ជាតិ
នៅសល់មនុស្សប្រមាណ ៤ពាន់នាក់ក្នុងចម្ការលោក ខឹម វាសនា ខណៈថ្ងៃឱសានវាទជិតដល់
04, Sep 2022 , 12:29 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ពាក់អាវយឺតពណ៌ខៀវ និងក្រៅពណ៌ខ្មៅ កំពុងដើរពិនិត្យនៅក្នុងសម្ការលោក ខឹម វាសនា។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ពាក់អាវយឺតពណ៌ខៀវ និងក្រៅពណ៌ខ្មៅ កំពុងដើរពិនិត្យនៅក្នុងសម្ការលោក ខឹម វាសនា។
ដោយ:
គិតត្រឹមយប់ថ្ងៃទី៣ កញ្ញា មនុស្សប្រមាណ ៤ពាន់នាក់ បន្តរស់នៅក្នុងចម្ការលោក ខឹម វាសនា ខណៈថ្ងៃឱសានវាទជិតដល់។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានកំណត់យកថ្ងៃទី ៥ កញ្ញា ជាថ្ងៃបញ្ឈប់សកម្មភាពជួបជុំរបស់លោក ខឹម វាសនា។


 
នៅថ្ងៃទី៣ កញ្ញា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបជាមួយលោក ខឹម វាសនា ប្រធានគណបក្ស LDP ពាក់ព័ន្ធនឹងការជួបជុំរបស់ប្រជាពលរដ្ឋជាច្រើនក្នុងចម្ការលោក ខឹម វាសនា នៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី។ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ការសន្ទនារវាងភាគីរដ្ឋបាលខេត្ត និងប្រធានគណបក្ស LDP មានផលវិជ្ជមានច្រើន។


 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖ «ក្នុងនោះមានការចរចាពិភាក្សាមួយចំនួនពាក់ព័ន្ធនឹងថ្ងៃឱសានវាទ ដែលជិតមកដល់ គឺថ្ងៃទី៥នេះហើយ។ រហូតមកដល់ពេលនេះអ្វីៗដំណើរការដោយរលូន ហើយចំនួនពលរដ្ឋដែលនៅសេសសល់ក្នុងចម្ការម្រេច ប្រហែល៤ពាន់នាក់ប៉ុណ្ណោះ។ ការជួបនេះគឺដើម្បីបញ្ជាក់ថាអ្វីៗកាន់តែទៅមុខ ហើយអាជ្ញាធរនឹងចាត់វិធានការទៅតាមក្របខណ្ឌច្បាប់ដែលមានបើសិនជា គាត់(លោក ខឹម វាសនា) មិនអាចធ្វើតាមពេលកំណត់»។
 
ស្របពេលថ្ងៃឱសានវាទ នៃការរំសាយការជួបជុំជិតមកដល់ ប្រជាជនដែលនៅក្នុងចម្ការម្រេច ប្រធានគណបក្ស LDP ក៏បន្តចាកចេញជាបន្តបន្ទាប់។ សូមជម្រាបថា ពលរដ្ឋដែលប្រមូលផ្ដុំគ្នាជួបជុំនៅចម្ការលោក ខឹម វាសនា ព្រោះ ពួកគេទាំងនោះ នៅតែជឿលើការបំផុសបំផុលរបស់លោក ខឹម វាសនា តាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយអង្គរវត្ត»៕



Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com