កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែ៖ លោក ឃឹម ប៊ុនសុង ស្នើអាជ្ញាកណ្តាល ចៅក្រម កាត់ក្តីឱ្យសុក្រឹត
14, Sep 2022 , 11:29 am        
រូបភាព
កីឡាករគុនខ្មែរក្នុងពិធីសន្និសីទសារព័ត៌មាន។ រូបពី CAMSOC
កីឡាករគុនខ្មែរក្នុងពិធីសន្និសីទសារព័ត៌មាន។ រូបពី CAMSOC
ដោយ:
លោក ឃឹម ប៊ុនសុង ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ សំណូមពរគណៈកម្មការរៀបចំការប្រកួតកីឡាករប្រដាល់គុនខ្មែរធ្វើយ៉ាងណាឱ្យន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមត្រូវមានតម្លាភាព និងយុត្តិធម៌ នៅពេលកាត់សេចក្តី។ លោក ប៊ុនសុង ស្នើដូច្នេះក្នុងសន្និសីទសារព័ត៌មានបើកកម្មវិធី «ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់សម្តេចពិជ័យសេនា» នៅថ្ងៃទី១៣ ខែកញ្ញា។

 
កីឡាករប្រដាល់គុនខ្មែរ ៨រូបត្រូវបានបែកចែកជា២ពូល ក្នុងនោះពូលA1 ត្រូវជួបប្រកួតជាមួយA2 និងA3 ប្រកួតតទល់នឹងA4 ចំណែកពូលB ក៏ដូចគ្នា។ ជំនួបប្រកួតថ្ងៃបើកឆាកមានពីរគូ គឺកីឡាករ ឃុន បូរ៉ា ត្រូវប្រកួតជាមួយ គង់ ហូវ និងទូច ដេវីត ជួប សូត្រ វាសនា។ ក្រៅពីគូដណ្តើមខ្សែក្រវាត់២គូនេះហើយ និងមាន៣គូទៀតវាយអមក្នុងកម្មវិធីប្រកួត។


លោក ឃឹម ប៊ុនសុង (ឆ្វេងទី២រាប់ពីឆ្វេងទៅស្តាំ)ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន។រូបពី CAMSOC
 
ចំណែកគូសប្តាហ៍បន្ទាប់ ឡុង ជិន ប្រកួតទល់នឹងកីឡាករ សៀវ ង៉ុយ និងរិន ដេវីត ជួប ឈុត វ៉ាន់ថង។ ការប្រកួតនឹងជម្រុះវិលជុំរកជើងខ្លាំង៤រូប ប្រជែងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ដែលមានតម្លៃស្មើផ្ទះវីឡាភ្លោះមួយខ្នង និងប្រាក់រង្វាន់៦០០០០០០៛(ប្រាំមួយលានរៀល) ចំណែកលេខពីរទទួលបានដីឡូតិ៍ទំហំ១០x២០ម៉ែត្រ ប្រាក់អម ៥០០០០០០៛(ប្រាំលានរៀល) ខណៈលេខបីដីឡូតិ៍ទំហំ ៥x២០ម៉ែត្រ ប្រាក់អម៤០០០០០០៛(បួនលានរៀល) និងលេខបួនដីឡូតិ៍ទំហំ ៥x២០ម៉ែត្រ ៣០០០០០០៛(បីលានរៀល)។
 
ក្នុងពិធីសន្និសីទសារព័ត៌មាននោះដែរលោក ឃឹម ប៊ុនសុង ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទសំណូមពរទៅដល់គណៈកម្មការរៀបចំការប្រកួតធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ។ «មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមក៏ត្រូវយកចិត្តទុកដាក់នូវភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាយកអស់លទ្ធភាពប្រកបដោយឆន្ទៈក្រមសីលធម៌ និងវិជ្ជាជីវៈជាពិសេសក្នុងពេលកាត់សេចក្តី»។ លោក ឃឹម ប៊ុនសុង និយាយដូច្នេះ។
 
លោក ប៊ុនសុង សង្កត់ធ្ងន់ថាអាជ្ញាកណ្តាលត្រូវតែមានភាពសុក្រឹតដើម្បីឱ្យការឈ្នះរបស់កីឡាករមានកិត្តិយស៖«យើងក៏អាចយោគយល់គ្នាបានថាយើងធ្វើអ្វីឱ្យមានភាពយុត្តិធម៌ក្នុងការប្រកួតពានរង្វាន់សម្តេចពិជ័យសេនានេះដើម្បីលើកកម្ពស់មុខជំនាញវិជ្ជាជីវៈរបស់យើងឱ្យបានពិតប្រាកដ ដើម្បីឱ្យម្ចាស់ពានរបស់យើងទទួលពានដោយសច្ចៈយុត្តិធម៌»។ លោកបានបន្ថែមយ៉ាងដូច្នេះ។
 
គួបញ្ជាក់ថា ជំនួបបើកឆាកដំបូងវគ្គជម្រុះក្នុងពូលមាន២គូ និងមានកីឡាករ៣គូទៀតវាយអមក្នុងកម្មវិធីផងដែរ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា នាសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ឃឹម ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com