អាម៉េរិក និងសម្ព័ន្ធមិត្តអាស៊ីចំនួន១៣ប្រទេសទៀតនៅថ្ងៃទី៨ ខែកញ្ញា បានព្រមព្រៀងគ្នាលើលក្ខខណ្ឌគោលដៅសម្រាប់កិច្ចចរចាក្នុងក្របខណ្ឌវិបុលភាពសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលនឹងផ្តោតលើខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម ខណៈដែលអាម៉េរិកកំពុងតែព្យាយាមរកវិធីសាស្ត្រថ្មីមួយដើម្បីទប់ទល់សេដ្ឋកិច្ចចិនដែលរីកលូតលាស់ខ្លាំង។
នៅកិច្ចប្រជុំលើកទីមួយ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសចូលរួមក្របខ័ណ្ឌវិបុលភាពសេដ្ឋកិច្ចឥណ្ឌ-ប៉ាស៊ីហ្វិក (IPEF) បានគូសវាសពីសសរស្ដម្ភសំខាន់ៗសម្រាប់ធ្វើជាស្ដង់ដាមូលដ្ឋានរួមគ្នាមួយ សម្រាប់ការចរចាបន្តទៀត។ ក្រៅពីច្រវាក់ផ្គត់ផ្គង់ ក្របខណ្ឌសេដ្ឋកិច្ចថ្មីដែលផ្ដួចផ្ដើមដោយអាម៉េរិក ក៏រួមបញ្ចូលថាមពលបៃតង និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសទាំង១៤ ដែលមានទំហំ៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
«ខ្ញុំជឿជាក់យ៉ាងខ្លាំងក្នុងការនិយាយថា IPEF នឹងបង្កើតការងារបន្ថែមទៀតនៅអាម៉េរិក ក៏ដូចជាក្នុងប្រទេស IPEF ផ្សេងទៀតផងដែរ»។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកលោកស្រី Gina Raimondo បានថ្លែងនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះនៅ Los Angeles ។
លោកស្រី Raimondo ក៏បានកោតសរសើរការឯកភាព និងការប្តេជ្ញាចិត្តក្នុងចំណោមសមាជិកទាំងអស់ ទោះបីជាលោកស្រីបានទទួលស្គាល់ថាឥណ្ឌាដែលជាសមាជិកមួយដែរនោះ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថលក៏ដោយ។
មេដឹកនាំធុរកិច្ចដែលចូលរួមកិច្ចប្រជុំ បង្ហាញក្ដីរីករាយចំពោះការវិវត្តរបស់ IPEF ស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) មិនមានសកម្មភាពអ្វីនោះ។ អាម៉េរិកដើរចេញពី TPP កាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា IPEF ប្រមូលផ្តុំដោយសមាជិកចំនួន ១៤ រួមមាន អាម៉េរិក, អូស្ត្រាលី, ព្រុយណេ, ហ្វីជី, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម៕