អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ UN ធ្វើទស្សនកិច្ចនៅប៉ាគីស្ថានដើម្បីជំរុញការផ្ដល់ជំនួយពីអន្តរជាតិ
09, Sep 2022 , 10:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានទៅដល់ប៉ាគីស្ថាននៅថ្ងៃទី៩ ខែកញ្ញា ដើម្បីជំរុញការផ្តល់ជំនួយបន្ថែមពីបណ្ដាប្រទេសនានាទៅប្រទេសនេះដែលកំពុងរងគ្រោះដោយទឹកជំនន់ដ៏ធំមិនធ្លាប់ជួប។



ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៩ ខែកញ្ញា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប៉ាគីស្ថាន ជាទីរងគ្រោះដោយទឹកជំនន់មិនធ្លាប់មាន។ ដំណើរទស្សនកិច្ចនេះ មានបំណងជំរុញការគាំទ្រជាសកលសម្រាប់វិបត្តិមនុស្សធម៌ដែលកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់។
 
ចំពោះដំណើរទស្សនកិច្ចទៅប៉ាគីស្ថាននេះ លោក ហ្គូតេរ៉េស បានលើកឡើងថា លោកចង់នៅជាមួយប្រជាជនប៉ាគីស្ថាននៅក្នុងពេលដែលពួកគេត្រូវការ ហើយទាក់ទាញការគាំទ្រពីអន្តរជាតិ និងទទួលបានការចាប់អារម្មណ៍ជាសកល លើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
 
«ខ្ញុំសូមអំពាវនាវឱ្យមានការគាំទ្រយ៉ាងច្រើនពីសហគមន៍អន្តរជាតិ នៅពេលដែលប៉ាគីស្ថានកំពុងទទួលរងគ្រោះមហន្តរាយអាកាសធាតុនេះ»។ អគ្គលេខាធិការ UN បានសរសេរបែបនេះតាមបណ្ដាញសង្គម Twitter បន្ទាប់ពីទៅដល់ប៉ាគីស្ថាន។
 
ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រមុខ UN គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងប្រមុខការទូតលោក Bilawal Bhutto Zardari ហើយទៅពិនិត្យតំបន់រងគ្រោះដោយទឹកជំនន់។ ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការនឹងបង្កើនការយល់ដឹងជាសកលអំពីទំហំដ៏ធំនៃគ្រោះមហន្តរាយ និងការបាត់បង់អាយុជីវិត ក៏ដូចជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
 
មួយភាគបីនៃផ្ទៃដីប្រទេសនេះត្រូវបានគ្រប់ដណ្ដប់ដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ បើតាមមន្ត្រីប៉ាគីស្ថាន រដ្ឋាភិបាលខ្លួននឹងចំណាយប្រាក់យ៉ាងហោចណាស់១០ពាន់លានដុល្លារដើម្បីកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ហើយទំហំចំណាយនោះគឺលើសពីសមត្ថភាពសម្រាប់ប្រទេសដែលជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរដូចជាប៉ាគីស្ថាន។ 
 
មកដល់ពេលនេះ អង្គការសហប្រជាជាតិបានផ្ដល់លុយ៣លានដុល្លារដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងប៉ាគីស្ថាន ហើយប្រទេសនេះបានទទួលជំនួយមនុស្សធម៌ និងជំនួយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសផ្សេងៗ រួមមានចិន តួកគី អារ៉ាប៊ីសាអូឌីត កាតា អាម៉េរិក អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម និងប្រទេសអឺរ៉ុបមួយចំនួនទៀត។
 
ប៉ាគីស្ថានបានបំភាយឧស្ម័នផ្ទះកញ្ចក់តិចជាង១ភាគរយនៃការបំភាយក្នុងពិភពលោក ប៉ុន្តែប្រទេសនេះស្ថិតនៅលំដាប់ទី៨ ងាយរងគ្រោះបំផុតពីគ្រោះធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងបញ្ជីដែលចងក្រងដោយអង្គការ Germanwatch៕ 
 

Tag:
 UN
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com