ជាតិ
យុវសិស្សក្រីក្ររំឭកឱកាសទទួលបានការអប់រំ និងកំពុងក្លាយជាធនធានសំខាន់ក្នុងសង្គម
28, Aug 2022 , 10:00 pm        
រូបភាព
សៀប ស៊ីនាង ពេលចុះធ្វើការងារតាមសហគមន៍នាពេលកន្លងមក។
សៀប ស៊ីនាង ពេលចុះធ្វើការងារតាមសហគមន៍នាពេលកន្លងមក។
សៀមរាប៖ ការព្យាយាមសិក្សា ក៏ជាផ្នែកមួយនៃការពុះពារក្នុងឆាកជីវិតដែរ ពិសេសពេលយើងកើតក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាត។ យុវសិស្សទាំងនោះ ហាក់មានអ្វីម្យ៉ាងមកជួយជំរុញទឹកចិត្តពួកគេឱ្យខិតខំរៀនសូត្រ ទោះដឹងថា គ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ។ យុវសិស្សដែលទទួលបានអាហារូបករណ៍សិក្សាពីអង្គការក្នុងស្រុកមួយ កំពុងទទួលបានពន្លឺនៃជីវិតជាបណ្ដើរៗ​ ខណៈដែលកន្លងមកពួកគេមិនមានក្ដីស្រមៃច្បាស់លាស់។

 
សៀប ស៊ីនាង កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជធានីភ្នំពេញ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាលាមួយនាក្រុងសៀមរាប។ ក្រៅពីបន្តការសិក្សា ស៊ីនាង ក៏កំពុងធ្វើការនៅអង្គការ PSE ផងដែរ។ 

 សៀប ស៊ីនាង ពេលកាន់កម្មវិធីក្នុងពិធីសម្ពោធស្នាក់ការអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅដើមខែ សីហា ឆ្នាំ២០២២។

 
នៅឆ្នាំ២០១៣ យុវតីរូបនេះ បានទទួលអាហារូបករណ៍សិក្សាពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្រោយនាងនិងម្ដាយមករស់នៅជាមួយបងស្រីនៅខេត្តសៀមរាប។ ដោយសារជីវភាពខ្វះខាត និងចង់រៀនសូត្រ ស៊ីនាង ធ្លាប់ចេញទៅនៅជាមួយបងស្រីម្នាក់ទៀតនៅភ្នំពេញ នៅពេលនាងអាយុ៩ឆ្នាំ។ ស៊ីនាង បានដឹងដំណឹងពីអាហារូបករណ៍ ហើយបានប្រឡងជាប់ និងចូលរៀននៅសាលាឯកជនមួយនៅថ្នាក់ទី១១ ដែលអង្គការជួយទាំងថវិកា សម្ភារ និងអាហារប្រចាំថ្ងៃ។
 

យុវតី សៀប ស៊ីនាង

បច្ចុប្បន្ន អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលមានមូលដ្ឋាននៅក្រុងសៀមរាប បានផ្តល់អាហារូបករណ៍ដល់សិស្សខ្វះខាតនៅជនបទឱ្យបន្តការសិក្សានៅកម្រិតមធ្យមសិក្សា និងកម្រិតឧត្តម សរុប ១០៥នាក់ហើយ ចាប់តាំងពីអង្គការនេះបង្កើតក្នុងឆ្នាំ២០១១ ដោយប្ដីប្រពន្ធជនជាតិអូស្រ្ដាលីមួយគូរ។ ក្នុងចំណោមសិស្សទាំងនោះ ក៏មានយុវសិស្ស សៀប ស៊ីនាង ដែរ។ 
 
ពេលសួរ​ ថាតើអង្គការនេះបានរួមចំណែកអ្វីខ្លះដល់ការសិក្សា ស៊ីនាង ឆ្លើយថា៖« ជួយច្រើន ទី១ទាក់ទងនឹងការរៀន ដំបូងពេលចេញពីផ្ទះ ខ្ញុំមានក្ដីស្រមៃតែមួយទេ គឺរៀនចប់ថ្នាក់ទី១២ ទាំងមិនដឹងថា ទី១២បែបណា។ ឥឡូវគាត់ (អង្គការ) ធ្វើឱ្យខ្ញុំដឹងថា​ ការអប់រំសំខាន់សម្រាប់បុគ្គលម្នាក់ៗ មិនថាគាត់ជាបុគ្គលបែបណាទេ សំខាន់ឱ្យតែគាត់បានរៀន»។
 
ក្រៅពីនេះ អង្គការខាងលើក៏បានជួយឱ្យ ស៊ីនាង ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ មានស្មារតីជួយសង្គមវិញក្នុងនាមជាយុវជនមួយរូប ដោយមិនចាំតែទទួល ហើយពុំមានអ្វីជួយត្រឡប់ទៅសង្គមវិញឡើយ។ «សម្រាប់ខ្ញុំ ប្រាប់ខ្លួនឯងថា ខ្ញុំទទួលបានប៉ុណ្ណឹង ខ្ញុំនឹងជួយឱ្យបានច្រើនទៀតដល់សង្គម ជួយក្មេងស្រី សហគមន៍»។ល។ នេះជាការលើកឡើងរបស់លោក ស៊ីនាង។
 
ចេញពីភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ យុវសិស្ស នាង ស្រីណា មានឱកាសបានស្គាល់ទីក្រុងនឹងគេ ក្រោយទទួលបានអាហារូបករណ៍សិក្សានៅថ្នាក់ទី១២។ ស្រីណា រំឭកថា ខ្លួនបានឃើញអង្គការចុះចែកក្រដាសព័ត៌មាននៅតាមស្រុក នៅតំបន់ដាច់ស្រយាល ហើយខ្លួនគេក៏បានបំពេញបែបបទដើម្បីប្រឡងនឹងគេ។ ការប្រឡងមាន៣ដំណាក់កាល ទី១គឺប្រឡងពីវប្បធម៌ទូទៅ ទី២សម្ភាសផ្ទាល់ និងទី៣ ចុះមើលដល់ផ្ទះ។ 
 
ដូចសិស្សអាហារូបករណ៍ដទៃទៀតដែរ ស្រីណា ទទួលការទំនុកបម្រុងជាច្រើន ដូចជាអាហារ សំលៀកបំពាក់ និងការស្នាក់នៅជាដើម។ 
 
«ដំបូងមកដល់ទីក្រុង មានអារម្មណ៍ថាប្លែក និងថ្មីសម្រាប់ខ្ញុំ ខ្ញុំភ័យ ខ្ញុំខ្លាចមែនទែន ហើយបើក្រឡេកទៅមើលបច្ចុប្បន្នខ្ញុំគិតថា មានការអភិវឌ្ឍច្រើនមែនទែន។ កាលពីខ្ញុំនៅផ្ទះ (ស្រុក) គឺមិនសូវមានភាពស្វាហាប់ ប៉ុន្តែបានមកនៅអង្គការ ខ្ញុំមានភាពស្វាហាប់ ទាក់ទងចំណេះដឹងក៏ខ្ញុំទទួលបានច្រើន»។ នេះជាការបញ្ជាក់ពីយុវសិស្ស ស្រីណា ដែលសព្វថ្ងៃកំពុងសិក្សានៅថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្ម នៅសាលាបញ្ញាសាស្រ្ដខេត្តសៀមរាប។ 
 
ក្រៅពីមើលឃើញការផ្លាស់ប្ដូរខ្លួនឯងបែបនេះ ស្រីណាដែលមានវ័យ ២២ ឆ្នាំ ក៏ចាប់ផ្តើមរៀនសូត្របានច្រើនទាក់ទងនឹងការងារសង្គម ដោយរៀងរាល់ចុងសប្ដាហ៍ ឬពេលសម្រាក ពួកគេតែងចុះទៅសហគមន៍ ដូចជាជួសជុល ការចែកកង់ដល់សិស្សនៅតំបន់ដាច់ស្រយាល និងការចែករំលែកព័ត៌មានទាក់ទងនឹងសុខភាពស្រ្ដី ការអប់រំ និងបញ្ហាប្លាស្ទិកជាដើម។
 
ជាកូនទី៤ក្នុងចំណោមបងប្អូន៥នាក់ ស្រីណា មានឱកាសបានរៀនសូត្រខ្ពស់ជាងបងប្អូនដទៃទៀត ដែលបានឈប់រៀន ដើម្បីជួយការងារក្នុងគ្រួសារ។ ដ្បិតកើតក្នុងគ្រួសារកសិករមានជីវភាពខ្វះខាតក៏ពិតមែន តែស្រីណា តែងទទួលបានដំបូន្មានពីឪពុកម្ដាយ ដោយឱ្យគេប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតសម្រាប់ថ្ងៃខាងមុខ។ «ម៉ាក់ គាត់មិនឱ្យឈប់រៀនទេ គឺគាត់ប្រាប់ជារឿយៗថា គាត់កើតមកអត់មានផ្ដល់អីឱ្យខ្ញុំទេ ដូច្នេះមានតែការសិក្សាដែលធ្វើឱ្យកូនមានអនាគតភ្លឺថ្លា»។ ស្រីណា​ បន្ថែម។
 

 នាង ស្រីណា ពេលចុះធ្វើការងារតាមសហគមន៍ជាមួយអង្គការជឿជាក់លើសិស្សជនបទនាពេលកន្លងមក

ស្រីណា ប្រាប់ពីគោលបំណងទៅអនាគតយ៉ាងដូច្នេះថា៖« ខ្ញុំនឹងខិតខំប្រែងប្រែងសិក្សារៀនសូត្រ ហើយដល់ពេលបញ្ចប់ថ្នាក់បរិញ្ញាបត្រនឹងស្វែងរកការងារមួយដ៏ល្អ ហើយនិងធ្វើម៉េចជួយឱ្យគ្រួសារខ្ញុំមានភាពធូរធារជាងមុន។ ខ្ញុំចង់ឱ្យក្មេងស្រីនៅសហគមន៍ខ្ញុំ មានការសិក្សាបានខ្ពស់ ដោយសារនៅតាមជនបទធម្មតានៅពេលគាត់ឡើងដល់ថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ គឺគាត់ឈប់សិក្សា​ ហើយភាគតិចណាស់ដែលគាត់បន្តសាកលវិទ្យាល័យ»។
 

យុវតី នាង ស្រីណា

ចំណែកយុវសិស្ស សៀប ស៊ីនាង ចង់ឱ្យយុវជនដើរតាមក្ដីស្រមៃខ្លួនឯង ទោះមានឧបសគ្គអ្វីក៏ដោយ ក៏ពួកគេត្រូវជឿជាក់លើខ្លួនឯងជានិច្ច។ ស៊ីនាង ពន្យល់ថា៖« ប៉ុន្តែបើយើងតាមក្ដីស្រមៃយើង ដូចខ្ញុំអ៊ីចឹង កាលមុនគេធ្លាប់និយាយថា ខ្ញុំខ្មៅ ខ្ញុំអាក្រក់ ខ្ញុំបែបនេះ ខ្ញុំបែបនោះ ប៉ុន្តែខ្ញុំដើរតាមក្ដីស្រមៃ ធ្វើឱ្យខ្ញុំមកដល់ពេលនេះ។...អនាគតខ្ញុំចង់ក្លាយជាអ្នកកាន់គម្រោងធំៗ ដើម្បីជួយលើយុវជន ស្រ្ដី ឱ្យដើរតាមក្ដីស្រមៃគាត់»៕
 

Tag:
 អប់រំ
  អង្គការជឿជាក់លើសិស្សជនបទកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com