ជាតិ
អ្នកភូមិរស់នៅយូរលង់ក្បែរប្រាសាទបារម្ភពីការចាកចេញទៅនៅភូមិថ្មី
10, Sep 2022 , 6:59 pm        
រូបភាព
ផ្ទះអ្នកភូមិមួយខ្នងក្នុងភូមិត្រពាំងសេស ដែលរស់នៅច្រើនជំនាន់មកហើយ
ផ្ទះអ្នកភូមិមួយខ្នងក្នុងភូមិត្រពាំងសេស ដែលរស់នៅច្រើនជំនាន់មកហើយ
សៀមរាប៖ ជាងកន្លះខែមកហើយ ដែលអាជ្ញាធរចាប់ផ្តើមអំពាវនាវឱ្យពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងភូមិទក្សិណត្បូង និងត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ផ្តិតមេដៃ ព្រមព្រៀងចាកចេញពីភូមិ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ជាទីកន្លែងដែលរាជរដ្ឋាភិបាលរៀបចំដោះស្រាយគោលនយោបាយជូន។ ក្រៅពីពលរដ្ឋដែលត្រូវគេចាត់ទុកថារស់នៅខុសច្បាប់ ដ្បិតសំណង់ផ្ទះសម្បែងទើបសាងសង់ថ្មី អ្នកភូមិចាស់ដែលមានដូនតាច្រើនជំនាន់រស់នៅទីនោះ ក៏កំពុងបារម្ភចំពោះការតម្រូវឱ្យចាកចេញនេះដែរ។ ពួកគេស្ដាយស្រណោះភូមិចាស់ដែលធ្លាប់រស់នៅសុខសប្បាយច្រើនជំនាន់មកហើយ។

 
ទុក្ខកង្វល់ក្នុងចិត្ត ត្រូវបានបង្ហាញលើផ្ទៃមុខរបស់អ្នកស្រី ឡង កន។ ក្នុងអាការៈស្ងប់ស្ងាត់ ពេលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ស្រ្តីវ័យ៤១ឆ្នាំរូបនេះ បានដឹងឮពីដំណឹងដែលពលរដ្ឋនាំគ្នាឆោឡោ ផ្តិតមេដៃព្រមទៅនៅភូមិថ្មី គឺភូមិធម្មជាតិរុនតាឯក ជិត២សប្ដាហ៍មកហើយ។ 


ដូនចាស់មួយរូបជិះកង់សំដៅទៅផ្ទះក្នុងព្រៃខាងមុខប្រាសាទភ្នំបាខែង  
 
អ្នកស្រី កន៖««ខ្ញុំឮតែគេឆោឡោប៉ុន្មានថ្ងៃជាប់ ខ្ញុំឮតែគេនិយាយថា ទៅឯណោះវាសុខសប្បាយផ្លូវគេរៀបចំល្អ យើងមិនចង់ទៅ គេប្រើពាក្យថាយើងនេះមនុស្សអាត្មានិយម»។ អ្នកស្រី កន មិនទាន់បានឃើញភូមិធម្មជាតិរុនតាឯកនៅឡើយ។
 
ជាគ្រួសារដែលមិនទាន់ផ្តិតមេដៃទៅនៅភូមិថ្មី អ្នកស្រី កន បានបង្ហាញអារម្មណ៍ស្រណោះអាល័យភូមិចាស់ ដែលធ្លាប់រស់នៅពីតូចៗមក និងដិតដាមដោយអនុស្សាវរីយ៍ច្រើនរាប់មិនអស់។ «ចិត្តខ្ញុំមិនចង់ចេញទេ វាស្រុកកំណើតខ្ញុំ ខ្ញុំចង់តែនៅស្រុកកំណើតខ្ញុំ ព្រោះខ្ញុំតាំងពីធំដឹងក្ដីពេលណា ខ្ញុំមិនដែលដើរចេញពីស្រុកពីភូមិផង។ នៅស្រុកភូមិយើងវាសប្បាយចិត្តជាង ទៅនៅស្រុកគេ មិនដឹងថាវាយ៉ាងម៉េច»។ អ្នកស្រី កន រៀបរាប់យ៉ាងដូច្នេះ មុននឹងបង្ហាញក្ដីបារម្ភពីការរស់នៅតំបន់ថ្មី ថាអាចឆ្ងាយពីមន្ទីរពេទ្យ និងលំបាកពេលឈឺយប់ព្រឡប់ជាដើម។


វាលស្រែនៅភូមិត្រពាំងសេសក្នុងរដូវវស្សា 
 
ក្រៅពីគ្រួសារខ្លួន អ្នកស្រី កន ប្រាប់ថា ឪពុក បងប្អូន និងគ្រួសារឪពុកមាសរុប៤ គ្រួសារ មិនទាន់សម្រេចចិត្តនៅឡើយជុំវិញរឿងនេះ និងកំពុងរង់ចាំមើលស្ថានការណ៍បន្តទៀត។
 
ជាអ្នកភូមិមានគ្រួសាររស់នៅច្រើនជំនាន់ និងបានចូលរួមថែរក្សា និងអភិរក្សប្រាសាទផងនោះ សព្វថ្ងៃអ្នកស្រី ឡង កន មានរបរជាអ្នកសម្អាតអនាម័យតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប្ដីអ្នកស្រី ធ្វើការជាកម្មករជួសជុលប្រាសាទ ដែលការងារទាំងនោះហើយ ជាអ្នកចិញ្ចឹមគ្រួសារមួយនេះដោយរម្យនា។ នេះក៏ជាចំណែកមួយដែលអ្នកស្រី កន មិនចេញទៅឆ្ងាយពីតំបន់ប្រាសាទ។ អ្នកស្រី កន៖«វាសប្បាយចិត្ត វាស្រណុកចិត្តជាង ស្រណុករកស៊ី សំខាន់គេមិនឱ្យលក់មិនឱ្យដូរក៏ហីទៅទឹកដី (គ្មានកម្មសិទ្ធិ) ឱ្យតែយើងនៅបានសុខស្រួលក៏ធ្វើការងារនៅនេះទៀត ព្រោះរាល់ថ្ងៃខ្ញុំស្រឡាញ់ការងារខ្ញុំ ការងារនៅជិតផ្ទះដែរ យើងទៅនៅឆ្ងាយពិបាកធ្វើដំណើរមកធ្វើការដែរ»។ 


អ្នកស្រី ឡង កាន អង្គុយក្រោមផ្ទះពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន 
 
អ្នកភូមិត្រពាំងសេសមួយរូបទៀត គឺអ្នកស្រី ឆឹង ចន្ទី វ័យ៣៣ឆ្នាំ ក៏បារម្ភចំពោះការចាកចេញពីភូមិចាស់ដែរ។ មិនបានចូលរួមផ្តិតមេដៃដូចអ្នកភូមិដទៃទៀតក្ដី តែស្រ្តីរូបនេះនៅមានចិត្តបារម្ភ។ បារម្ភខ្លាចចុងក្រោយ ត្រូវបង្ខំឱ្យចាកចេញ ទោះរស់នៅភូមិចាស់ច្រើនឆ្នាំទៅហើយក្ដី។
 
អ្នកស្រី ចន្ទី៖«បានទទួលព័ត៌មានពីការទៅនៅរុនតាឯកដែរ ប៉ុន្តែអត់ចង់ទៅ ព្រោះមិនបានផ្តិតមេដៃស្ម័គ្រចិត្តទៅ ព្រោះអត់ចង់ទៅ។ ពេលទទួលព័ត៌មាន មានអារម្មណ៍ធម្មតាៗ អត់ឆោឡោអត់អីទេ ព្រោះគិតធម្មតាៗ ឪគាត់ស្រុកកំណើតនៅហ្នឹង គាត់ថាកុំទៅឆោឡោ អាហ្នឹងគិតតាមកាលៈទេសៈទៅ គេម៉េចយើងម៉េចទៅ បើគេឱ្យនៅក៏នៅ គេមិនឱ្យនៅក៏យើងមិនដឹងប្រកែកគេថាម៉េច ប៉ុន្តែគ្រាន់តែយើងបញ្ចេញអារម្មណ៍ពិតរាល់ថ្ងៃហ្នឹង គឺយើងមិនចង់ទៅណាប៉ុណ្ណោះឯង»។
 
មានកូនតូច២នាក់ក្នុងបន្ទុក អ្នកស្រី ចន្ទី វ័យ៣៣ឆ្នាំ មានប្ដីធ្វើការសំណង់ ហើយអ្នកស្រីនៅផ្ទះ ចិញ្ចឹមជ្រូក និងមាន់ទា។ ទោះភូមិថ្មី មានបណ្ណកម្មសិទ្ធិអាចលក់ដូរបានក៏ពិតមែន តែស្រ្តីរូបនេះមិនដាច់ចិត្តចោលភូមិចាស់ទេ ដ្បិតការរស់នៅភូមិចាស់នេះសុខស្រួល និងងាយស្រួលរកស៊ី។ 
 
«កន្លែងចាស់រាល់ថ្ងៃហ្នឹងស្រួល ព្រោះអីកន្លែងថ្មី មិនដឹងម៉េចៗ កន្លែងចាស់ធ្លាប់នៅ យើងដឹង មានរបរនៅផ្ទះ បន្ដិចបន្តួច គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ បើទៅកន្លែងថ្មី យើងត្រូវខាត និយាយរួមទៅ ត្រូវខាតពីការទៅសាងសង់ថ្មី យើងរុះរើ ហើយយើងត្រូវបាត់បង់ចំណូលមួយរយៈដែរ ហើយយើងទម្រាំរៀបចំកន្លែងនោះស្រួល ដូចខ្ញុំជំពាក់ធនាគារ ខ្ញុំត្រូវរកមួយខែ រស់មួយខែ ប្រសិនកន្លែងថ្មី ត្រូវបាត់ចំណូល ហើយត្រូវស្ទះ»។ នេះជាការបារម្ភរបស់អ្នកស្រី ចន្ទី។ 
 
ស្រ្តីរូបនេះបន្ថែមថា៖« ខ្ញុំរស់នៅកន្លែងនេះស្រួល ខ្ញុំសុខចិត្តរស់នៅកន្លែងដែលអត់មែនមានដីជាកម្មសិទ្ធិ ឱ្យតែយើងនៅរកស៊ីស្រួល ជិតកន្លែងការងារ ហើយយើងទៅឯណោះ ឆ្ងាយម៉ាមេឃម៉ាដី ហើយជិះថ្លៃសាំង ថ្លៃពេលវេលាអី វាអត់ស្រួល បើគិតទៅ ដេកគិតចុះគិតឡើង វាអត់ស្រួល ដូចយើងនៅកន្លែងចាស់យើងទេ»។
 
ដិតដាមនូវអនុស្សាវរីយ៍ជាច្រើនពីកុមារភាព ធ្វើឱ្យពលរដ្ឋមួយចំនួននៅភូមិត្រពាំងសេស ដែលនៅខាងជើងកសិន្ធុអង្គរវត្ត មិនចង់ចេញទៅណាឆ្ងាយឡើយ។ ភាពត្រជាក់ត្រជុំ អំណោយផលពីធម្មជាតិ ធ្វើឱ្យអ្នកស្រី ឡង កន ចងចាំមិនភ្លេចឡើយ។ «យើងធ្លាប់ក្រខ្សត់អត់អីហូបទេអ្នកគ្រូ កាលដែលម៉ែនៅកូនតូចៗ គេឱ្យយើងទៅនៅដីថ្មី តែពួកខ្ញុំអត់ទៅនៅបានទេ ព្រោះវាអត់អីចិញ្ចឹមកូន ចិញ្ចឹមបងប្អូន ខ្ញុំហើយជួយម៉ែ ម៉ែពោះធំប៉ិនកញ្ជើទៅទាំងភ្លៀង ស្រណោះម៉ែមកវិញ ទៅនៅបានប៉ុន្មានថ្ងៃ មកវិញ...ហើយរកអីមិនបានហូប ហើយមកឯណេះគោកចាស់ទៅ គ្រាន់ដាក់សន្ទួច ដាក់បង្កៃទៅ បានហូបចុក ជីកក្ដួចជីកអីធ្វើហូបទៅ។ ភូមិឋាននេះហើយ ដែលចិញ្ចឹមខ្ញុំពីតូច ពីកើតមក ភូមិនេះហើយអ្នកជួយយើង នៅភូមិខ្លួនឯងមានក្ដីសុខជាងនៅភូមិគេឆ្ងាយ»។
 
ប្រសិនដល់ដំណាក់កាលចុងក្រោយ ដែលរាជរដ្ឋាភិបាលមិនអាចឱ្យពលរដ្ឋរស់នៅតទៅទៀត ស្រ្ដីកូន៤នាក់រូបនេះ ប្រាប់ថានឹងគោរពតាមការរៀបចំរបស់លោករាជការ។ តែអ្នកស្រីស្នើឱ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធទឹក ភ្លើង ឱ្យបានល្អប្រសើរ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងជូនប្រជាពលរដ្ឋ។
 
ចំណែកគ្រួសារអ្នកស្រី ជួប នាងអួង បានព្រមព្រៀងចាប់ឆ្នោតរើសក្បាលដីនៅភូមិធម្មជាតិរុនតាឯករួចហើយ កាលពីចុងខែ សីហា កន្លងទៅ។ វ័យ៤៣ឆ្នាំ ស្រ្តីរូបនេះរៀបរាប់ថា៖‍« គេទៅទាំងអស់គ្នា យើងក៏ទៅដែរណាអូន និយាយទៅភូមិនេះស្ម័គ្រចិត្តទៅទាំងអស់គ្នា»។ 
 
ទោះបីព្រមចាកចេញ និងរើផ្ទះទៅភូមិថ្មីនៅចុងឆ្នាំនេះក្ដី តែអ្នកស្រី នាងអួង ក៏មានក្ដីបារម្ភចំពោះរបររកស៊ីនៅទីតាំងថ្មីដែរ។ ឆ្ងាយផ្សារ ឆ្ងាយសាលារៀន ពិសេសរបរលក់បង្អែម ដែលអ្នកស្រីរកស៊ីរាល់ថ្ងៃនៅជុំវិញប្រាសាទ។
 
«ស្ដាយស្រណោះភូមិចាស់យើងណាស់អូនអើយ ភូមិចាស់យើងនៅអត់ស៊ីយើងចេះតែរកបាន បេះក្រសាំង ដកម្អមអីទៅលក់បាន យើងទៅណោះបានអីរកអីទេ ចាំមើលសិន ពិបាកដែរ។ នៅនេះយើងជិតផ្សារ ជិតកន្លែងរៀនកូន ជិតកន្លែងរកស៊ី វាស្រួល លំបាកម៉េចក៏ស្រួលអត់ពិបាក នៅណោះវាឆ្ងាយផ្សារ»។  នេះជារៀបរាប់របស់ស្រ្តីខាងលើ។
 
ទោះបីសម្រេចចាកចេញក៏ពិតមែន តែអ្នកភូមិត្រពាំងសេសរូបនេះ មិនទាន់បញ្ជាក់ពីការចាប់ផ្តើមរស់នៅទីនោះពេលណានោះឡើយ។ ទោះមានដីជាកម្មសិទ្ធិ អាចលក់ដូរបានក្ដី តែអ្នកស្រីអះអាងថា មិនលក់ទេ ព្រោះសមាជិកគ្រួសារនៅច្រើននាក់ ហើយបើទាល់មែនពិត ឬរកអ្វីមិនទាន់បាននៅភូមិថ្មី គ្រួសារអ្នកស្រីធ្វើខ្ទមទុកចោលនៅលើដីនោះ ហើយមកជួលផ្ទះគេរស់នៅក្នុងក្រុង ដើម្បីរកស៊ីបន្តទៀត។
 
លោក ហៃ យ៉ុង មន្រ្តីសម្របសម្រួលការងាររុះរើសំណង់ខុសច្បាប់ក្នុងភូមិទក្សិណត្បូង និងត្រពាំងសេស តំណាងរដ្ឋបាលក្រុងសៀមរាប ប្រាប់ថា លោកមិនច្បាស់រឿងទាំងនេះឡើយ។ ទោះបីលោកស្នើឱ្យអ្នកកាសែតសួរទៅខាងអាជ្ញាធរជាតិអប្សរាក៏ដោយ តែលោកនិយាយយ៉ាងដូច្នេះថា៖« ខ្ញុំបញ្ជាក់ថា ជាទូទៅសម្រាប់អ្នកនៅតំបន់១នេះ គឺឱ្យតែអ្នកស្ម័គ្រចិត្ត គឺជំរុញឱ្យទៅទាំងអស់ ប៉ុន្តែយើងមិនទាន់ដល់លក្ខណៈថាចាប់បង្ខំណាមួយទេ ពេលនេះយើងគ្រាន់តែចលនា គ្រាន់តែថាការរស់នៅក្នុងតំបន់ចាស់តំបន់ថ្មី ប៉ុន្តែជាដីរបស់រដ្ឋ ប្រសិនជាគាត់ទទួលយកគោលនយោបាយនៅភូមិថ្មី យើងមានកម្មសិទ្ធិជូនគាត់ត្រឹមត្រូវ»។
 
ជុំវិញករណីដែលសួរថា តើពលរដ្ឋរស់នៅយូរលង់មកហើយ ពិតជាតម្រូវឱ្យចាកចេញដែរឬយ៉ាងណានោះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល សុំមិនអត្ថាធិប្បាយទេ និងថារឿងខ្លះកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។ 
 
តាមរបាយការណ៍សង្ខេបរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ពលរដ្ឋភូមិទក្សិណត្បូង និងត្រពាំងសេសចំនួន ១,១១៧ គ្រួសារហើយ  ដែលបានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក ដែលក្នុងមួយគ្រួសារទទួលបានដីទំហំ ២០x៣០ម៉ែត្រ។​​​ ក្នុងនោះ ការរៀបចំដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក មានទំហំជិត៣០០ហិកតា ដោយបានបោះបង្គោល និងដាក់ស្លាកដីចំនួន ១,៤២៧ឡូតិ៍។ លោក ជា សុផារ៉ា ធ្លាប់បានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមដីឡូតិ៍នៅភូមិនេះ ចំនួន៦,០០១ឡូតិ៍។
 
ភូមិធម្មជាតិរុនតាឯកមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ និងស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងក្រុងសៀមរាប។ ភូមិនេះស្ថិតក្នុងស្រុកបន្ទាយស្រី ដែលវានឹងអាចក្លាយជាទីប្រជុំជនដ៏មមាញឹកមួយនាពេលអនាគត ក្រោយពេលផែនការបង្កើតតំបន់សៀមរាបថ្មីបានសម្រេចជាផ្លូវការ និងជាប៉ូលឆ្ពោះទៅព្រលានយន្តហោះថ្មី។ ភូមិនេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងផងដែរ។  
 
ដើមឡើយភូមិនេះ ត្រូវបានរៀបចំសម្រាប់ពលរដ្ឋដែលបែកគ្រួសារ ចេញពីគ្រួសារដែលមានផ្ទះក្នុងតំបន់អង្គរ ដែលអាជ្ញាធរការពារជាទេសភាពវប្បធម៌ ដែលឧទ្យាននេះបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ យ៉ាងណា មានពលរដ្ឋតិចតួចនៅឡើយដែលព្រមទៅនៅភូមិថ្មីនេះ។ ក្នុងដំណាក់កាលថ្មីនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី ដែលរដ្ឋមន្រ្តី លោក ជា សុផារ៉ា ត្រូវបានតែងជាប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ បានដាក់គោលដៅ និងប្រកាសជំរុញការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឱ្យមានសក្កានុពល តាមរយៈការសង់សាលារៀនបន្ថែម បង្កើតផ្សារ និងមន្ទីរពេទ្យ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ៕
 
 

Tag:
 អង្គរ
  សំណង់ខុសច្បាប់
  ភូមិធម្មជាតិរុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com