កីឡាជាតិ
ជាតិ
កីឡាម៉ូតូទឹក៖ សហព័ន្ធនឹងដោះស្រាយបញ្ហាជូនកីឡាករ ប៉ុន្តែកីឡាករត្រូវប្រឹងប្រែងប្រកួតដើម្បីជាតិ
14, Sep 2022 , 8:59 am        
រូបភាព
កីឡាករ សាលី អ៊ូមើត និងក្រុមកីឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍ Jet Ski World Cup World Series 2020-2021 រូបពី សាលី អ៊ូមើត
កីឡាករ សាលី អ៊ូមើត និងក្រុមកីឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍ Jet Ski World Cup World Series 2020-2021 រូបពី សាលី អ៊ូមើត
 លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបញ្ចាក់ថា សហព័ន្ធ កំពុងពង្រឹងបន្ថែមកិច្ចការរដ្ឋបាល ជាពិសេសយកចិត្តទុកដាក់លើកីឡាករ។ ការលើកឡើងរបស់លោក ស្លេះ បន្ទាប់ពីមានកីឡាករម៉ូតូទឹកមួយចំនួន មិនពេញចិត្តចំពោះសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដោយចោទថាសហព័ន្ធមិនយកចិត្តទុកដាក់លើកីឡាករ។ ប្រធានរូបនេះ ឆ្លើយតបទៀតថាសហព័ន្ធ នឹងដោះស្រាយបញ្ហាសម្រាប់កីឡាករ ប៉ុន្តែកីឡាករ ត្រូវតែប្រកួតដោយឆន្ទៈដើម្បីមុខមាត់ជាតិ។

 
កន្លងមកមានការរិះគន់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាថាមិនបានយកចិត្តទុកដាក់លើកីឡាករ ក៏ដូចជាមិនបានទិញសម្ភារ និងឧបករណ៍ប្រើប្រាស់ ជាពិសេសមិនរៀបចំឲ្យ កីឡាករអាចហ្វឹកហាត់ ក្នុងប្រទេស ដោយត្រូវហ្វឹកហាត់ជាមួយក្លិបនៅប្រទេសក្រៅវិញជាដើម។
 
ឆ្លើយតបនឹងការរិះគន់ខាងលើ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា សហព័ន្ធម៉ូតូទឹក តែងសម្រួលដល់កិច្ចការរដ្ឋបាលផ្សេងៗ ដូចជាការសុំ Visa និងការបញ្ជាក់ឯកសារណាមួយ សម្រាប់ប្រកួតអន្ដរជាតិនៅក្រៅប្រទេស។ 


លោក ណុះ ស្លះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងកម្មវិធីសម្ភោធ អាគារសិក្សាមួយជីវិត នៅក្រុងប៉ោយប៉ែត ថ្ងៃទី២ ខែកញ្ញា រូបពី លោក ណុះ ស្លេះ
 
ប្រធានរូបនេះ ក៏បានប្រាប់ដែរថា សហព័ន្ធមានការសោកស្ដាយ ចំពោះបញ្ហាមានការតវ៉ាពីសហព័ន្ធម៉ូតូទឹកថៃ មិនឲ្យកីឡាករកម្ពុជាប្រកួត លើវិញ្ញាសាសក្ដានុពល នៅប្រទេសប៉ូឡូញ ក្នុងព្រឹត្តិការណ៍​ World Series 2022 ជុំទី១ កាលពីថ្ងៃទី១៩-២៤ ខែកក្កដា ដោយក្រោមហេតុផលខ្លាចកម្ពុជា ឈ្នះជើងឯក។ សហព័ន្ធម៉ូតូទឹកកម្ពុជា មិនបានជួយសម្រួលដល់កីឡាករកម្ពុជា ភ្លាមៗក្នុងព្រឹត្តិការណ៍នោះ ព្រោះ Visa ទទួលបានយឺត ហើយចំពេលដែលសហព័ន្ធ មមាញឹកក្នុងសកម្មភាពជាតិ។ 
 
ប្រធានរូបនេះ បន្ថែមថា សម្រាប់ការប្រកួតជុំទី២ World Series 2022 នៅសហរដ្ឋអាមេរិក សហព័ន្ធ នឹងបញ្ចូនមន្ដ្រី ទៅចូលរួមជាមួយកីឡាករ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលផ្សេងៗ និងជាការផ្ដល់កម្លាំងចិត្តដល់កីឡាករកម្ពុជា ហើយម្យ៉ាងវិញទៀត ក៏ទៅពិភាក្សាជាមួយសហព័ន្ធម៉ូតូទឹកអន្ដរជាតិ ដើម្បីរៀបចំការប្រកួតវិញ្ញាសាកីឡានេះ ឲ្យបានល្អ ចំពោះស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ។
 
ដោយឡែក សហព័ន្ធ ក៏បានយកចិត្តទុកដាក់ចំពោះការបណ្ដុះបណ្ដាលកីឡាករថ្នាល ឲ្យមានសមត្ថភាពខ្លាំង ដើម្បីអាចបន្ដវេន ពីកីឡាករកម្ពុជា ដែលមានសមត្ថភាពខ្លាំងៗនាពេលបច្ចុប្បន្ននេះ។ «ក្រោយពេល ប្រកួតកីឡាជាតិ យើង នឹងឃើញមានកីឡាករខ្លាំងៗជាច្រើន ដែលយើងអាចចាត់ទុកថា ជាថ្នាល់កីឡាករ សម្រាប់កម្ពុជា។»។ លោក ណុះ ស្លេះ បាននិយាយបែបនេះ។
 
កីឡាករកម្ពុជា ៦រូប នឹងត្រូវទៅប្រកួត World Series 2022 ជុំទី២ នៅសហរដ្ឋអាមេរិក ថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២២។ កីឡាករ ៦រូបនោះ មាន សាលី អ៊ូមើត, ម៉ីន មូសស្ដាន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី។ 
 
សាលី អ៊ូមើត បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនបានត្រៀម ៣វិញ្ញាសា ប្រសិនជាភាគីថៃ នៅតែទាមទារមិនឲ្យប្រកួត  លើវិញ្ញាសា Expert Ski GP តែខ្លួនក៏មានវិញ្ញាសា ផ្សេងប្រកួតផងដែរ។ កីឡាកររូបនេះ បន្ថែមថា នឹងត្រៀមលក្ខណៈឲ្យបានរួចរាល់ ទាំងការរៀបចំម៉ូតូ ការហ្វឹកហាត់ និងការសម្រាកឲ្យបានត្រឹមត្រូវ ដើម្បីសម្រេចឲ្យបានជោគជ័យនៅជុំនេះ។
 
គួរបញ្ជាក់ថា ការប្រកួតជុំទី២ នឹងធ្វើនៅទឹកដីអាម៉េរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា និងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ជុំទី១ កីឡាករកម្ពុជាទាំងពីររូប គឺ សាលី អ៊ូមើត និង ម៉ីន មូស្ដាន ធ្វើមិនបានល្អទេ ដោយ​គណៈកម្មការរៀបចំបដិសេធចំពោះការចុះឈ្មោះលើវិញ្ញាសា ដែលពួកគេមានសក្ដានុពល។ ការបដិសេធនេះ ព្រោះមានការតវ៉ាពីភាគីម៉ូតូទឹកថៃ ក្រោមហេតុផលថា កីឡាករកម្ពុជា ឈ្នះពានរង្វានច្រើនលើក លើវិញ្ញាសាមួយនេះ។ ដោយឡែក កីឡាករ៤ផ្សេងទៀត កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី មិនបានចូលរួមប្រកួតជុំទី១ ព្រោះមិនអាចជួលម៉ូតូទឹកនៅប្រទេសប៉ូឡូញបាន៕
 

Tag:
 កីឡាម៉ូតូទឹក
  សាលី អ៊ូមើត
  ណុះ ស្លេះ
© រក្សាសិទ្ធិដោយ thmeythmey.com