ជាតិ
ពលរដ្ឋខ្លះស្ដាយស្រណោះ និងបារម្ភជីវភាព តែបង្ខំចិត្តចេញពីភូមិក្បែរប្រាសាទ
27, Aug 2022 , 10:00 pm        
រូបភាព
ពលរដ្ឋកំពុងរង់ចាំចាប់ឆ្នោតយកក្បាលដីឡូតិ៍ទៅនៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តសៀមរាប។
ពលរដ្ឋកំពុងរង់ចាំចាប់ឆ្នោតយកក្បាលដីឡូតិ៍ទៅនៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តសៀមរាប។
សៀមរាប៖ ពលរដ្ឋមួយភាគធំ ដែលមានផ្ទះនៅជិតតំបន់ប្រាសាទ ដែលចាត់ចូលក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ បានព្រមព្រៀងរុះរើផ្ទះសម្បែង ចេញទៅនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ពួកគេទាំងនោះ មានទាំងក្មេងចាស់ ហើយខ្លះបានចូលមករស់នៅតំបន់ទាំងនេះ អំឡុងឆ្នាំ៩០ជាង ខ្លះមុននេះទៅទៀត។ ដ្បិតព្រមចាកចេញពីភូមិចាស់ តែពួកគេស្ដាយស្រណោះភូមិឋានដែលធ្លាប់រស់នៅ និងខ្លះបារម្ភពីជីវភាពនៅភូមិថ្មី។

 
នាព្រឹកម៉ោងជិត៨ ថ្ងៃទី២៥ ខែសីហា ពលរដ្ឋក្នុងភូមិកស្សិណត្បូង និងត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានមកដល់បរិវេណខាងមុខរដ្ឋបាលខេត្តសៀមរាប។ ភាគច្រើនមកជាលក្ខណៈគ្រួសារ និងមានកាន់ឯកសារដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធនឹងដីធ្លីពួកគេជាដើម។
 
ក្រោយអង្គុយរង់ចាំជិតមួយម៉ោង មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីរដ្ឋបាលខេត្តផង បានចាប់ផ្តើមកម្មវិធីចាប់ឆ្នោតរើសក្បាលដីឡូតិ៍ សម្រាប់ពលរដ្ឋទាំង២ភូមិ ដែលមានគ្នាជាង៧០០គ្រួសារ។ ពួកគេទាំងនោះ តម្រូវឱ្យទៅនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដែលរដ្ឋាភិបាលអភិវឌ្ឍន៍សម្រាប់ប្រជាជនដែលសង់សំណង់ខុសច្បាប់ និងរស់នៅលើដីសាធារណរបស់រដ្ឋ។ 
 
ស្រ្ដីចំណាស់មួយរូប គឺអ្នកស្រី ពេក សឿម អាយុ៦១ឆ្នាំ ប្រាប់សារព័ត៌មានថ្មីៗថា បានស្ម័គ្រចិត្តផ្តិតមេដៃ ព្រមរុះរើផ្ទះដែលនៅភូមិត្រពាំងសេះ ដើម្បីបានដីកម្មសិទ្ធិនៅភូមិធម្មជាតិរុនតាឯក។ អ្នកស្រីប្រាប់ថា ការស្ម័គ្រចិត្តនេះ ក៏ដើម្បីចង់ឃើញតំបន់ប្រាសាទមានទេសចរច្រើនជាងមុន និងថែរក្សាសោភ័ណភាពបានស្អាតផង។ 
 
ក្រុមគ្រួសារអ្នកស្រី សឿម បែកគ្រួសារសរុបចំនួន៤ ដូច្នេះមានសិទ្ធិចាប់ឆ្នោតយកដីឡូតិ៍ថ្មីចំនួន៤។ យ៉ាងណា អ្នកស្រី សឿម នៅបារម្ភចំពោះមុខរបរកូនៗនៅតំបន់ប្រាសាទ ដោយមិនទាន់ដឹងថា ទៅកន្លែងថ្មីនោះ ងាយស្រួលរកស៊ី ឬធ្វើការយ៉ាងណានោះទេ។ 
 
អ្នកស្រី សឿម៖« ស្ដាយស្រណោះភូមិឃុំដែរ តែក្រុមការងារគេត្រូវការហើយ គឺត្រូវតែទៅ ទៅដោយចិត្តស្មោះ លើកដៃមុនគេតែម្ដង។ ឆ្ងាយដែរ មិនចង់ឃ្លាតពីស្រុកកំណើតទេ»។ 
 
ចំណែកលោកយាយ ម៉ូត រឿន ស្ថិតក្នុងចំណោមមនុស្សចាស់ ដែលទទួលបានអាទិភាពចាប់ឆ្នោតមុនគេ បានឱ្យដឹងថា លោកយាយសប្បាយចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ទៅនៅភូមិធម្មជាតិរុនតាឯក។ ដ្បិតរៀងឆ្ងាយពីភូមិចាស់ក្ដី តែស្រ្ដីវ័យ៨២ឆ្នាំរូបនេះ ប្រាប់ថា មិនចោទជាបញ្ហាសម្រាប់ខ្លួនទេ គឺអាចរស់នៅបាន ហើយគាត់មានអារម្មណ៍ស្រឡះមុខមាត់ជាងនៅភូមិចាស់ ដែលស្ថិតនៅខាងជើងកសិន្ធុអង្គរវត្ត។
 
ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ នៃរដ្ឋបាលក្រុងសៀមរាប លោក ហាយ យ៉ុង បានឱ្យដឹងថា ពលរដ្ឋជាង៩០០គ្រួសារនៅភូមិទក្សិណត្បូង និងត្រពាំងសេះ ដែលមានសំណង់ខុសច្បាប់ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ទៅនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី។ ក្នុងនោះ ភូមិទក្សិណត្បូងមាន ៣៤៦គ្រួសារ និងភូមិត្រពាំងសេះ ៦១៤គ្រួសារ។ 
 
តាមការលើងឡើងរបស់លោក ហាយ យ៉ុង ពលរដ្ឋខ្លះមិនទាន់ព្រមចាកចេញទេ ដោយសារបារម្ភចំពោះជីវភាពរស់នៅតំបន់ថ្មី និងស្ដាយស្រណោះភូមិដែលធ្លាប់រស់នៅ។ លោក ហាយ យ៉ង់៖« អ្នកមិនព្រម ដោយគិតថា ទី១ការបំលាស់ទីទាក់ទងនឹងជីវភាព ទី២ ឆ្ងាយពីកន្លែងធ្វើការ ស្នើសុំនៅកន្លែងចាស់ ព្រោះយោងថាបានរស់នៅយូរហើយ កន្លែងថ្មីគិតថា មិនអាចដំណើរការជីវភាពឆាប់ទេ»។
 
យ៉ាងណា តាមការបញ្ជាក់ពីលោក ហាយ យ៉ង់ អាជ្ញាធរបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យពួកគេព្រមព្រៀងទៅទីតាំងថ្មី ដ្បិតកន្លែងនោះមានបណ្ណកម្មសិទ្ធិស្របច្បាប់ ហើយកំពុងអភិវឌ្ឍន៍ជាប្រជុំជនដ៏សំខាន់ក្នុងស្រុកបន្ទាយស្រីផង ដោយបច្ចុប្បន្នមានសាលារៀន និងគម្រោងកំពុងរៀបចំជាផ្សារ និងមន្ទីរពេទ្យថែមទៀត។
 
ដ្បិតថាបានចាប់ឆ្នោតយកក្បាលដីរួចហើយ តែអាជ្ញាធរប្រាប់ពលរដ្ឋថា ពួកគេអាចទៅមើលដីរបស់ខ្លួនបាននៅក្រោយមួយសប្ដាហ៍ទៀត ដោយបច្ចុប្បន្នអាជ្ញាធរកំពុងឈូសឆាយ និងរៀបចំផ្លូវថ្នល់។ ចំណុចនេះ មន្រ្តីរដ្ឋបាលក្រុងពន្យល់ថា ពលរដ្ឋបានស្នើសុំ សុំចាកចេញនៅចុងឆ្នាំនេះ ដោយរង់ចាំឱ្យកូនៗរៀនចប់ឆ្នាំសិក្សានេះសិន។ យ៉ាងណាលោក ហាយ យ៉ង់ បញ្ជាក់ថា ពលរដ្ឋដែលចង់ទៅមុខ អាជ្ញាធរនឹងសម្រួលការដឹកជញ្ជូនតាមលទ្ធភាព។ 
 
ជុំវិញការរុះរើសំណង់ខុសច្បាប់នេះដែរ លោក ហាយ យ៉ង់ បញ្ជាក់យ៉ាងដូច្នេះថា៖« គោលដៅដំបូងនេះ ដោះអ្នកនៅជុំវិញកសិន្ធុអង្គរសិន ហើយគោលដៅផ្សេងៗ មិនទាន់ដឹងថាគោលការណ៍រដ្ឋរៀបចំយ៉ាងម៉េចទេ។...គោលការណ៍ដោះស្រាយជាទូទៅ គឺគាត់ទទួលបានដីទំហំ ២០គុណ៣០ម៉ែត្រ ដូចៗគ្នា ទោះដីចាស់ធំតូចក្ដី»។
 
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមថ្ងៃទី២៥ ខែសីហា ការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានចំនួន ជាង៣ម៉ឺនក្បាលដី។ ក្រសួងបញ្ជាកថ់ា ចំពោះពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងព្រមរុះរើសំណង់ខុសច្បាប់ ព្រមទាំងចាប់ឆ្នោតទៅនៅភូមិធម្មជាតិរុនតាឯក មានចំនួន ៧៨៩គ្រួសារ៕
 

Tag:
 តំបន់អង្គរ
  សំណង់ខុសច្បាប់
  អង្គរ
  ភូមិធម្មជាតិរុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com