ជាតិ
សង្គមជាតិ
ខេត្តព្រះសីហនុ ដាក់ចេញវិធានការក្តៅបង្ក្រាបការជួញដូរ និងការបង្ខាំងមនុស្ស
25, Aug 2022 , 11:04 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការបង្ក្រាបការជួញដូរ និងការបង្ខាំងមនុស្ស។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការបង្ក្រាបការជួញដូរ និងការបង្ខាំងមនុស្ស។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានបង្កើនប្រតិបត្តិការកាន់តែខ្លាំងទៅលើការបង្ក្រាបបទល្មើសរសើបៗមួយចំនួន ដូចជា ការលក់-ទិញកម្លាំងពលកម្ម ការជួញដូរ និងបង្ខាំងមនុស្ស ជាដើម ក្នុងខេត្តនេះ ដែលគេ ឧហ្សាហ៍ឮជារឿយៗអំពីការកើតមាននូវប្រភេទបទល្មើសទាំងនេះ។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការបង្ក្រាបបទល្មើសទាំងអស់នេះ។

 
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រាល់ទីតាំងអាជីវកម្ម ដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបិទចោលជាដាច់ខាត។ សេចក្តីប្រកាសព័ត៌មានបន្តថា ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាំងនេះ ស្ថិតក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។ 
 
រដ្ឋបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីទិញ-លក់ពលកម្ម ជួញដូរ និងបង្ខាំងដោយខុសច្បាប់ អាជ្ញាធរ នឹងអនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឲ្យដល់ឫសគល់ និងមេខ្លោង ដើម្បីនាំខ្លួនជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន»។ 
 
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលខេត្តព្រះសីហនុ ទើបនឹងចាប់បានជនល្មើសជាជនជាតិចិន៥នាក់ ដែលបានចាប់បង្ខាំងស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ដើម្បីជំរិតទារប្រាក់ពីនាង។ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ អះអាងជាមួយសារព័ត៌មានថ្មីៗថា សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្តលើករណីនេះ។ 
 
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក បានដាក់កម្ពុជា ចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស ដែលមានការជួញដូរមនុស្សធ្ងន់ធ្ងរ។ ក្រោយមក សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសក្នុងពិធី១ថា កម្ពុជា ត្រូវធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយចុះត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកករណីជួញដូរមនុស្ស។ លើកលែងតែមន្រ្តីការទូតប៉ុណ្ណោះ ដែលរួចផុតពីការចុះត្រួតពិនិត្យនេះ៕ 
 

Tag:
 ជួញដូរមនុស្ស
  បង្ខាំងមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com