អន្តរជាតិ
ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន លាលែងពីតំណែង ដោយសារករណីបាញ់ប្រហារលោកអាបេ លោក Nakamura Itaru ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន។ រូបភាព៖ AP
× ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន លោក Itaru Nakamura នៅថ្ងៃទី២៥ ខែសីហា បានប្រកាសលាលែងពីតំណែង បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញថា វាមានភាពខ្វះខាតលើផែនការសន្តិសុខ ការបញ្ជា រួមទាំងការចែករំលែកព័ត៌មាននៅកន្លែង ដែលមានឃាតកម្មលើ លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។
អតីតប្រមុខរដ្ឋាភិបាលជប៉ុន លោក អាប៉េ ស៊ិនហ្សូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី៨ ខែកក្កដា ក្នុងអំឡុងពេលលោកស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតសភា នៅតំបន់ណារ៉ា។ ទាក់ទិននឹងការបាញ់សម្លាប់អតីតមេដឹកនាំជប៉ុនរូបនេះ លោក Itaru Nakamura ប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន បានប្រកាសលាលែងពីតំណែង។
«វាមានការខ្វះខាតលើផែនការសន្តិសុខ និងការវាយតម្លៃហានិភ័យនៅទីតាំង រួមទាំងមន្រ្តីបញ្ជាការ គឺមិនគ្រប់គ្រាន់»។ លោក Nakamura បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី២៥ ខែសីហា ដោយបន្តថា លោកបានដាក់សំណើលាលែងទៅគណៈកម្មការសុវត្ថិភាពសាធារណៈរួចហើយ។ លោក Nakamura បានចូលធ្វើការក្នុងទីភ្នាក់ងារប៉ូលិសជាតិ នៅក្នុងឆ្នាំ១៩៨៦ និងបានកាន់តំណែងជាប្រធានទីភ្នាក់ងារប៉ូលិសជប៉ុន ជិតមួយឆ្នាំប៉ុណ្ណោះ។
ទន្ទឹមនេះ ប្រធានប៉ូលិតតំបន់ណារ៉ា លោក Onizuka Tomoaki ក៏បានបញ្ជាក់ពីបំណងលាលែងពីតំណែងនៅក្នុងថ្ងៃទី២៥ ខែសីហានេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com