អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេនីថា យោធាខ្លួន៤៩នាក់ស្លាប់ក្នុងការប្រយុទ្ធជាមួយអាស៊ែបៃហ្សង់នៅតំបន់ជម្លោះ Nagorno- Karabakh
13, Sep 2022 , 4:49 pm        
រូបភាព
យោធាអាមេនីឈរយាមព្រំដែនជាមួយអាស៊ែបៃហ្សង់។ រូបថត AFP
យោធាអាមេនីឈរយាមព្រំដែនជាមួយអាស៊ែបៃហ្សង់។ រូបថត AFP
កងកម្លាំងអាស៊ែបៃហ្សង់ និងអាមេនី បានប៉ះទង្គិចគ្នាជាថ្មីនៅដែនដីជម្លោះ Nagorno-Karabakh នៅយប់ថ្ងៃទី១២ ខែកញ្ញា។ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកចំពោះការប៉ះទង្គិចនេះ ដែលអាមេនីអះអាងថា ទាហានខ្លួន៤៩នាក់បានស្លាប់។

 
ជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនីនៅតំបន់ Nagorno-Karabakh ដែលស្ងាត់ជាងពីរឆ្នាំមកហើយ បានផ្ទុះជាថ្មីនៅយប់ថ្ងៃទី១២​​ ខែកញ្ញា។ នេះជាជម្លោះចុងក្រោយលើតំបន់ Nagorno-Karabakh ចាប់តាំងពីឆ្នាំ២០២០មក។ ភាគីទាំងពីរ រុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។
 
«ទីតាំងជាច្រើន ទីជម្រកស្នាក់នៅ និងចំណុចពង្រឹងកងម្លាំងប្រដាប់អាវុធរបស់អាស៊ែបៃហ្សង់ បានរង​ផលប៉ះពាល់ ដោយសារការបាញ់ផ្លោងយ៉ាងខ្លាំងក្លាពីប្រភេទអាវុធផ្សេងៗរួមមានទាំងកាំភ្លើងត្បាល់។ ទីភ្នាក់ងាររុស្ស៊ី Interfax ស្រង់ការប្រកាសរបស់ក្រសួងការពារជាតិអាស៊ែបៃហ្សង់ក្នុងសេចក្ដី​ថ្លែង​ការណ៍មួយបែបនេះ ​រួចបន្តថាការវាយប្រហារនេះបានធ្វើឡើងដោយទាហានរបស់អាមេនី។
 
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអាស៊ែបៃហ្សង់បានអះអាងថា កងកម្លាំងអាមេនីធ្វើ​សកម្មភាព​ស៊ើបការណ៍សម្ងាត់នៅតាមព្រំដែនរបស់ខ្លួនតាំងពីមុនថ្ងៃវាយប្រហារគ្នា ព្រមទាំងបានដឹកជញ្ជូនអាវុធ​ចូលតំបន់នោះ ហើយនៅយប់ថ្ងៃទី១២ ខែកញ្ញាក៏បានធ្វើប្រតិបត្តិការជីកដី​ដើម្បីបង្កប់​គ្រឿងផ្ទុះទៀត។
 
ចំណែកឯក្រសួងការពារជាតិអាមេនីវិញបានបញ្ជាក់ថា ការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លានេះបង្កឡើង​ដោយសារភាគីអាស៊ែបៃហ្សង់ ហេតុដូច្នេះហើយទើបអាមេនីត្រូវវាយប្រហារតបទៅវិញ។ ចំណែកនាយករដ្ឋមន្រ្តី Nikol Pashinyan ប្រាប់សភាអាមេនីថា មានយោធា៤៩នាក់ហើយបានស្លាប់ ហើយនេះមិនមែនជាតួលេខចុងក្រោយឡើយ។
 
បន្ថែមពីលើនេះ រដ្ឋាភិបាល​ទីក្រុងយ៉េរ៉េវ៉ាន់ក៏បានលើកឡើងថា ខ្លួននឹងស្នើសុំកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយរុស្ស៊ី និងពាំនាំបញ្ហាមួយនេះទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលជាប្លុកសន្តិសុខ​ដឹកនាំ​ដោយរុស្ស៊ី ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
 
សូមបញ្ជាក់ថា អាស៊ែបៃហ្សង់ដណ្តើមបានទឹកដីក្នុងតំបន់នេះទៅគ្រប់គ្រងវិញនៅក្នុងការប្រយុទ្ធ​គ្នា​ឆ្នាំ២០២០ ដែលបានបញ្ចប់ដោយបទឈប់បាញ់ជំរុញដោយរុស្ស៊ី។
លើការប៉ះទង្គិចចុងក្រោយនេះ តួកគីក៏នៅតែគាំទ្រអាស៊ែបៃហ្សង់ ហើយប្រាប់ឱ្យអាមេនីបញ្ឈប់សកម្មភាពរបស់ខ្លួន៕
 

Tag:
 អាមេនី
  អាស៊ែបៃហ្សង់
© រក្សាសិទ្ធិដោយ thmeythmey.com