ជាតិ
លោក វេង សាខុន ស្នើអ៊ីស្រាអែល​បន្តគាំទ្រ​ និង​បង្កើតគម្រោងថ្មី សម្រាប់វិស័យកសិកម្មនៅកម្ពុជា
30, Aug 2022 , 7:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល
ភ្នំពេញ៖ ​លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម បាន​ស្នើ​ដល់ភាគីអ៊ីស្រាអែលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការឧបត្ថម្ភគាំទ្រ និងរួមគ្នារៀបចំគម្រោងផ្សេងៗ ដែលជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ។ ជាមួយ​គ្នានេះ រដ្ឋមន្រ្តីកសិកម្ម ក៏​សង្ឃឹម និងជឿជាក់ថា ភាគី​អ៊ីស្រាអែល នឹងអាចពិនិត្យពិចារណាបង្កើនចំនួនសិស្សបន្ថែមទៀតនាពេលអនាគតផងងដែរ។



ក្នុង​ជំនួបរវាងលោក វេង សាខុន ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកស្រី​ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល កាលពីថ្ងៃទី២៩ សីហា បាន​ពិភាក្សា​លើ​ប្រធាន​សំខាន់ចំនួនពីរ។ 
 
បើតាម​ហ្វេសប៊ុ​ក​ផេក​របស់​ក្រសួង​កសិកម្ម ប្រធានបទទី១ ទាក់ទង​នឹង​ភាព​ជោគជ័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈការអភិវឌ្ឍវិស័យកសិកម្ម និងធនធានមនុស្ស ដោយបានបញ្ជូននិស្សិតកម្ពុជាទៅសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់នៅរដ្ឋអ៊ីស្រាអែល។ ចំណែក​ប្រធានបទទី​២ គឺ​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជុំវិញ​ការបណ្តុះបណ្តាលធនធានមនុស្សក្នុងរយៈពេលខ្លី និង​វែង រួមទាំងការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងការចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម កសិ-ធុរកិច្ច ការគ្រប់គ្រង និងដឹកនាំសហគ្រិន ការប្រែប្រួលអាកាសធាតុ។ល។ 


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
ជុំវិញ​ការ​ផ្ដល់​ឱកាស​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អ៊ី​ស្រាអែល លោក វេង សាខុន បាន​អរគុណ​រដ្ឋាភិបាល​អ៊ី​ស្រាអែល​ ដែល​ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយៈការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន។​ នៅពេលថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបង្កើនចំនួននិស្សិតថែមក្នុង១ឆ្នាំ ៥០នាក់បន្ថែមទៀតសរុប ២៥០នាក់ក្នុងមួយឆ្នាំ។ 
 
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម សង្ឃឹម និងជឿជាក់ថា លោកស្រី​ Eynat Shlein នឹងអាចពិនិត្យ ពិចារណាបង្កើនចំនួនសិស្សបន្ថែមទៀតនាពេលអនាគត។ លើសពីនេះ ស្នើដល់ភាគីអ៊ីស្រាអែលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការឧបត្ថម្ភគាំទ្រ និងរួមគ្នារៀបចំគម្រោងផ្សេងៗទៀតដែលអាចជាប្រយោជន៍សម្រាប់វិស័យកសិកម្មកម្ពុជា និងប្រទេសទាំងពីរ។ 
 
លោកស្រី​ Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល សង្កេតឃើញថាកម្ពុជាកំពុងទទួលអត្ថប្រយោជន៍យ៉ាងល្អប្រសើរពីកិច្ចសហប្រតិបត្តិការនេះ។ បើតាមលោកស្រី​ Eynat Shlein ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានកាត់បន្ថយចំនួនសិស្សពីបណ្តាលប្រទេស លើកលែងតែកម្ពុជាដែលត្រូវបានបង្កើនទៅវិញ។ 


លោកស្រី Eynat Shlein នាយកប្រតិបត្តិអង្គការ MASHAV និងជាអគ្គនាយករងនៃក្រសួងការបរទេសនៃរដ្ឋអ៊ីស្រាអែល។
 
លោកស្រី​ Eynat Shlein លើកឡើងថា៖ «គួររួមគ្នារៀបចំគម្រោងពិនិត្យ ផ្តល់ប្រឹក្សាយោបល់ និងតាមដានសកម្មភាព ភាពជោគជ័យ និងបញ្ហារបស់និស្សិតដែលបានបញ្ចប់ការធ្វើកម្មសិក្សានៅអ៊ីស្រាអែល។ ហើយបើអាច ពិនិត្យលទ្ធភាពក្នុងការផ្តល់ទុនសម្រាប់និស្សិតបង្កើត ឬពង្រីកអាជីវកម្មកសិកម្ម ដើម្បីធានាប្រសិទ្ធភាព និរន្តរភាពនៃកិច្ចសហប្រតិបត្តិការ និងជាពិសេសរួមគ្នាអភិវឌ្ឍន៍វិ ស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព»។ 
 
ទាក់ទងនឹង​ការ​លើកឡើង​នេះ លោក វេង សាខុន អះអាងថានេះ ជាយន្តការមួយដែលក្រសួង កំពុងរៀបចំ។ បន្ថែម​លើនេះ រដ្ឋមន្រ្តីក្រសួង​កសិកម្ម ក៏​បន្តស្នើ​ដល់លោកស្រី Eynat Shlein ​គួរបង្កើតក្រុមការងារជំនាញរវាងក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីរៀបចំសេចក្តីព្រាងឯកសារអនុស្សរណនៃការយោគយល់គ្នា៕ 
 

Tag:
 កសិកម្ម
  និស្សិត
  អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com