កីឡាជាតិ
ជាតិ
AFC U20 Asian Cup៖ កម្ពុជា ជួបលីបង់ជាលើកដំបូង ក្នុងជំនួបបើកឆាកពូល I នៅម៉ោង៧យប់នេះ
14, Sep 2022 , 1:59 pm        
រូបភាព
ក្រុមកីឡាករបាល់ទាត់អាយុក្រោម២០ឆ្នាំកម្ពុជា ហ្វឹកហាត់មុនជួបលីបង់។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមកីឡាករបាល់ទាត់អាយុក្រោម២០ឆ្នាំកម្ពុជា ហ្វឹកហាត់មុនជួបលីបង់។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ នឹងត្រូវប្រកួតបើកឆាកពូល I ទល់លីបង់ ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ AFC U20 Asian Cup នាកីឡដ្ឋាន Pamir Stadium ក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៧ និង០០នាទីយប់ [ ម៉ោងនៅកម្ពុជា]។ ក្រុមទាំងពីរមិនធ្លាប់ជួបគ្នាពីមុនឡើយ ខណៈស្ថិតិ៣ប្រកួតចុងក្រោយកម្ពុជាល្អជាងលីបង់។

 
ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំកម្ពុជា ពុំដែលជួបលីបង់ ឡើយនាពេលកន្លងមក។ ៣ប្រកួតចុងក្រោយរបស់គោព្រៃកម្ពុជា ចាញ់ម៉ាឡេស៊ី ​២-១ ឈ្នះឡាវ ២-១ និងចាញ់ទីម័រខាងកើត ៤-១។ ក្រុមគោព្រៃជំទង់កម្ពុជាដែលមានគ្រូបង្វឹកលោក Koji Kyotoku និងគ្រូជំនួយលោក ខាន់ កាត់ មានកីឡាករលេចធ្លោមួយចំនួនដូចជា ស៊ិន សុវណ្ណមករារបស់ ព្រៃវែង អេហ្វស៊ី និងសុវណ្ណ ដូណា របស់អង្គថាយហ្គឺរជាដើម។


ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំលីបង់ ពេលត្រៀមខ្លួនចេញហ្វឹកហាត់មុនប្រកួតទល់នឹងកម្ពុជា។ រូបពីក្រុមបាល់ទាត់អាយុក្រោម២០ឆ្នាំ លីបង់

ចំណែកលីបង់ ៣ប្រកួតចុងក្រោយរបស់គេកន្លងមកចាញ់ទាំង៣ប្រកួត។ ក្នុងនោះ ចាញ់អាល់ហ្សេរី ២-១ ចាញ់លីប៊ី ២-០ និងចាញ់ស៊ូដង់ ៣-១។ លីបង់ដែលដឹកនាំដោយគ្រូបង្វឹកលោក Sheikh Ahmed Aladdin  និងគ្រូជំនួយលោក Rabee Amairat មានកីឡាករ កំពុងបង្ហាញទម្រង់លេងល្អដូចជា Mahamad Sadek ប្រកបអាជីពនៅក្លិប AC Sporting Beirutប្រទេសលីបង់ជាដើម។ បើនិយាយពី៣ប្រកួតចុងក្រោយដូចគ្នាកម្ពុជា មានភាពល្អប្រសើរជាងពោលឈ្នះ១ ចាញ់២ ចំណែកលីបង់ចាញ់ទាំង៣ប្រកួត។
 
គួបញ្ជាក់ថា បន្ទាប់ពីការប្រកួតទល់នឹងក្រុមលីបង់ កម្ពុជាត្រូវប្រកួតបន្តជាមួយមិត្តរួមតំបន់អាស៊ានគឺត្រូវជួបក្រុមសិង្ហបុរី នៅថ្ងៃទី១៦ និងថ្ងៃទី១៨ ខែកញ្ញា ជួបមិត្តរួមពូលម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន នាទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន៕
 

Tag:
 បាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com