កីឡាអន្តរជាតិ
អន្តរជាតិ
Karius វិលត្រលប់ទៅ Premier League វិញ​ ដោយចូលរួមជាមួយ Newcastle
13, Sep 2022 , 6:29 pm        
រូបភាព
អ្នកចាំទី Loris Karius ថ្ងៃទី១២ ខែកញ្ញា បានវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញហើយ ក្រោយចូលរួមជាមួយ Newcastle United ជាមួយកិច្ចព្រមព្រៀងរហូតដល់ខែមករា។



កីឡាករចាំទីវ័យ ២៩ឆ្នាំ មិនមានក្រុមលេងចាប់តាំងពីចេញពីក្រុម Liverpool នៅពេលថ្ងៃបញ្ចប់រដូវកាល២០២១-២២ ។ ការមកកាន់ទឹកដី St Jame’s Park ជាអ្នកចាំទីដៃទី២ ជំនួសអ្នកចាំទីដៃទី២ Karl Darlow ដែលរងរបួសដាច់សរសៃកជើង ខណៈ​អ្នកចាំទីដៃទី១ នៅតែជា Nick Pope។
 
អវត្តមានរបស់អ្នកចាំទី ​Darlow រហូតដល់ខែវិច្ឆិកា អាចក្លាយជាឱកាសថ្មីមួយសម្រាប់ Karius បង្ហាញសមត្ថភាពជាថ្មីម្តងទៀតនៅលីគកំពូលអង់គ្លេស ខណៈ Pope កំពុងតែព្យាយាមបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីអាចទាក់ទាញចិត្តអ្នកចាត់ការក្នុងការបន្តកុងត្រាថ្មីដល់រូបនេះគេពេលចប់រដូវកាលដូចគ្នា។
 
Loris Karius ជាអតីតអ្នកចាំទី Liverpool ដែលបានបង្កើតកំហុស២ដងក្នុងការប្រកួតទល់ក្រុម Real Madrid វគ្គផ្តាច់ព្រ័ត្រ Champions League កាលឆ្នាំ ២០១៨ នាទីក្រុងកៀវ​​។ Real Madrid ឈ្នះ Liverpool លទ្ធផល​​ ៣-១ គ្រងជើងឯក UCL លើកទី១៣។ ក្រោយពេលការបង្កកំហុសទាំងនោះ Karius រូវបានក្លិបបញ្ជូនឱ្យក្រុមនៅតួកគីខ្វីជើង និងរួចទៅលេងនៅអាល្លឺម៉ង់។​
 
អ្នកចាត់ការ Newcastle លោក Eddie Howe សរសើរ Karius ថាជាអ្នកចាំទីល្អមួយរូបជាមួយបទពិសោធន៍នៅ Premier League និងអឺរ៉ុប។
 «Loris គឺជាអ្នកចាំទីមួយរូបដែលមានបទពិសោធច្រើនទាំងនៅ Premier League និង​តំបន់អឺរ៉ុប។ រូបគេនឹងនាំមកនៅការប្រកួតប្រជែង ក៏ដូចជាការគាំទ្រដ៏សំខាន់នៃក្រុមរដូវកាលនេះ។» នេះជាសម្តីលោក Howe។
 
អតីតអ្នកចាំទីហង្សក្រហមរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តខ្លាំងដែលទទួលបានឱកាសថ្មីបែបនេះ។
«ខ្ញុំសប្បាយចិត្តខ្លាំងណាស់ វាជាឱកាសដ៏ល្អបំផុតមួយសម្រាប់ខ្ញុំដែលបានចូលរួមជាមួយគម្រោងរបស់ក្រុម Newcastle ។ទីនេះមានគ្រូបង្វឹកមួយដ៏ល្អ និងការលេងពិតជាគួរចាប់អារម្មណ៍។»។ Kurius បាននិយាយបែបនេះក្រោយការចុះកិច្ចព្រមព្រៀង។
 
ការប្រកួតបន្ទាប់របស់ Newcastle នឹងត្រូវស្វាគមន៍ក្រុម AFC Bournemouth នៅថ្ងៃទី១៧ ខែកញ្ញា៕
 
 

Tag:
 Premier League
  Loris Karius
© រក្សាសិទ្ធិដោយ thmeythmey.com