ជាតិ
តំណែងខ្ពស់មិនយកមកលម្អទេ តែភ្ជាប់ជាមួយការទទួលខុសត្រូវ…!
25, Aug 2022 , 3:34 pm        
រូបភាព
លោក នែម ភក្តី អ្នករាជធានីភ្នំពេញ
 
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ចុងក្រោយនេះ ក្រោយពេលរាជរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរតំណែង ឬតែងតាំងតំណែងបន្ថែមជូនមន្រ្តីរាជការមួយចំនួន, ការជជែកគ្នាជាច្រើនបានកើតឡើងទាំងនៅតាមតុកាហ្វេ ទាំងនៅតាមទីផ្សារ នៅតាមហាងទំនើប និងនៅតាមបណ្តាញសង្គមជាដើម។

 
មតិចម្រុះត្រូវបានគេលើកឡើងទាក់ទងទៅនឹងប្រធានបទខាងលើនេះ។ អ្នកខ្លះថា ការតែងតាំងមន្រ្តីបន្ថែមនៅក្នុងស្ថាប័ន គឺជាតម្រូវការចាំបាច់សម្រាប់បម្រើប្រជាពលរដ្ឋ។ ចំនួនប្រជាពលរដ្ឋកើនឡើង ដូច្នេះ ចំនួនមន្រ្តីទទួលបន្ទុកការងារសាធារណៈក៏ត្រូវតែកើនឡើងដែរ។ ការបន្ថែមនេះ គឺដើម្បីប្រសិទ្ធភាពការងាររដ្ឋទេតើ។ 
 
អ្នកខ្លះទៀត មុននឹងលើកហេតុផលផ្សេងៗយកមកសំអាង ពួកគេចាប់ផ្តើមត្អូញត្អែរឿងចំណាយរបស់រដ្ឋ។ កញ្ចប់ថវិកានឹងប៉ោងជាងមុន ប្រសិនបើចំនួនមន្រ្តីថ្នាក់ដឹកនាំកាន់តែច្រើន។  ពួកគេខ្លាចរឿងមួយដែលខ្មែរច្រើននិយាយតៗគ្នា គឺថា «គ្នាច្រើនអន្សមខ្លោច»។ អ្នកបង្ហាញក្តីបារម្ភលើកឡើងទៀតថា«ប្រយ័ត្នបានតំណែង គោរមងារ ឬឋានៈ-បុណ្យស័ក្តិហើយ មន្រ្តីទាំងនោះ អត់នាំគ្នាធ្វើការបម្រើរាស្រ្ត ហើយបែរជានាំគ្នាទៅរកស៊ីឆ្កុយទៅវិញ»។ 
 
អ្នកខ្លះទៀត ទោមនស្សរឿងការហៅគោរមងារឯកឧត្តម ឬលោកជំទាវ។ល។ ទោមនស្ស ព្រោះ ពួកគេគិតថា មានឯកឧត្តម ឬលោកជំទាវមួយចំនួន បង្ខំឲ្យគេហៅងារទាំងនោះជាចំាបាច់ ប្រសើបើគេមិនហៅ ពួកគេមិនសប្បាយចិត្ត។ ត្រង់ចំណុចនេះ ខ្ញុំគិតថា ងារដែលប្រគល់ឲ្យដោយរាជរដ្ឋាភិបាល ដូច្នេះ ងារទាំងនេះត្រូវតែប្រើប្រាស់នៅក្នុងក្របខណ្ឌការងាររបស់រដ្ឋ។ ក្រៅក្របខណ្ឌការងាររបស់រដ្ឋ វាស្ថិតនៅលើកាលៈទេសៈ និងវាអាស្រ័យទៅលើបុគ្គលរៀងៗខ្លួន។ សម្រាប់ខ្ញុំ រឿងនេះ មិនគួរចោទជាបញ្ហាធំដំឡើយ។ 
 
ខ្ញុំសូមងាកចេញពីចំណុចខាងលើបន្តិច ហើយងាកមកចាំអារម្មណ៍រឿងការទទួលខុសត្រូវរបស់មន្រ្តីរដ្ឋ ជាពិសេស មន្រ្តីជាន់ខ្ពស់បន្តិច។ តំណែងជាន់ខ្ពស់នៃរដ្ឋនីមួយៗ គឺជាតំណែងមហាកិត្តិយសសម្រាប់បុគ្គលដែលទទួលបាន មិនថា ជានៅក្នុងប្រទេសណាក៏ដោយ។ កិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍ដែលខ្លួនឯងកំពុងរស់នៅ។ មន្រ្តី គឺជាអ្នកមានគំនិត អ្នកមានសេចក្តីដឹងរាក់ជ្រៅ អ្នកប្រឹក្សាការងារផែនដី។ល។ មន្រ្តីជាន់ខ្ពស់នៃប្រទេសមួយ គឺជាបុគ្គលតំណាងឲ្យប្រទេសនោះ នៅលើឆាកអន្តរជាតិ។ 
 
បើផ្អែកលើនិយមន័យខាងលើនេះ មន្រ្តីត្រូវតែធ្វើអ្វីៗដើម្បីរាស្ត្រ(បម្រើរាស្រ្ត) ព្រោះមន្រ្តីកើតចេញ និងស៊ីប្រាក់ខែរបស់រាស្រ្ត។ មេដឹកនាំនៃប្រទេសខ្លះធ្លាប់បាននិយាយថា មន្រ្តីត្រូវតែស្មោះត្រង់ជាមួយរាស្រ្ត បម្រើរាស្រ្ត ហើយបើមន្រ្តីណាចង់មាន ចង់បានជ្រុលពេក សូមឲ្យមន្រ្តីទាំងនោះ ប្តូរមុខរបរទៅធ្វើជាអ្នកជំនួញវិញទៅចុះ។ 
 
ជាការពិតមិនអាចប្រកែកបាន មន្រ្តីជាន់ខ្ពស់នៃប្រទេសមួយ ទទួលបានកិត្តិយសខ្ពស់ក្នុងសង្គមមែន។ តែសិទ្ធិ និងសេរីភាពមួយចំនួនក៏ត្រូវបានសង្គមដកហូតទៅវិញដែរ ព្រោះ ពួកគេត្រូវតែធ្វើខ្លួនជាជនគំរូនៃសង្គម៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com