អន្តរជាតិ
ក្រុមស៊ើបអង្កេត UN ថា Facebook បានផ្តល់ព័ត៌មានឧក្រិដ្ឋកម្មសង្រ្គាមនៅមីយ៉ាន់ម៉ាជាច្រើន ប៉ូលិសមីយ៉ាន់ម៉ា ល្បាតក្នុងភូមិមូស្លីមមួយនៅរដ្ឋ Rakhine ។ រូបថត AFP
× ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើបញ្ហានៅមីយ៉ាន់ម៉ាប្រកាសនៅថ្ងៃទី១២ ខែកញ្ញាថា ក្រុមហ៊ុន Facebook បានផ្តល់ព័ត៌មានរាប់លានករណីដែលអាចប្រើជាព័ស្តុតាងគាំទ្រការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ាបាន។
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (IIMM) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) នៅឆ្នាំ២០១៨ ដើម្បីកសាងសំណុំរឿងប្តឹងទៅតុលាការថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ យន្តការស៊ើបអង្កេតនេះចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៩ ស្របពេលមីយ៉ាន់ម៉ាត្រូវបានហ្គំប៊ីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍អំឡុងការបង្រ្កាបដោយយោធាលើជនភាគតិចរ៉ូហ៊ីងយ៉ានៅឆ្នាំ២០១៧។
« Facebook បានផ្តល់ឱ្យយន្តការ (IIMM) នូវសំណុំរឿងរាប់លានករណីពីបណ្តាញគណនីដែលត្រូវបានដកចេញពីក្រុមហ៊ុន ពីព្រោះពួកគេមិនបញ្ជាក់អត្តសញ្ញាណច្បាស់»។ លោក Nicholas Koumjian ប្រធាន IIMM ថ្លែងបែបនេះទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅថ្ងៃទី១២ ខែកញ្ញា។
ជាមួយសំណុំរឿងពី Facebook និងព័ត៌មានផ្សេងៗទៀតពីជាង ២០០ ប្រភព IIMM បានរៀបចំកញ្ចប់ព័ស្តុតាង និងការវិភាគវែកញែកចំនួន៦៧ហើយ។ បើតាមលោក Koumjian កញ្ចប់ព័ត៌មានទាំងនេះនឹងយកទៅផ្តល់ឱ្យស្ថាប័នតុលាការរួមមាន ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជាដើម។
លោកស្រី Miranda Sissons ប្រធានគោលនយោបាយសិទ្ធិមនុស្សនៅក្រុមហ៊ុន Meta បញ្ជាក់ក្នុងសារអ៊ីមែលមួយថា ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានផ្តល់ព័ត៌មានដោយស្របច្បាប់ និងស្ម័គ្រចិត្តទៅយន្តការស៊ើបអង្កេត IIMM ក៏ដូចជាបង្ហាញព័ត៌មានជាសាធារណទៅហ្កំប៊ី ដែរ។
សូមបញ្ជាក់ថា ការបង្រ្កាបដោយយោធាលើជនភាគតិចរ៉ូហ៊ីងយ៉ានៅឆ្នាំ២០១៧ បង្កជាការវាយប្រហារ និងអំពើហិង្សាយ៉ាងឃោរឃៅនៅរដ្ឋរ៉ាឃីនដែលតាំងពីនោះជនភាគតិចរ៉ូហ៊ីងយ៉ាជិត១លាននាក់ត្រូវបង្ខំភៀសខ្លួនទៅបង់ក្លាដែស។ បន្ថែមពីលើ ICJ និង ICC ក៏បានបើកសំណុំរឿងពាក់ព័ន្ធនឹងការនិរទេស និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផ្សេងទៀតចំពោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផងដែរ។
កន្លងមក មីយ៉ាន់ម៉ាបានច្រានចោលបទចោទទាក់ទងអំពើប្រល័យពូជសាសន៍នេះដោយអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនធ្វើប្រតិបត្តិការស្របច្បាប់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com