ជាតិ
បង់ក្លាដែស ជំរុញឱ្យកម្ពុជានាំអង្ករ ទៅទីផ្សារខ្លួនដែលកំពុងខ្វះខាត
24, Aug 2022 , 7:59 pm        
រូបភាព
ជំនួបពិភាក្សាការងាររវាង លោក Mohammed Abdul Hye (ឆ្វេង) និងលោក វេង សាខុន (ស្ដាំ) នៅទីស្តីការក្រសួងកសិកម្ម ថ្ងៃទី២២ ខែសីហា។_
ជំនួបពិភាក្សាការងាររវាង លោក Mohammed Abdul Hye (ឆ្វេង) និងលោក វេង សាខុន (ស្ដាំ) នៅទីស្តីការក្រសួងកសិកម្ម ថ្ងៃទី២២ ខែសីហា។_
ភ្នំពេញ៖ ស្របពេល តម្រូវការស្បៀងអាហារពិភពលោកមានការកើនឡើងជាបន្តបន្ទាប់ បង់ក្លាដែស បានជំរុញឱ្យកម្ពុជានាំចេញអង្ករទៅកាន់ទីផ្សាររបស់ខ្លួនដែលកំពុងខ្វះខាត។ ថ្វីបើ វិស័យកសិកម្មបង់ក្លាដែស ជាពិសេសផលិតកម្មស្រូវ មានការកើនឡើង ប៉ុន្តែ ជាង៥០ឆ្នាំមកនេះ បង់ក្លាដែស នៅតែមិនទាន់ធានាដល់សន្តិសុខស្បៀងសម្រាប់ពលរដ្ឋខ្លួនបាននៅឡើយ។

 
នៅកិច្ចពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែសីហា លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជា បានលើកឡើងថា ចាប់ពីឆ្នាំ១៩៧១ មកដល់បច្ចុប្បន្ន ការផ្គង់ផ្គង់ស្បៀងអាហារ ជាពិសេសអង្ករ ទៅឱ្យប្រជាជនបង់ក្លាដែស មិនទាន់គ្រាប់គ្រាន់នោះទេ ខណៈប្រជាជន បានកើនឡើងដល់១៦០លាននាក់។ 
 
ការកើនឡើងសន្តិសុខស្បៀងនៅពេលនេះ បានជំរុញឱ្យប្រជាពលរដ្ឋ បង់ក្លាដែស បង្កើនការដាំដុះរហូតដល់ ៣ដង។ មិនតែប៉ុណ្ណោះ បង់ក្លាដែស ត្រូវនាំចូលអង្ករចន្លោះពី ១ទៅ១,៥លានតោនក្នុងមួយឆ្នាំ។ លោក Mohammed Abdul Hye សង្ឃឹមថា កម្ពុជា នឹងផ្ដល់កិច្ចសហការនាំអង្ករពីកម្ពុជា ទៅបង់ក្លាដែសនាពេលខាងមុខ។ 
 
បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា រីកចម្រើនគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ការផ្គត់ផ្គង់ស្បៀងសម្រាប់ពលរដ្ឋ គឺគ្រប់គ្រាន់។ អង្ករនៅសល់ប្រមាណ ៦លានតោន កំពុងជំរុញការកែច្នៃ វេចខ្ចប់ នាំទៅបរទេស។ 
 
ជាការឆ្លើយតប លោក វេង សាខុន បានណែនាំឱ្យ ភាគីបង់ក្លាដែស ប្រើប្រាស់យន្តការដែលមានស្រេច គឺសំដៅដល់ការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាព និងលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារតាមតម្រូវការដែលបង់ក្លាដៃសចង់បាន។ 
 
ម្យ៉ាងវិញទៀត លោក វេង សាខុន ចង់ឱ្យភាគីបង់ក្លាដែស អាចមកវិនិយោគវិស័យស្រូវអង្ករនៅកម្ពុជា តាមរយៈការបង្កើតឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីសហគមន៍កសិករសម្រាប់ស្តុកទុក កិន និងនាំអង្កចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង។ លោក វេង សាខុន ជឿជាក់ថា កម្ពុជា នឹងមានលទ្ធភាពក្នុងបំពេញតម្រូវការរបស់បង់ក្លាដែសគ្រប់គ្រាន់៕ 
 
 
 
 

Tag:
 កសិកម្ម
  ក្រសួងកសិកម្ម
  ពាណិជ្ជកម្មអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com