ជាតិ
លោក ថោង ខុន៖ ប្រទេសក្នុងតំបន់ គួរជំរុញទេសចរផ្ទៃក្នុង ដើម្បីអាស៊ានទាំងមូល
09, Sep 2022 , 2:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកម្មពិធីតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០២២។ រូបភាព៖ ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកម្មពិធីតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៨កញ្ញា ឆ្នាំ២០២២។ រូបភាព៖ ក្រសួងទេសចរណ៍។
ដោយ:
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីគោលនយោបាយស្ដារទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ នៅក្នុងពិព័រណ៍ទេសចរណ៍ក្នុងប្រទេសវៀតណាម។ ក្នុងវេទិកានោះ លោក ថោង ខុន ឱ្យប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ជំរុញទេសចរណ៍ផ្ទៃក្នុង ដើម្បីអាស៊ានទាំងមូល ស្របតាមចក្ខុវិស័យ «អាស៊ានដើម្បីអាស៊ាន»។​



អាស៊ានជាទីផ្សារទេសចរណ៍មួយយ៉ាងសំខាន់សម្រាប់កម្ពុជាក្នុងបរិបទកូវីដ-១៩។ ជាក់ស្ដែងរយៈពេល៨ខែនៃឆ្នាំ២០២២នេះ ទេសចរវៀតណាម និងថៃចូលមកកម្ពុជាច្រើនជាងគេ ។ ជាមួយគ្នានេះ កម្ពុជា ជាប្រភពទីផ្សារទេសចរណ៍សំខាន់ សម្រាប់​ប្រទេសក្នុងតំបន់អាស៊ានដែរ។
 
ដោយមើលឃើញពីសារសំខាន់នៃប្រទេសជាសមាជិកអាស៊ានស្ដារទេសចរណ៍ឡើងវិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ ថ្ងៃទី៨កញ្ញា នៅប្រទេសវៀតណាមថា ​ប្រទេសក្នុងតំបន់អាស៊ាន គួរជំរុញទេសចរក្នុងតំបន់ ដើម្បីឱ្យទេសចរណ៍ក្នុងតំបន់អាស៊ានទាំងមូលងើបឡើងវិញ។
 
លោក ថោង ខុន លើកឡើងដូច្នេះ៖ « សមាជិកអាស៊ានទាំងអស់គួរពិចារណាជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ស្របតាមចក្ខុវិស័យ «អាស៊ានសម្រាប់អាស៊ាន» ក៏ដូចជាទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់ដូចជាបណ្ដាប្រទេសអេកម៉ិក (ACMECS) និងប្រទេសមហាអនុតំបន់ទន្លេមេគង្គ»។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
 
លើសពីនេះ លោក ថោង ខុន កត់សម្គាល់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលដើរកម្សាន្តក្នុងបរិបទកូវីដ-១៩នេះ ភាគច្រើនជាទេសចរធុរកិច្ច និងទេសចរកម្រិតខ្ពស់។ ដូច្នេះអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវត្រៀមលក្ខណ និងសមត្ថភាពឱ្យបានពេញលេញ ដើម្បីផ្ដល់សេវាកម្មល្អដល់ភ្ញៀវទេសចរ។
 
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ លើកឡើងបន្ថែមទៀតថា ប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គួរពង្រឹងអភិវឌ្ឍធនធានមនុស្ស ជំរុញការតភ្ជាប់ឌីជីថល និងគំនិតច្នៃប្រឌិតក្នុងបរិបទឧស្សាហកម្មជំនាន់៤.០ និងនិន្នាការអនាគតនៃវិស័យទេសចរណ៍។
 
ក្នុងអំឡុងពេលកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ខ្លាំង ក្រសួងទេសចរណ៍បានបង្កើតថ្នាក់សិក្សាពីចម្ងាយជាច្រើន ដើម្បីជំរុញ សមត្ថភាពបុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍កម្ពុជា។ ទោះការសិក្សាតាមប្រព័ន្ធអនឡាញអាចនឹងខ្វះចន្លោះ ប៉ុន្តែពួកគេអាចរំលឹកពីការងាររបស់ខ្លួន និងអាចមានលទ្ធភាពបម្រើការឱ្យវិស័យទេសចរណ៍ ក្នុងតំបន់អាស៊ានបាន។​ 
កន្លងមកក្រសួងទេសចរណ៍បានបង្វឹកធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យស្របតាមស្តង់ដារអាស៊ាន ជាង ៦០០០ពាន់នាក់៕
 

Tag:
 ThmeyThmey25
  ASEAN
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com