ជាតិ
សង្គមជាតិ
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងអភិវឌ្ឍន៍ក្លាយជាមន្ទីរពេទ្យកម្រិតស្ដង់ដារថ្នាក់តំបន់
04, Sep 2022 , 10:29 pm        
រូបភាព
កម្មករកំពុងបំពេញការងារក្នុងការដ្ឋានសាងសង់អាគារមន្ទីរពេទ្យថ្មីដែលជាជំនួយរបស់ជប៉ុន
កម្មករកំពុងបំពេញការងារក្នុងការដ្ឋានសាងសង់អាគារមន្ទីរពេទ្យថ្មីដែលជាជំនួយរបស់ជប៉ុន
សៀមរាប៖ មិនមែនត្រឹមតែប្រជាពលរដ្ឋខេត្តសៀមរាបទេ ដែលទៅទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពលរដ្ឋតាមខេត្តជុំវិញក៏ទៅទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យមួយនេះដែរ។ ជាមន្ទីរពេទ្យថ្នាក់តំបន់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានសេវាព្យាបាលគ្រប់កម្រិត និងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពឱ្យក្លាយជាមន្ទីរពេទ្យកម្រិតស្ដរង់ដាថ្នាក់តំបន់ នាពេលដ៏ឆាប់ៗខាងមុខ។

 
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ លើកឡើងថា រយៈពេល៥ទៅ១០ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យមានការអភិវឌ្ឍច្រើនផ្នែកសេវា ពិសេសផ្នែកសេវាឯកទេសមួយចំនួនដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល។ ការអភិវឌ្ឍនោះមានទាំងធនធានមនុស្ស និងឧបករណ៍បរិក្ខា ដែលធ្វើទំនើបកម្ម ធ្វើយ៉ាងណាឱ្យសេវាមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ 
 
«យើងមានភាពរឹងមាំច្រើន ក្នុងការងារវះកាត់ ការងារសង្រ្គោះបន្ទាន់ ពិសេសដូចជាមជ្ឈមណ្ឌលផ្ដល់ឈាមអីយើងមានសមត្ថភាពច្រើន។ ឆ្នាំក្រោយនេះ ក្នុងខែ៨ យើងមានអាគារថ្មីមួយទៀត ដែលមានចំណុះ២២០គ្រែ ហើយមានបន្ទប់វះកាត់៦ និងកន្លែងសម្រាប់សង្រ្គោះបន្ទាន់ ថតឆ្លុះ។ល។ ពេលនោះយើងនឹងបង្កើតគ្រែ ដែលបច្ចុប្បន្នមាន ៣៧០គ្រែ ទៅជាង៥០០គ្រែ»។ នេះជាការលើកឡើងបន្ថែមរបស់លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ។ 
 
តាមការលើកឡើងរបស់លោក ប៉ែន ផលគុណ បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាមន្ទីរពេទ្យកម្រិត៣ ទទួលបានការប្រើប្រាស់សេវាច្រើន និងពេលខ្លះលើសចំណុះផង ដូចជា គ្រែគេង ដែលធ្វើឱ្យអ្នកជំងឺខ្លះត្រូវដាក់គ្រែព្យាបាលខាងក្រៅបន្ទប់។ ក៏មានដែរ មន្ទីរពេទ្យបង្អែកតាមខេត្តខ្លះ បានបញ្ជូនអ្នកជំងឺបន្តមកមន្ទីរពេទ្យបង្អែកមួយនេះ ដែលមានគ្រប់សេវា។ តែយ៉ាងណា មន្ទីរពេទ្យមួយនេះ ត្រូវការការអភិវឌ្ឍបន្ថែមមួយកម្រិតទៀត ដើម្បីមានស្ដង់ដា និងគុណភាពកាន់តែប្រសើរសម្រាប់ព្យាបាលអ្នកជំងឺ ពិសេសនៅខេត្តដែលមានទេសចរច្រើន។


លោក ម៉ម ប៊ុនហេង ដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានអាគារព្យាបាលជំងឺថ្មីដែលកំពុងសាងសង់
 
លោក ប៉ែន ផលគុណ៖« ជារួមយើងមានសមត្ថភាពសឹងប្រហាក់ប្រហែលមន្ទីរពេទ្យថ្នាក់ជាតិ យើងមានគ្រប់សេវា តែត្រូវធ្វើការអភិវឌ្ឍបន្ថែមទៀត ព្រោះតម្រូវការសុខភាពមានច្រើនជាងអ្វីដែលយើងមាន»។
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់ថា គម្រោងអភិវឌ្ឍន៍ក្នុងមន្ទីរពេទ្យបង្អែកមានជាបន្តបន្ទាប់ ក្រៅពីអគារថ្មីដែលជាជំនួយរបស់ជប៉ុន កំពុងដំណើរការសាងសង់។ លោកបន្តថា ការអភិវឌ្ឍទាំងនោះ គឺធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យក្លាយជាមន្ទីរពេទ្យតំបន់ពិតប្រាកដ និងជាកន្លែងផ្ដល់សេវា ដែលខេត្តមួយចំនួនមិនអាចផ្ដល់សេវាបាន។ 
 
លោក ក្រុស សារ៉ាត់៖« នេះក៏ជាគោលដៅរបស់រាជរដ្ឋាភិបាលដែរ ពិសេសក្រសួងសុខាភិបាលបានជ្រើសរើសមន្ទីរពេទ្យខេត្តសៀមរាប វាត្រូវតែជាមន្ទីរពេទ្យថ្នាក់តំបន់មួយដែលអាចទទួលខុសត្រូវទៅលើបញ្ហាសុខភាពធ្ងន់ធ្ងរអ្នកជំងឺ ហើយម្យ៉ាងខេត្តសៀមរាបជាតំបន់ទេសចរអន្ដរជាតិ យើងត្រូវតែធ្វើការងារនេះឱ្យបានមាំទាំ»។


លោក ម៉ម ប៊ុនហេង ដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានអាគារព្យាបាលជំងឺថ្មីដែលកំពុងសាងសង់
 
នាថ្ងៃទី២៨ ខែសីហា កន្លងទៅ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចុះពិនិត្យការដ្ឋានសាងសង់អគារព្យាបាលជំងឺ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA។ លោករដ្ឋមន្រ្តីបញ្ជាក់ថា អគារថ្មីដែលនឹងលេចជារូបរាងនៅពាក់កណ្ដាលឆ្នាំក្រោយនេះ នឹងជួយឱ្យសេវាព្យាបាលរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានភាពល្អប្រសើរមួយកម្រិតទៀត។
 
លោក ម៉ម ប៊ុនហេង៖« យើងមានកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដែលជាការងារសំខាន់ ដើម្បីពង្រីកមន្ទីរពេទ្យរបស់យើង ពង្រីក២២០គ្រែទៀត មានកន្លែងវះកាត់៦។ សៀមរាបជាទីក្រុងមួយដែលប្រមូលផ្ដុំ ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរអន្តរជាតិ ជប៉ុនរៀបចំនេះមានសារសំខាន់ណាស់ ដែលជួយខេត្តសៀមរាប ដើម្បីពង្រីកសេវាកាន់តែល្អប្រសើរ»។ 
 
គួររំឭកថា អគារព្យាបាលជំងឺកម្រិតស្ដង់ដាដែលជាជំនួយហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ជិត១៩លានដុល្លារអាម៉េរិក។ អគារនេះ បានចាប់ផ្តើមការដ្ឋានសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២១ មានកម្ពស់៤ជាន់ មានគ្រែសម្រាក២២០គ្រែ និងបំពាក់គ្រឿងបរិក្ខា និងសម្ភារកម្រិតស្ដង់ដារ៕
 

Tag:
 មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
  ក្រុស សារ៉ាត់
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com