ជាតិ
សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងបើកដំណើរការវិញ
29, Aug 2022 , 5:06 pm        
រូបភាព
កន្លែងស្នាក់នៅជាង ៥០០ទីតាំងបើកដំណើរការវិញ ខណៈជិត២០០ទីតាំងទៀតកំពុងស្ទាក់ស្ទើរនៅឡើយ (ប្រភពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី)
កន្លែងស្នាក់នៅជាង ៥០០ទីតាំងបើកដំណើរការវិញ ខណៈជិត២០០ទីតាំងទៀតកំពុងស្ទាក់ស្ទើរនៅឡើយ (ប្រភពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី)
ដោយ៖ ហេង​ស្រីលីន
 
គិតចុងខែកក្កដាឆ្នាំនេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅកម្ពុជា ៥២០ទីតាំង ក្នុងចំណោម៧៣៩កន្លែង បានដំណើរការឡើងវិញ។ ចំណែកទីតាំងចំនួន ១៩០ទៀត មិនទាន់បើកដំណើរការទទួលភ្ញៀវនៅឡើយ ខណៈ២៩ទីតាំងផ្សេងទៀត បានបិទទ្វារទាំងស្រុង ។ ដោយឡែកភោជនីយដ្ឋានសរុប ២៥២៩កន្លែង ក៏បានបើកដំណើរការឡើងវិញជាង២ពាន់ទីតាំងដែរ ។ ក្នុងនោះ មាន៣៦៣ទីតាំងទៀត នៅតែបន្តផ្អាកនៅឡើយ។

 
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លើកឡើងថា ខេត្តសៀមរាប រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងអំឡុងពេលជំងឺកូវីដ-១៩នេះ ដោយអាជីវកម្ម៩០ភាគរយ បានផ្អាក និងបិទទ្វារ។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។
 
បើតាមលោក សុភ័ក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗវិញហើយ។ វត្តមានភ្ញៀវទាំងនេះ បានជួយឱ្យអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦ភាគរយ នៃអាជីវកម្មដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ បានបើកដំណើរការឡើងវិញ។
 
បច្ចុប្បន្ន ភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរកម្សាន្តទៅទូទាំងប្រទេសកម្ពុជា ប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃ។ ក្នុងនោះនៅខេត្តសៀមរាប ទទួលបានទេសចរអន្តរជាតិ ពី៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។
 
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បន្ថែមថា៖ «នៅក្នុងរដូវកាលមានទេសចរណ៍ច្រើន ចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទកន្លងទៅ ក៏គាត់អាចបើកបន្តថែមទៀតដែរ»។
 
លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារ និងជាម្ចាស់សណ្ឋារគារមានទីតាំងនៅខេត្តក្រចេះ និងរតនគិរី បានប្រាប់ថា វិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានដំណើរការល្អជាងមុន ប៉ុន្តែម្ចាស់អាជីវកម្មទាំងនេះ នៅជួបប​ញ្ហាប្រឈម ដោយសារខ្វះខាតបុគ្គលិក និងថវិកា ដែលធ្វើឱ្យការបម្រើសេវាកម្មភ្ញៀវ មានភាពខ្វះចន្លោះ។
 
អនុប្រធានសមាគមសណ្ឋាគាររូបនេះ បញ្ជាក់ថា៖ «តាមការធ្វើដំណើររបស់ខ្ញុំ ពីខេត្តមួយទៅខេត្តមួយ ឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់ ពុំទាន់បានបើកឡើងវិញ១០០ភាគរយដូចកាលមុនកូវីដទេ។ ការមិនទាន់បើកទ្វារនេះ ដោយសារកត្តាខ្វះទុនបើកឡើងវិញ ព្រោះថាការបើកសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវការថវិកាគួរសមដែរ ទៅតាមប្រភេទអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារតាមលំដាប់»។ 
 
មួយវិញទៀត អំឡុងពេលបិទទ្វារព្រោះកូវីដនេះ ចំនួនបុគ្គលិកជំនាញ អ្នកគ្រប់គ្រង ចាប់ផ្តើមអន់ថយ ពីព្រោះអ្នកទាំងនោះ បានទៅធ្វើការនៅកន្លែងផ្សេង ។ នេះបើតាមអ្នកស្រី ចិន្តា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជា ជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣ភាគរយ កំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤ភាគរយបានបិទអាជីវកម្ម។ ក្នុងនោះអាជីវកម្ម៦៥១ ក្នុងចំណោម១១៩៦ នៅខេត្តសៀមរាប បានបន្តផ្អាក និងបិទទ្វារ៕
 

Tag:
 ThmeyThmey
  ទេសចរណ៍
  កន្លែងស្នាក់នៅ
© រក្សាសិទ្ធិដោយ thmeythmey.com