ជាតិ
សមត្ថកិច្ចកំពុងតាមដានសកម្មភាពកៀរគរមនុស្សរបស់ លោក ខឹម វាសនា
26, Aug 2022 , 2:37 pm        
រូបភាព
យានជំនិះរបស់ប្រជាពលរដ្ឋដែលសម្រុកទៅចម្ការលោក ខឹម វាសនា។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
យានជំនិះរបស់ប្រជាពលរដ្ឋដែលសម្រុកទៅចម្ការលោក ខឹម វាសនា។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពកៀរគរប្រមូលមនុស្សរបស់លោក ខឹម វាសនា ឱ្យទៅស្នាក់នៅចម្ការរបស់លោក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីគេចផុតពីបាតុភូតគ្រោះធម្មជាតិលិចលង់ពិភពលោក។

 
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានឱ្យដឹងថា កម្លាំងជំនាញរបស់លោកកំពុងតាមដាន រាល់សកម្មភាពប្រមូលមនុស្សរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។ តាមការបញ្ជាក់ពីលោក តេង ច័ន្ទណាត ចំនួនអ្នកសម្រុកមកផ្ទះរបស់លោក ខឹម វាសនា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ មានពី២ទៅ៣ពាន់នាក់។​
 

តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

«វាជាសកម្មភាពមួយ ដែលយើង អត់ទាន់សង្កេតថា វាជាការបះបោរ ឬជាការបំបះបំបោរទេ គ្រាន់វានៅក្នុងលក្ខណៈមួយកំពុងតាមដាន គាត់ប្រមូលឱ្យពលរដ្ឋមកស្ដាប់គាត់និយាយ ហើយក្នុងនោះតាមរយៈហ្វេសប៊ុក ឬអាខោន(ហ្វេសប៊ុកផ្លូវការ) គាត់ក្ដី គាត់បានបង្ហាញលក្ខណៈបំផុសបំផុលដែរ ដែលថាពិភពលោកនឹងត្រូវរលត់រលាយអ៊ីយ៉ាងម៉េច ប៉ុន្តែនៅខាងក្នុងនោះ (ដីចម្ការ) គាត់និយាយអប់រំពលរដ្ឋគឺទាក់ទងនឹងព្រះពុទ្ធសាសនា ប៉ុន្តែគ្រាន់តែថា ជាអត្តន័យស៊ីជម្រៅយ៉ាងណានោះ សមត្ថកិច្ចកំពុងតាមដានបន្ថែមទៀត»។ នេះជាការពន្យល់បន្ថែមរបស់លោក តេង ច័ន្ទណាត។
 
ជុំវិញករណីនេះដែរ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានទទួលព័ត៌មាននេះហើយ និងកំពុងតាមដានសកម្មភាពដូចគ្នា។ លោកប្រាប់ថា ការប្រកាសខ្លួនជាអាទិទេព និងការមានជំនឿងប់នឹងអ្វីមួយនោះ ជាសេរីភាពរបស់ប្រជាពលរដ្ឋទូទៅដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ្វីដែលសំខាន់នោះ រាល់សកម្មភាពទាំងឡាយ មិនត្រូវប៉ះពាល់ដល់ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឡើយ។
 
​លោក សេង សុមុនី បន្តថា៖« ផលប៉ះពាល់ ដូចជាយកធម៌ព្រះទៅច្រៀង ទៅបន្ទុរបង្អាប់ យកព្រះពុទ្ធទៅដុតអី ។ល។ កម្រិតលោក ខឹម វាសនា មិនទាន់ដល់កម្រិតដែលប៉ះពាល់ទេ ក្រុមការងារកំពុងតាមដានពិនិត្យ និងសិក្សា តើបុគ្គលនោះកំពុងបង្កើតជំនឿផ្សេងឬយ៉ាងណា»?
 
លោក ខឹម វាសនា ទាយថានឹងមានបាតុភូត Black hole ដែលវានឹងធ្វើឱ្យភពផែនដីនេះ ជន់លិចដោយគ្រោះធម្មជាតិដ៏ធំ។ លោកបានអំពាវនាវឱ្យអ្នកជឿលោក ទៅចម្ការដែលជាទីអាសនៈរបស់លោក ប្រើសម្រាប់ធ្វើសមាធិ ស្ថិតនៅស្រុកបន្ទាយស្រី ដើម្បីគេចផុតពីគ្រោះដ៏អាក្រក់នេះ។

សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ខឹម វាសនា ប្រធាន និងលោក អ៊ី សាំងឡេង អនុប្រធាន និងលោក ចិន ថុន អគ្គលេខាធិការបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីសាកសួរពីព័ត៌មានបន្ថែមបានឡើយ ដោយមិនមានអ្នកទទួលទូរសព្ទ។
 
អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ ហាក់អស់សំណើចបន្ដិចដែរ ពេលឮលោក ខឹម វាសនា ប្រកាសថា នឹងមានទឹកជំនន់ជន់លិចពិភពលោកនេះនាពេលដ៏ឆាប់ខាងមុខ។ 
 
លោក ម៉ៅ ហាក់៖« សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ ហើយបានជម្រាបជូនអំពីស្ថានភាពទឹកជំនន់ក្នុងប្រទេសកម្ពុជាយើងហើយ អ៊ីចឹងដែលថាលិចលង់អ៊ីនៅណាហ្នឹង ខ្ញុំដូចជាមិន ដូចជាព័ត៌មានមិនដឹងបានពីណាមក ពីព្រោះយើងមានបណ្ដាញយើងផ្សព្វផ្សាយច្បាស់លាស់ ហើយកន្លងមកនេះយើងបានជូនដំណឹងហូរហែមកអ៊ីចឹង ដូច្នេះព័ត៌មានហ្នឹងខ្ញុំគិតថា ដូចជាមិនត្រឹមត្រូវទេ»។
 
មន្រ្តីក្រសួងធនធានទឹករូបនេះ សំណូមពរសុំឱ្យពលរដ្ឋ មុននឹងជឿព័ត៌មានអ្វីមួយ ដែលផ្សព្វផ្សាយទាក់ទងនឹងអាកាសធាតុ គួរយោងលើការផ្សព្វផ្សាយរបស់ក្រសួងធនធានទឹកជាគោល ដោយមិនត្រូវជឿស្ថាប័ន ឬបុគ្គលដែលគ្មានមូលដ្ឋាន និងមិនសមហេតុផលឡើយ។
 
ក្រៅពីពលរដ្ឋដែលនៅក្នុងស្រុក ក្នុងនោះក៏មានពលរដ្ឋខ្មែរដែលជាពលករនៅកូរ៉េខាងត្បូង ក៏ស្លន់ស្លោ និងកំពុងវិលត្រឡប់មកកម្ពុជាវិញដែរ ទោះបីពួកគេកំពុងធ្វើការ និងខាតប្រយោជន៍ជាច្រើនក៏ដោយ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ក្រើនរំឮកដល់ពលករទាំងនោះដែរ គឺប្រើបញ្ញាដើម្បីជឿអ្វីមួយឱ្យបានច្បាស់លាស់៕
 
 

Tag:
 អបិយជំនឿ
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com