ជាតិ
អ្នកធ្វើការក្នុងវិស័យទេសចរណ៍៣០០នាក់ចូលរួមរើសសំរាមត្រៀមទទួលទេសចរឡើងវិញ
28, Aug 2022 , 3:00 pm        
រូបភាព
អ្នកធ្វើការក្នុងវិស័យទេសចរណ៍ចូលរួមរើសសំរាមក្នុងយុទ្ធនាការ មួយជំហានគ្មានប្លាស្ទិកនៅខេត្តសៀមរាប។
អ្នកធ្វើការក្នុងវិស័យទេសចរណ៍ចូលរួមរើសសំរាមក្នុងយុទ្ធនាការ មួយជំហានគ្មានប្លាស្ទិកនៅខេត្តសៀមរាប។
សៀមរាប៖ អ្នកធ្វើការក្នុងវិស័យទេសចរណ៍ បានចូលរួមក្នុងយុទ្ធនាការ «មួយជំហានគ្មានប្លាស្ទិក» ដែលរៀបចំឡើងក្នុងខេត្តសៀមរាប ក្នុងបំណងដើម្បីបរិស្ថានស្អាត និងត្រៀមទទួលទេសចរត្រឡប់មកវិញ។

 
លោក Jacques GUICHANDUT នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia និងជាអ្នកផ្តួចផ្តើមរៀបចំយុទ្ធនាការមួយជំហានគ្មានប្លាស្ទិក ឬ One Step No Plastic បានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្នុងបំណងបំផុសស្មារតីចូលរួម​ពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបរិស្ថានស្អាត។ លោកបន្តការ ការងារនេះធ្វើឡើងក៏ដោយសារកន្លងមកធ្លាប់មានបរទេសមួយចំនួន បានត្អូញត្អែរពីបញ្ហាសំរាមប្លាស្ទិក ដែលត្រូវបានបោះពាសវាលពាសកាលនៅតាមផ្លូវសាធារណ ដែលបញ្ហានេះបានទាញទម្លាក់ចំណុចពិសេសៗរបស់កម្ពុជា។ 

 លោក Jacques GUICHANDUT ពេលផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌មានមុនបើកយុទ្ធនាការរើសសំរាម។
លោក Jacques GUICHANDUT  ពន្យល់ថា៖«យើងសម្រេចធ្វើការងារនេះក្នុងបំណងផ្ដល់ចំណេះដឹង ឱ្យបរិស្ថានស្អាត និងឱ្យទេសចរចូលមកលេងស្រុកខ្មែរសប្បាយចិត្ត ទាំងសេវាកម្ម និងសង្គមទាំងមូល ស្រុកខ្មែរជាប្រទេសដែលរាក់ទាក់ ស្អាត អ៊ីចឹងមិនចង់ឱ្យបញ្ហាសំរាមក្លាយជាចំណុចអវិជ្ជមានទេ»។
 
មែនទែនទៅ យុទ្ធនាការនេះបង្កើតឡើងក៏ដោយសារយុវតីពីររូប បានបង្កើតបទចម្រៀង Original Song ទាក់ទងនឹងការអប់រំបរិស្ថាន។ ពួកគេ គឺកញ្ញា វីរៈ ម៉ូនីកា និងកញ្ញា ថោង ហុងអ៊ីង ដែលជាសិល្បៈករនៃក្រុម តោះយើង។ 
 
កញ្ញា វីរៈ ម៉ូនីកា ប្រាប់ថា ពួកគេបានបញ្ចប់ថ្នាក់ផលិតចម្រៀងពី The Sound Initiative ហើយក្រោយពេលរៀនចប់ ពួកគេបានផលិតបទចម្រៀងមួយឈ្មោះថា Re-five  ទាក់ទងនឹងការប្រើប្រាស់ប្លាស្ទិកឡើងវិញ។ តាមរយៈអង្គការហ្វារពន្លឺសិល្បៈ ពួកគេក៏បានជួបជាមួយ All Dreams Cambodia ដើម្បីស្វែករកការគាំទ្រថវិកាផលិតវីដេអូបទចម្រៀងមួយនេះ។ ដៃគូរទាំងពីរបានព្រមព្រៀងបង្កើតយុទ្ធនាការសម្អាតសំរាមនៅតាមខេត្តក្រុងមួយចំនួន រយៈពេល៦ខែ មុននឹងចេញវីដេអូអប់រំបរិស្ថាននេះជាផ្លូវការ។ នេះជាការបញ្ជាក់ពីកញ្ញា ម៉ូនីកា។

 
នេះជាលើកទី២ហើយនៃយុទ្ធនាការ មួយជំហានគ្មានប្លាស្ទិក ដែលលើកដំបូងធ្វើឡើងនៅខេត្តកែប។ ពិធីបន្ទាប់គ្រោងធ្វើនៅរាជធានីភ្នំពេញ បាត់ដំបង ក្រចេះ និងថ្ងៃទី៨ ខែធ្នូ គ្រោងរៀបចំធំនៅរាជធានីភ្នំពេញ ដើម្បីបញ្ចប់យុទ្ធនាការនេះ។ នេះជាការលើកឡើងរបស់លោក Jacques GUICHANDUT។ 
 
សម្រាប់យុវតី វីរៈ ម៉ូនីការ បញ្ហាសំរាមកើតមានយូរមកហើយ តែចុងក្រោយនេះការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងគួរឱ្យបារម្ភ។ ដូច្នេះតាមបទចម្រៀងរបស់ខ្លួន ម៉ូនីកា ជឿជាក់ថា អាចបណ្ដុះគំនិតប្រជាពលរដ្ឋខ្មែរឱ្យយល់បន្ថែមពីការប្រើប្រាស់ ការទុកដាក់ និងការកែច្នៃឡើងវិញ។ល។
 
ចូលរួមក្នុងពិធីនោះដែរ គឺលោក សំហេង បុរស រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យល់ថា យុទ្ធនាការខាងលើមានសារសំខាន់ ដើម្បីអប់រំ និងបណ្ដុះគំនិតកូនខ្មែរឱ្យយល់ពីតួនាទី និងកាតព្វកិច្ចខ្លួនឯង។ លោកថា ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ត្រូវការការចូលរួមពីកូនខ្មែរគ្រប់រូប ដោយមិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែមួយទេ។

 
ក្នុងយុទ្ធនាការដែលរៀបចំនៅថ្ងៃទី២៧ ខែសីហា មានអ្នកចូលរួមដែលភាគច្រើនធ្វើការក្នុងវិស័យទេសចរណ៍សរុបប្រមាណ៣០០នាក់ ដែលមកពីជាង៤០ក្រុមហ៊ុន និងស្ថាប័ន។ ពួកគេបានរើសសំរាមបានចំនួន ១៥០០គីឡូក្រាម ក្នុងនោះ១០០គីឡូក្រាម ជាសំរាមកែច្នៃឡើងវិញ និង១៤០០គីឡូក្រាមទៀត ជាកាកសំណល់ទូទៅ។ All Dream Cambodia គ្រោងបញ្ជូនកាកសំណល់ទូទៅ ១៤០០គីឡូក្រាម ទៅរោងចក្រកែច្នៃរបស់ក្រុមហ៊ុន ជីប ម៉ុង និងប្លាស្ទិកដែលអាចកែច្នៃចំនួន១០០គីឡូក្រាមទៀត នឹងបញ្ជូនទៅជូន Eco-Bricks៕
 






Tag:
 បរិស្ថាន
  សំរាម
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com