ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ប្រចាំខែដល់ពលរដ្ឋជិត២ពាន់គ្រួសារ ដែលព្រមផ្លាស់ទីទៅភូមិធម្មជាតិរុនតាឯក
13, Sep 2022 , 9:59 pm        
រូបភាព
សៀមរាប៖ ថ្លែងទៅកាន់ពេលជាង១ពាន់នាក់ នាភូមិតានី ឃុំរុនតាឯក ដែលជាទីតាំងនៃការរៀបចំគោលនយោបាយដោះស្រាយពលរដ្ឋសង់សំណង់មិនរៀបរយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សម្ដេច ហ៊ុន សែន បានប្រកាសអភិវឌ្ឍន៍ភូមិនេះ ឱ្យក្លាយជាទីប្រជុំមួយនាពេលអនាគត។ បន្ថែមពីនេះ ពលរដ្ឋជិត២ពាន់គ្រួសារ ដែលស្ម័គ្រចិត្តផ្លាស់ទីពីតំបន់អង្គរមកទីតាំងថ្មីនេះ នឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភប្រចាំខែបណ្ណក្រក្រី និងបណ្ណសម្រាប់ស្រ្តីមានផ្ទៃពោះ ដែលសម្ដេច ហ៊ុន សែន អះអាងថា រដ្ឋធានាផ្តល់ជូនក្នុងរយៈពេល១០ឆ្នាំ។

 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន​ សែន បានដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលនឹងត្រូវមកតាំងទីថ្មីនៅតំបន់ភូមិធម្មជាតិរុនតាឯក។ គោលនយោបាយទាំងនោះ រួមមាន ការធានានូវការដឹកជញ្ជូនសម្ភារពីទីតាំងចាស់មកទីតាំងថ្មី ក្រោយតំបន់ត្រូវបានឈូសឆាយរួច ការផ្តល់ថវិកា ១លាន២សែនរៀល ស័ង្កសី៣០សន្លឹក ដើម្បីរួមចំណែកកសាងលំនៅឋាន និងផ្តល់បណ្ណក្រីក្រ និងបណ្ណស្រ្ដីមានផ្ទៃពោះ ដែលការផ្តល់ជូននេះ ទាំងពលរដ្ឋទើបស្ម័គ្រចិត្តមកថ្មីនៅភូមិត្រពាំងសេស និងទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងពលរដ្ឋ ៥៩៤គ្រួសារ ដែលរើពីតំបន់មាត់ស្ទឹងសៀមរាប ក្នុងឆ្នាំ២០២០ផង។ ហើយការផ្តល់ជូននេះ នឹងចាប់ផ្តើមពីខែ តុលាតទៅ។ 

 
ក្រៅពីនេះ សម្ដេច ហ៊ុន សែន ប្រកាសពីការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធមួយចំនួនទៀត ដូចជារៀបចំផ្លូវកៅស៊ូក្នុងភូមិ ប្រព័ន្ធទឹកស្អាត អគ្គិសនី និងប្រព័ន្ធលូទឹកស្អុយជាដើម។ល។ 
 
នាពិធីនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នាបរិវេណសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក សម្ដេចនាយករដ្ឋមន្រ្តីបានប្រកាសពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពាររមណីយដ្ឋានអង្គរក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយមិនឱ្យដកចេញជាដាច់ខាត ដើម្បីប្រយោជន៍ជាតិទាំងមូល។ សម្ដេចក៏បានអរគុណដល់អ្នកស្ម័គ្រចិត្តមកនៅភូមិថ្មី និងប្រកាសរៀបចំដីនៅតំបន់ពាក់ស្នែង ស្រុកអង្គរធំ មួយកន្លែងទៀតទំហំជាង ៥០០ហិកតា សម្រាប់ការត្រៀមដល់ពលរដ្ឋដែលនឹងបែកគ្រួសារពីតំបន់អង្គរផងដែរ ដែលបច្ចុប្បន្នដីនៅតំបន់រុនតាឯក ១៣០០ហិកតា អាចដាក់ពលរដ្ឋបានប្រមាណ៦ពាន់គ្រួសារ៕




   
 
 
 

Tag:
 ភូមិធម្មជាតិរុនតាឯក
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com