ជាតិ
ក្រសួងទេសចរណ៍រំពឹងថា នៅឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិកើនដល់២លាននាក់
11, Sep 2022 , 11:29 pm        
រូបភាព
ក្រសួងទេសចរណ៍ រំពឹងថាភ្ញៀវអន្តរជាតិនឹងកើតដល់ ២លាននាក់ក្នុងឆ្នាំ២០២២នេះ(រូបភាពពី៖ ក្រសួងទេសចរណ៍)
ក្រសួងទេសចរណ៍ រំពឹងថាភ្ញៀវអន្តរជាតិនឹងកើតដល់ ២លាននាក់ក្នុងឆ្នាំ២០២២នេះ(រូបភាពពី៖ ក្រសួងទេសចរណ៍)
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖  កម្ពុជាអាចនឹងទទួលភ្ញៀវអន្តរជាតិពី ១,៥ ទៅ២លាននាក់  ក្នុងឆ្នាំ២០២២នេះ  ខណៈរយៈពេលត្រឹម  ៨ខែកម្ពុជាទទួលបានភ្ញៀបអន្តរជាតិជិត ១លាននាក់។  នេះបើតាមការព្យាករណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍។

 
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុបចំនួន ៩៩៨ ២៧២នាក់ កើនឡើង ៧២០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។  ក្នុងនោះផ្លូវអាកាសទទួលបានភ្ញៀវអន្តរជាតិចំនួន ៣៩៦ ៥៩១នាក់ កើនឡើង ៥៩៥ភាគរយ។ ​ ចំណែកផ្លូវគោក និងផ្លូវទឹកទទួលបានភ្ញៀវអន្តរជាតិចំនួន ៦០១ ៦៨១នាក់ កើនឡើង ៨៣១ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ « «យោងតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់»។
 
រដ្ឋមន្រ្តីរូបនេះ បន្ថែមថា​ ភ្ញៀវទេសចរអន្តរជាតិ​ ដែលមកកម្សន្តនៅកម្ពុជា ភាគច្រើនមកពី ប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាម៉េរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី អង់គ្លេស និងប្រទេសឡាវ។
 
សូមបញ្ជាក់ដែរថា រយៈពេល ​៨ខែឆ្នាំ២០២២នេះ កម្ពុជាមានទេសចរផ្ទៃក្នុងប្រមាណ ៨លាន៥០ម៉ឺននាក់ កើនឡើង ២៤៥ភាគរយ។ ក្នុងនោះទេសចរជាតិមានជាង៧.៦លាននាក់ កើនឡើង ២២៦ភាគរយ និងទេសចរបរទេសផ្ទៃក្នុងជាង៨៧ម៉ឺននាក់ កើនឡើង ២៥៣ភាគរយ​ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕
 
 

Tag:
 ThmeyThmey
  ក្រសួងទេសចរណ៍
  ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com