ជាតិ
ក្រសួងបរិស្ថាននឹងរៀបចំសួនដំណាំ និងដើមឈើហូបផ្លែដល់ភូមិថ្មីរុនតាឯក
27, Aug 2022 , 2:40 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចុះមើលការងារនៅភូមិធម្មជាតិរុនតាឯក។ រូបភាព៖ ក្រសួងបរិស្ថាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចុះមើលការងារនៅភូមិធម្មជាតិរុនតាឯក។ រូបភាព៖ ក្រសួងបរិស្ថាន
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះពិនិត្យមើលការងាររៀបចំភូមិថ្មី គឺភូមិធម្មជាតិរុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីបំលាស់ទីពលរដ្ឋដែលសង់សំណង់មិនរៀបរយនៅឧទ្យានអង្គរ ចេញទៅនៅទីនោះនាពេលឆាប់ៗនេះ។ ក្នុងនោះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថានឹងចូលរួមគាំទ្រការរៀបចំនេះ ដោយបង្កើតជាសួនដំណាំ និងដើមឈើហូបផ្លែសម្រាប់ពលរដ្ឋក្នុងភូមិនេះ។

 
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានទៅដល់ភូមិធម្មជាតិរុនតាឯក នាថ្ងៃទី២៦ ខែសីហា ស្របពេលដែលក្រសួងទើបនឹងបញ្ជូនមន្រ្តីច្រើនរូប ដើម្បីជួយការងាររៀបចំភូមិធម្មជាតិរុនតាឯក។ រាជរដ្ឋាភិបាល តាមរយៈក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានសម្រេចរៀបចំផ្ទៃដីរាប់សិបហិកតា ដើម្បីដោះស្រាយគោលនយោបាយដល់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ។ 
 
នាឱកាសនោះ លោក សាយ សំអាល់ ក៏បានសួរសុខទុក្ខ និងពិនិត្យការងាររបស់មន្រ្តីមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ដែលកំពុងសហការជាមួយកម្លាំងនានា ក្នុងការរៀបចំឆ្ការព្រៃ ឱ្យទាន់ផែនការបំលាស់ទីពលរដ្ឋដែលមានសំណង់ខុសច្បាប់ចេញពីតំបន់ក្បែរប្រាសាទ ដើម្បីលើកគុណតម្លៃបេតិកភណ្ឌជាតិឡើងវិញ។ ក្នុងបំណងលើកកម្ពស់ជីវភាពសហគមន៍ ក្រសួងបរិស្ថានក៏បានប្រកាសចូលរួមការរៀបចំសួនដំណាំ និងដើមឈើហូបផ្លែដល់ពលរដ្ឋផងដែរ តែមិនបានបញ្ជាក់លម្អិតពីការងារនេះឡើយ។
 
ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។
 
បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមថ្ងៃទី២៧ ខែសីហា មានពលរដ្ឋជិត៨០០គ្រួសារហើយ ដែលព្រមព្រៀងចាប់ឆ្នោតទទួលយកដីឡូតិ៍ទំហំ ២០គុណ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក។ ខណៈការចុះវាស់វែងដីធ្លីបានជាង៣ម៉ឺនក្បាលដី គិតត្រឹមថ្ងៃទី២៥ ខែសីហា៕
 

Tag:
 សំណង់ខុសច្បាប់
  បរិស្ថាន
  ភូមិធម្មជាតិរុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com