កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ឈ្នះម្ចាស់ផ្ទះ Cadiz ក្នុងជំនួបដែលផ្អាកដល់​៥០នាទីដោយអ្នកគាំទ្រម្នាក់ត្រូវសង្គ្រោះបន្ទាន់
11, Sep 2022 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
Barcelona ឡើង​ឈរ​លើ​កំពូល​តារាង​បណ្តោះអាសន្នក្នុងក្របខណ្ឌ La Liga ក្រោយជ័យជម្នះ ៤-០ លើ​ទឹក​ដី Cadiz កាលពីយប់ឈាន​ចូលថ្ងៃអាទិត្យ។ មិន​ដល់១០នាទី​ដែលនៅ​សេសសល់ Barcelona បាននាំមុខ ២-០ ប៉ុន្តែ​ការប្រកួត​ត្រូវបានផ្អាក​ដល់ទៅ៥០​នាទី ដោយសារអ្នកគាំទ្រ​ម្នាក់ ត្រូវបាន​សង្គ្រោះបន្ទាន់។

 
Jeremais Ledesma អ្នក​ចាំទី Cardiz បាន​រត់សំដៅទៅ​ហ្វូង​អ្នកគាំទ្រជាមួយ​នឹងកញ្ចប់​សង្គ្រោះ​បន្ទាន់ ហើយគេ​បានគប់​វា​ទៅ​ម្តុំអ្នកគាំទ្រ​ដែលមាន​បញ្ហា​សុខ​ភាព។ បន្ទាប់មកខ្សែការពារ Jose Mari របស់ម្ចាស់ផ្ទះ បានជួយ​ដល់​ក្រុមសង្គ្រោះ ដោយរត់​កាន់គ្រែ​សង្គ្រោះបន្ទាន់សំដៅទៅអ្នកជំងឺ។
 
អ្នក​គាំទ្ររូបនោះ ត្រូវបាន​នាំយក​ទៅមន្ទីរពេទ្យ ហើយ​គ្រូ​បង្វឹក​ក្លិប Barcelona លោក Xavi បាន​បញ្ជាក់ថា៖ «យើង​ទាំងអស់គ្នាព្រមព្រៀង​គ្នាពន្យាការប្រកួត។ នេះជាផ្នែកមួយនៃកីឡា​បាល់ទាត់ យើងនិយាយពីការសង្គ្រោះជីវិតនៅទីនេះ»។
 
ក្នុងការប្រកួតនេះ Frenkie de Jong និង Robert Lewandowski រកបានម្នាក់១គ្រាប់នៅ​ក្នុងតង់ទីពីរ ពោលគឺមុនពេល​ដែលអ្នកគាំទ្រ​ជួប​បញ្ហា​សុខភាព​ដែលត្រូវសង្គ្រោះ​បន្ទាន់ ហើយ​ផ្អាក​ការប្រកួតនៅនាទី​៨២។
 
៥០នាទី​ក្រោយមក ជាមួយ​នឹង​ម៉ោងប្រកួតដែលនៅសេសសល់ Barcelona រកបាន២គ្រាប់បន្ថែមទៀត ដែល​សម្រេច​បាន​ដោយ Ansu Fati និង Ousmane Dembele ដោយមាន​ការបញ្ជូន​បាល់ពីសំណាក់ Lewandowski ទាំងពីរគ្រាប់។
 
ក្របខណ្ឌ​ Premier League មិនមាន​ការប្រកួតឡើយនៅ​ចុងសប្តាហ៍នេះ ដោយសារចក្រភពអង់គ្លេស​ទាំងមូល​ត្រូវ​កាន់ទុក្ខ ក្រោយការយាងសោយព្រះទិវង្គត​របស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី២។ នៅ Serie A ក្រុម Inter Milan, Napoli និង AC Milan សុទ្ធតែបាន៣ពិន្ទុរៀងៗខ្លួន ខណៈ Bayern Munich បាន​ត្រឹម​ស្មើ រីឯ Borussia Dormund  រងនូវការខក​ចិត្ត​ក្នុង Bundesliga ស្របពេល Paris Saint-Germain និង Marseille បន្ត​ប្រដែងពិន្ទុ​គ្នា​លើកំពូល​តារាង Ligue 1៕
 

© រក្សាសិទ្ធិដោយ thmeythmey.com