Richard Hadfield ជាអតីតសមាជិកក្រុម Collabro ដែលបានឈ្នះពាន Britain’s Got Talent កាលពីឆ្នាំ២០១៤។ កាលពីចុងសប្តាហ៍កន្លងមក ទូរទស្សន៍ ITV បានចាក់ផ្សាយពីកម្មវិធីប្រឡងចម្រៀង The Voice UK ដោយបង្ហាញវត្តមានតារាចម្រៀងរូបនេះ ធ្លាក់នៅវគ្គ Blind Audition ក្រោយគ្មានសមាជិកគណៈកម្មការណាម្នាក់សោះ ចុចបង្វិលកៅអីជ្រើសរើសយករូបគេ។
«តើត្រចៀកគណៈកម្មការទាំងនោះ មានបញ្ហាមែនទេ? ពួកគេឮយ៉ាងម៉េចទៅវិញ?»។ នេះជាសារមួយក្នុងចំណោមសាររិះគន់ជាច្រើននៅលើបណ្តាញសង្គម ក្រោយពេលដែល Richard Hadfield ត្រូវចាកចេញពីកម្មវិធី The Voice UK តាំងពីវគ្គដំបូង Blind Audition។
Richard អតីតសមាជិកក្រុមតន្ត្រី Collabro ដែលបានឈ្នះពាន BGT កាលពីឆ្នាំ២០១៤ រូបនេះ បានច្រៀងបទ I (Who Have Nothing) របស់ Shirley Bassey និងជាបទដែល Sir Tom Jones សមាជិកគណៈកម្មការមួយរូប ធ្លាប់ទទួលបានភាពល្បីល្បាញ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំឡេងរបស់ Richard មិនបានទាក់ទាញ Sir Tome Jones និងសមាជិកគណៈកម្មការបីរូបទៀត រួមមាន will.i.am, Olly Murs និង Anne Marie បង្វិលកៅអីជ្រើសរើសយករូបគេធ្វើជាកូនក្រុមដើម្បីឈានទៅវគ្គបន្តនោះឡើយ។ Richard បានធ្លាក់ចេញពីវគ្គ Blind Audition ទាំងខកចិត្ត ខណៈពិធីការិនី Emma Willis ក៏មិននឹកស្មានដល់នោះដែរ។
អ្នកតាមដាន The Voice UK បាននាំគ្នារិះគន់ពេញបណ្តាញសង្គម ជាពិសេស Twitter ដោយពួកគេយល់ថាសំឡេងរបស់ Richard មិនសមធ្លាក់នោះឡើយ។ មតិខ្លះបានលើកឡើងថា ជាការរៀបចំទុករបស់កម្មវិធីក្នុងការទម្លាក់បេក្ខជន រីឯអ្នកខ្លះទៀតចាត់ទុកដូចជាការកំប្លែង។