ជាតិ
ក្រសួងដែនដី បារម្ភពីសំណង់ជាប់គាំង ដែលអាចខូចគុណភាព
25, Aug 2022 , 7:59 pm        
រូបភាព
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ សីហា ឆ្នាំ២០២២។  រូបដោយ វតី
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ សីហា ឆ្នាំ២០២២។ រូបដោយ វតី
ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម កំពុងបារម្ភពីគុណភាពសំណង់ ដែលផ្អាកការសាងសង់យូរ អាចបង្កគ្រោះថ្នាក់ និងខូចគុណភាព។

 
ជាង២ឆ្នាំនេះ សំណង់ជាច្រើនបានជាប់គាំងដោយសារបញ្ហាសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩ រាតត្បាតជាសកល។ លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម បានបញ្ជាក់ថា សំណង់ជាប់គាំងទុកចោលយូរឆ្នាំនេះ អាចនឹងខូចគុណភាព។ បើតាមលោក លី រស្មី សំណងជាប់គាំងនេះ ភាគច្រើននៅខេត្តព្រះសីហនុ។ 
 
ក្រោយចប់សន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការគណៈរដ្ឋមន្រី្ត លោក លី រស្មី បានឆ្លៀតប្រាប់ក្រុមអ្នកសារព័ត៌មានបន្ថែមទៀតយ៉ាងដូច្នេះ៖ «សំណង់ទុកចោលយូរនឹងមានបញ្ហាគុណភាព ប៉ុន្តែដើម្បីឆ្លើយតបនឹងបញ្ហានេះ គឺត្រូវមានការថែទាំសមស្រប ដើម្បីឲ្យសំណង់ហ្នឹងរក្សាគុណបានយូរ។ ព្រោះសំណង់ដែលផ្អាកទុកចោលលើសពី៥ឆ្នាំទៅនឹងខូចគុណភាព តែបើមានការថែទាំតាមលក្ខណៈបច្ចេកទេសខ្លះប្រហែលមិនអ្វីទេ។ ខ្ញុំមានការបារម្ភពីសំណងដែលនៅសេសសល់មិនបានបន្តដំណើរការទៅមុខ»។ 
 
លោក សេង ឡូត អគ្គនាយករដ្ឋបាលនៃក្រសួងរៀបចំដែនដី បានបន្ថែមថា សំណង់អគារដែលជាប់គាំង  ក្នុងខេត្តព្រះសីហនុ មានប្រមាណ៨០ទៅ១០០អគារប៉ុណ្ណោះ។ បញ្ហានៃការជាប់គាំង មិនមានដំណើរការសាងសង់នេះ គឺដោយសារបញ្ហាកូវីដ-១៩ ដែលប៉ះពាលសេដ្ឋកិច្ចទូទាំងពិភពលោក។
 
 ក្រៅពីបញ្ហាសំណង់ជាប់គាំងនេះ លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញក៏បានរកឃើញ គម្រោងមួយចំនួន បានបើកការដ្ឋានសាងសង់ហើយ ទើបរៀបចំឯកសារមកសុំសិទ្ធិសាងសង់តាមក្រោយក៏មានដែរ។ 
 
ដើម្បីពង្រឹងគុណភាពនិងគ្រប់គ្រងវិស័យសំណង់ រដ្ឋាភិបាល បានបង្កើតច្បាប់ស្ដីពីសំណង់ នៅឆ្នាំ២០១៩ ហើយដាក់ឲ្យអនុវត្ត រួមទាំងត្រួតពិនិត្យគុណភាពសំណង់នៅដើមឆ្នាំ២០២២នេះ។ ច្បាប់នេះ គឺតម្រូវឲ្យម្ចាស់គម្រោងសុំសិទ្ធិសាង់សង់ និងត្រួតពិនិត្យពីគុណភាពសំណង់ឱ្យបានត្រឹមត្រូវ៕
 
 

Tag:
 អគារជាប់គាំង
© រក្សាសិទ្ធិដោយ thmeythmey.com