ជាតិ
មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មាន​ម៉ាស៊ីន​ផលិត​អុកស៊ី​សែន​ខ្នាតធំចំនួន​៣ ដែលអាចបំពេញតម្រូវការអ្នកជំងឺ
11, Sep 2022 , 7:59 pm        
រូបភាព
បុគ្គលិកម្នាក់កំពុងរៀបចំបញ្ចូលខ្យល់អុកស៊ីសែនក្នុងបំពង់សម្រាប់ផ្ដត់ផ្គង់ដល់អ្នកជំងឺ
បុគ្គលិកម្នាក់កំពុងរៀបចំបញ្ចូលខ្យល់អុកស៊ីសែនក្នុងបំពង់សម្រាប់ផ្ដត់ផ្គង់ដល់អ្នកជំងឺ
សៀមរាប៖ ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតធំចំនួន៣ កំពុងដំណើរការក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងការផលិតអុកស៊ីសែន ដើម្បីបំពេញតម្រូវការដល់អ្នកជំងឺក្នុងមន្ទីរពេទ្យ និងតាមស្រុកប្រតិបត្តិជុំវិញខេត្តសៀមរាប។ ម៉ាស៊ីនផលិតអុកស៊ីសែនផ្ទាល់ខ្លួននេះ ជួយឱ្យមន្ទីរពេទ្យកាត់បន្ថយចំណាយមួយផ្នែកដែលធ្លាប់ទិញពីខាងក្រៅមកផ្គត់ផ្គង់ព្យាបាលអ្នកជំងឺ។

 
 
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឱ្យដឹងថា ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន៣ គឺជាជំនួយរបស់លោក ហ៊ុន ម៉ាណែត ដែលផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតខ្លាំង និងមានតម្រូវការអុកស៊ីសែនច្រើន។ លោកបញ្ជាក់ថា ម៉ាស៊ីននេះមានលទ្ធភាពផលិតអុកស៊ីសែនចំនួន១៦ដប ក្នុងរយៈពេលកន្លះម៉ោង ឬស្មើនឹង ៣២ដប ក្នុងមួយម៉ោង។ 


 
«យើងមានអុកស៊ីសែនអត់ខ្វះទេក្នុងពេទ្យនេះ ក្រៅពីនោះយើងបានចែកចាយទៅពេទ្យស្រុក មណ្ឌលសុខភាពណាដែលត្រូវការ គឺមកយកទៅទាំងអស់ មិនមានលក់ដូរទេ ពីមុនអុកស៊ីសែនទាល់តែយើងកម្ម៉ង់តាមក្រុមហ៊ុនយកពីភ្នំពេញ មួយរយៈយើងមានបញ្ហាកូវីដនេះ វេទនាអារឿងអុកស៊ីសែនហ្នឹង មួយថ្ងៃមានតម្រូវការ១០០ទៅ២០០ដប ពេលមានម៉ាស៊ីនកាន់បន្ថយច្រើន»។


 
ដោយមានលទ្ធភាពផលិតបានច្រើនដបក្នុងមួយម៉ោង ទើបក្នុងមួយថ្ងៃអ្នកកាន់ម៉ាស៊ីនបញ្ឆេះម៉ាស៊ីនដើម្បីផលិតអុកស៊ីសែនតែ២ទៅ៣ម៉ោងតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ពីលោក ក្រុស សារ៉ាត់។


 
ក្រៅពីម៉ាស៊ីនខ្នាតធំទាំង៣ខាងលើនេះ ថ្មីៗនេះ ប្រទេសជប៉ុនក៏បានផ្តល់ជំនួយម៉ាស៊ីនមួយគ្រឿងទៀតសម្រាប់ផលិតអុកស៊ីសែន ដល់ការប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ ម៉ាស៊ីននេះអាចផលិតអុកស៊ីសែន ២ដប ក្នុងមួយម៉ោង ដោយត្រូវបានដំឡើងតាមកម្រិតស្ដង់ដាពីក្រុមអ្នកជំនាញ៕
 


 
 

Tag:
 អុកស៊ីសែន
  មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com