ជាតិ
លោក វេង សាខុន ប្រាប់​និស្សិត​កសិកម្ម​​នៅ​អ៊ីស្រាអែល ឱ្យយក​ចំណេះ និងបច្ចេកទេសល្អៗទៅកសាង និងអភិវឌ្ឍប្រទេសវិញ
02, Sep 2022 , 9:59 pm        
រូបភាព
លោក វេង សាខុន រួមទាំងនិស្សិតកសិកម្មកម្ពុជា នៅអ៊ីស្រាអែល។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន។
លោក វេង សាខុន រួមទាំងនិស្សិតកសិកម្មកម្ពុជា នៅអ៊ីស្រាអែល។ រូបភាពពីហ្វេសប៊ុកលោក វេង សាខុន។
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅ​អ៊ីស្រាអែល លោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម​ បានចូលរួម​ចែក​សញ្ញាបត្រ​ដល់​និស្សិតកសិកម្មកម្ពុជា​ចំនួន ២០០នាក់ ដែល​បញ្ចប់​វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយៈពេល ១១ខែ កាលពី​ថ្ងៃទី​២៩ សីហា។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នេះ រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា បាន​ណែនាំ​ឱ្យ​និស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ។

 
កាលពីថ្ងៃទី២៩ សីហា និស្សិត​កសិកម្ម​កម្ពុជា​ចំនួន ២០០នាក់​ បាន​ទទួល​សញ្ញាបត្រ​ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​កសិកម្ម​​រយៈពេល ១១​ខែ នៅ​អ៊ី​ស្រាអែល។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ខាងលើ មាន​វត្ត​មានលោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឧបនាយ​រដ្ឋមន្រ្តី​អ៊ូហ្គាន់ដា និងរដ្ឋមន្រ្តីក្រសួងកសិកម្មមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកមួយចំនួនទៀត។
 
ក្នុង​ពិធីចែកសញ្ញាបត្រដល់និស្សិតកសិកម្ម​កម្ពុជានៅ​អ៊ីស្រាអែល លោក វេង សាខុន បានអរ​គុណ​ក្រុមហ៊ុន AgroStudies ដែលផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការទទួលយកនិស្សិតឆ្នាំទី៣ មកពីតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិកសិកម្មនៅទូទាំងប្រទេសមកហាត់ការនៅអ៊ីស្រាអែល។ រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ និងឈានឡើងជាលំដាប់។ 


 និស្សិតកសិកម្ម_កម្ពុជា នៅ_ក្នុង_ពិធីចែកសញ្ញាបត្រនៅអ៊ីស្រាល កាលពីថ្ងៃទី២៩ សីហា

ថ្លែង​ក្នុង​ពិធី​ចែក​​សញ្ញា​បត្រ​ខាងលើ​ លោក វេង សាខុន បានណែនាំ​ដល់​និស្សិត​ដូច្នេះ៖​«និស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ ដើម្បីនាំគ្នាចូលរួមទាំងកាយ ចិត្ត និងចំណេះដឹងបច្ចេកទេសកសិកម្មល្អៗទៅកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន សម្បូរសប្បាយ ពិសេសអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍»។ 
 
សូមបញ្ជាក់ថា និស្សិត​កសិកម្ម​កម្ពុជា បាន​ចុះ​ហាត់ការ​នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែ(២០២១-២០២២)​។ គិតមកដល់ឆ្នាំសិក្សា២០២១-២០២២ AgroStudies បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១ ៤៦៩នាក់រួចហើយ ដែលបាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ២០០៨មក​៕​
 

 និស្សិតកសិកម្ម_កម្ពុជា នៅ_ក្នុង_ពិធីចែកសញ្ញាបត្រនៅអ៊ីស្រាល កាលពីថ្ងៃទី២៩ សីហា


Tag:
 កសិកម្ម
  ហាត់ការ
  អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com