 
 
សុធីរ៖ តែនៅក្នុងសប្តាហ៍ មនុស្សនៅតែសម្រុកចូលក្រុងដដែលហ្នឹង? 
 
សំណាង៖ សុធីរ! មែនហើយ ពីព្រោះ ក្នុងសប្តាហ៍ ពួកគេត្រូវធ្វើដំណើរចូលក្រុងដើម្បីបំពេញការងារប្រចាំថ្ងៃ។ ជំនួញ, ស្ថាប័នអង្គការ និងស្ថាប័នរដ្ឋនៅបន្តមានវត្តមានច្រើននៅក្នុងក្រុង។ ដូច្នេះ ជារៀងរាល់ព្រឹក និងល្ងាច ចរាចរណ៍ផ្លូវចូល និងចេញពីក្រុងត្រូវកកស្ទះដោយចរាចរណ៍ណែនណាន់តាន់តាប់។ 
 
សុធីរ៖ ធ្វើដំណើរចេញចូលក្រុងរាល់ថ្ងៃអ៊ីចឹង ពួកគេមិនធុញទ្រាន់ទេឬ? 
 
សំណាង៖ ជាការពិត ការធ្វើដំណើររាល់ថ្ងៃប្រឈមជាមួយនឹងស្ថានភាពចរាចរណ៍បែបហ្នឹង អ្នកធ្វើដំណើរមិនចង់ទេ។ តែពួកគេសម្រេចចិត្តរស់នៅក្រៅក្រុង ពីព្រោះ ពួកគេចង់ទទួលបានរបៀបរស់នៅបែបថ្មី មានន័យថា កន្លែងរស់នៅធំជាងមុន បៃតងជាងមុន មានទីតាំងកម្សាន្តល្អជាងនៅក្នុងក្រុង។ល។ នៅក្នុងក្រុង ទីតាំងរស់នៅចង្អៀតណាស់។ ផ្ទះពីមុនតូចៗ។ ផ្ទះសម្រាប់រកស៊ីផង រស់នៅផង ពិបាកណាស់។ ឥឡូវនេះ គ្រួសារខ្មែរចង់បានកន្លែងរស់នៅប្រកបដោយផាសុកភាព បើទោះបីជាពួកគេប្រឈមនឹងចរាចរណ៍វែងឆ្ងាយបន្តិចក៏ដោយក្តី៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com