អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទាហាន​ឥណ្ឌានិង​ចិន​ បន្តដក​ចេញ​ពី​តំបន់​ហិម៉ាល័យ​ភាគ​ខាង​លិច
09, Sep 2022 , 8:29 pm        
រូបភាព
កងទ័ពចិន និងឥណ្ឌា បានចាប់ផ្ដើមរំសាយចេញពីតំបន់ព្រំដែនត្រង់ចំណុច Gogra-Hotsprings នៅ​ភាគខាងលិចតំបន់ហិម៉ាល័យ។ នេះបើតាមការប្រកាសរបស់ភាគីទាំង២ នៅថ្ងៃទី៩ ខែកញ្ញា។ យោធាមហាអំណាចទាំង២ បានប៉ះទង្កិចមួយប្រាវកាលពីឆ្នាំ២០២០ នៅតាមព្រំដែន ដែលបានធ្វើឱ្យ​ទំនាក់​ទំនងការទូតកាន់តែយ៉ាប់យ៉ឺន។

 
ក្នុងសេចក្ដីប្រកាសរៀងៗខ្លួន ឥណ្ឌា និងចិនអះអាងថា ការរំសាយទ័ពនៅតំបន់ព្រំដែន Gogra-Hotsprings នៅភាគខាងលិចតំបន់ហិម៉ាល័យកំពុងប្រព្រឹត្តទៅក្នុងរបៀបសម្របសម្រួល និងតាមគ្រោងទុកជាមុនដែលនឹងជួយរក្សាសន្តិភាពនៅតាមព្រំដែន។ យ៉ាងណាមិញ ប្រទេសទាំងពីរនៅតែពង្រាយទាហានរាប់ពាន់នាក់នៅតាមព្រំដែនគ្រប់គ្រងជាក់ស្ដែងដដែល។
 
ក្រសួងការពារជាតិចិននៅថ្ងៃទី៩ ខែកញ្ញា បានលើកឡើងថា ទាហាន​ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្តើម​រំសាយទ័ពក្នុង​លក្ខណៈស៊ីសង្វាក់​គ្នា និង​មាន​ផែនការដូចគ្នា។ ក្រសួងការពារជាតិចិនក៏បន្ថែមថា នេះ​ជា​អំណោយ​ផល​ដល់​ការ​រក្សា​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​តំបន់​ព្រំដែន។
 
ការរំសាយទ័ពនេះ​ បាន​កើត​ឡើង​មុន​កិច្ច​ប្រជុំថ្នាក់តំបន់នៅ​​អ៊ូសបេគីស្ថាន​នៅ​សប្តាហ៍​ក្រោយ​ដែល​ប្រធានាធិបតី​ចិនលោក ស៊ី ជិងភីង និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី ត្រូវ​​​រំពឹងថា នឹង​មាន​វត្ត​មាននៅទីនោះ។
 
ឥណ្ឌា និងចិនមានព្រំដែនជាប់គ្នាប្រមាណ៣,៨០០គីឡូម៉ែត្រ។ ក្រោយការប៉ះទង្គិចក្នុងឆ្នាំ២០២០ មេបញ្ជាការជាន់ខ្ពស់យោធាប្រទេសទាំងពីរជួបគ្នា១៦លើកដើម្បីសម្រេច​ការរំសាយរៀងៗខ្លួនកម្លាំង​តាម​ដំណាក់​កាល៕
 
 
 
 
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com