ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នកស្រី វ៉ា សុជិន ៖ កុំធ្វើអាជីវកម្មប្រជែងគ្នាក្នុងស្រុក តែត្រូវជួយគាំទ្រគ្នាទៅប្រជែងទីផ្សារក្រៅប្រទេស
24, Aug 2022 , 8:59 pm        
រូបភាព
អ្នកស្រី វ៉ា សុជិន ម្ចាស់សិប្បកម្មផ្ទះត្រចៀកកាំ
អ្នកស្រី វ៉ា សុជិន ម្ចាស់សិប្បកម្មផ្ទះត្រចៀកកាំ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កុំធ្វើអាជីវកម្មប្រជែងគ្នាក្នុងស្រុក តែត្រូវជួយគាំទ្រគ្នាទៅប្រជែងទីផ្សារក្រៅប្រទេស។ អ្នកស្រី វ៉ា សុជិន អគ្គនាយិកាក្រុមហ៊ុន Best Life បានលើកឡើងបែបនេះ តាមរយៈកិច្ចសម្ភាសសារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ។

 
១៧ឆ្នាំហើយ ដែលសិប្បកម្មផ្ទះត្រចៀកកាំ របស់អ្នកស្រី វ៉ា សុជិន បានឈរជើងនៅលើទីផ្សារក្នងស្រុក។ ផ្តើមពីការចិញ្ចឹមត្រចៀកកាំយកសំបុកដំបូងគេ នៅស្រុកស្រែអំបិល ខេត្តកោះកុង  អ្នកស្រី វ៉ា សុជិន តែងតែយកចិត្តទុកដាក់ពង្រឹងលើគុណភាព ស្តង់ដារអនាម័យ រហូតដល់មានការគាំទ្រ និងទទួលស្គាល់ពីស្ថាប័នជាតិ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោកស្រី វ៉ា សុជិន ដូចតទៅ៖

 
 
អគ្គនាយិកាក្រុមហ៊ុន Best Life អ្នកស្រី វ៉ា សុជិន បាននិយាយថា៖«អ៊ីចឹងសំខាន់ណាស់ យើងត្រូវតែផ្តោតលើអនាម័យ ហើយការធ្វើអនាម័យនេះ វាមិនមែនតែយើងម្នាក់ឯងអាចធ្វើបាននោះទេ តែត្រូវធ្វើរួមគ្នាទាំងក្រុមហ៊ុន។ សមាជិកក្នុងក្រុមហ៊ុនត្រូវចូលរួមសហការគ្នា យល់ពីគុណតម្លៃនៃអនាម័យ ធ្វើម៉ិចឱ្យមានស្តង់ដារគុណភាពល្អ ទាំងអនាម័យផ្ទាល់ខ្លួន អនាម័យសម្រាប់ក្រុមហ៊ុន ពិសេសគឺអនាម័យសម្រាប់អ្នកបរិភោគ។ អ៊ីចឹងខ្ញុំត្រូវបង្រៀនពួកគាត់ជារៀងរាល់ថ្ងៃ មួយថ្ងៃអានាម័យរបៀបផ្សេង បីខែយើងមានប្រឡងអនាម័យរបៀបផ្សេង ហើយក្នុងមួយឆ្នាំយើងមានប្រឡងអនាម័យរបៀបផ្សេងផងដែរ ដើម្បីឱ្យពួកគាត់មានអារម្មណ៍ថា ខ្លួនឯងស្គាល់អនាម័យប៉ុណ្ណា»។ 
 
ដ្បិតអាជីវកម្មទឹកត្រចៀកកាំកំពុងកើនឡើងខ្លាំងនៅកម្ពុជាក្តី ប៉ុន្តែអ្នកស្រី វ៉ា សុជិន ហាក់មិនមានការព្រួយបារម្ភលើការប្រកួតប្រជែងទីផ្សារខ្លួនឡើយ។ សម្រាប់អគ្គនាយិកាក្រុមហ៊ុន Best Life ដែលឈរជើងលើទីផ្សារ ជាង១៧ឆ្នាំនេះ មើលឃើញថា ការធ្វើអាជីវកម្មប្រជែងគ្នាក្នុងស្រុកមិនល្អឡើយ តែត្រូវជួយគាំទ្រគ្នាទៅប្រជែងទីផ្សារក្រៅប្រទេស។


 អ្នកស្រី វ៉ា សុជិន អគ្គនាយិកាក្រុមហ៊ុន Best Life

ចំពោះអ្នកដែលចាប់អារម្មណ៍ចង់បើកដំណើរការអាជីវកម្មប្រភេទនេះ អ្នកស្រី វ៉ា សុជិន បានផ្តាំផ្ញើថា 
ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើគុណភាពផលិតផល ព្រមទាំងស្តង់ដារអនាម័យ ព្រោះថាវាជះឥទ្ធពលយ៉ាងខ្លាំងដល់អ្នកបរិភាគ។ «បើសិនអ្នកធ្វើត្រឹមតែរបៀបនៅក្នុងផ្ទះវាមិនទាន់គ្រប់គ្រាន់ទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៅវិញ ហើយស្របពេលដែលសម័យកាលកូវីដនេះ សម្បូរមេរោគចំលងទៅទៀត»។ អ្នកស្រី ឆ្លៀតបន្ថែមបែបនេះ៕
 

អ្នកស្រី វ៉ា សុជិន ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី»   នៃសារព័ត៌មានថ្មីៗ


Tag:
 បទសម្ភាសជាសម្លេង SME
  ចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com