ជាតិ
៥ឆ្នាំនេះ ក្រសួង សង់ប្រព័ន្ធធារាសាស្ត្រ២១៨គម្រោង និង​ពង្រីក​ការ​ស្រោច​ស្រព​ជាង ១២ម៉ឺនហិកតា លើវិស័យកសិកម្ម
26, Aug 2022 , 7:59 am        
រូបភាព
រូបពីក្រសួងធនធានទឹកនិងឧតុនិយម
រូបពីក្រសួងធនធានទឹកនិងឧតុនិយម
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ៥ឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអភិវឌ្ឍន៍ប្រព័ន្ធធារាស្រ្តទាំងតូចទាំងធំ ចំនួន២១៨គម្រោង និងពង្រីកការដាំដុះដំណាំស្រូវជាង៨ម៉ឺនហិកតា ស្រូវប្រាំងវស្សាជាង៤ម៉ឺនហិកតា និងដំណាំផ្សេងៗជាង៤ពាន់ហិកតា។


ក្រសួងធនធានទឹក ក៏បានបង្កើតសហគមន៍ចំនួន៧៨ ស្មើជាង៤ម៉ឺន គ្រួសារ ដែលអាចប្រើប្រាស់ទឹកដោយតុម្លាភាព សម្រាប់ស្រោចស្រពដំណាំលើផ្ទៃដីសរុបជាង២៤ម៉ឺនហិកតា ។ ក្នុងនោះស្រូវវស្សាជាង១៨ម៉ឺន ហិកតា និងស្រូវប្រាំងជាង១ម៉ឺនហិកតា។
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានសាង​សង់​នូវ​ទំនប់​ការពារ​ទឹក​ជំនន់មួយ១គម្រោង ដែលអាចការពារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅស្រុកពញាឭ ខេត្តកណ្ដាល ។ ក្រៅពីនេះ ក្រសួងក៏បានជួសជុលថែទាំទំនប់ចំនួន៥គម្រោង ដែលអាច​ការពារ​ផ្ទៃ​ដី​ជិត៦ពាន់ហិកតា និងលំនៅដ្ឋានជាង ១ម៉ឺនគ្រួសារ នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញផងដែរ។
លើសពីនេះ ក្រសួង ក៏ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងថែទាំសំណង់ការពារទឹក ដើម្បីធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ គុណភាព និងប្រភពទឹក។ ជាពិសេសទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងគ្រប់គ្រងបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យមានប្រសិទ្ធភាពខ្ពស់។
 
ចំពោះការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ៥ឆ្នាំនេះ ក្រៅពីថវិការដ្ឋាភិបាល ក៏មានដៃគូនិងស្ថាប័នអន្តរជាតិនានា ផ្ដល់ហិរញ្ញវត្ថុ ជួយទ្រទ្រង់ផងដែរ។  ក្នុង​នោះមានប្រទេសចិន ចំនួន៣គម្រោង ប្រព័ន្ធស្រោចស្រពបានជាង១ម៉ឺនហិកតា និងស្តុកទឹកបាន២៥៧លានម៉ែត្រគីប ,កូរ៉េខាងត្បូងចំនួន ៣គម្រោង ស្រោចស្រពបានជាង៧ម៉ឺន និងស្តុកទឹកបាន១៧៧ម៉ែត្រគីប, ជប៉ុន ១គម្រោង ស្រោចស្រពបានជាង១ម៉ឺនហិកតា , អូស្ត្រាលី ៥គម្រោង ស្រោចស្រពបាន ជាង៦ពាន់ហិកតា, ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) ៣គម្រោង ស្រោចស្រពបាន ជាង៧ពាន់ហិកតា ​និង ADB ជាដើម។ នេះបើតាមរបាយការណ៍ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៥ សីហា ​ឆ្នាំ២០២២៕
 
 

Tag:
 សេដ្ឋកិច្ច
  សង្គម
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com